រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនឆ្នាំ និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរ ដែលបានបាត់បង់ត្រឡប់មកកម្ពុជាវិញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក István Zelnik ស្តីពីការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ ដែលលោក Zelnik កំពុងកាន់កាប់ជូនមកកម្ពុជាវិញ ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឱ្យដឹងថា លោក István Zelnik ជាជនជាតិហុងគ្រី និងជាអ្នកកាន់កាប់សមុច្ច័យឯកជនមួយរូប ដែលបានប្រមូលវត្ថុសិល្បៈនៅក្នុងតំបន់អាស៊ី រួមទាំងវត្ថុសិល្បៈខ្មែរផងដែរអស់រយៈពេលជាច្រើនទសវត្សរ៍ ។
លោកបានបង្កើតវិទ្យាស្ថានអាស៊ីអាគ្នេយ៍ហុងគ្រី (Hungarian Southeast Asian Institute) នៅដើមទសវត្សរ៍ឆ្នាំ២០០០ ។ ក្រោមក្របខណ្ឌនៃវិទ្យាស្ថាននេះ ការស្រាវជ្រាវវិទ្យាសាស្ត្រសំខាន់ៗត្រូវបានអនុវត្តនៅតំបន់អង្គរ និងកោះកេរ ដោយមានការឧបត្ថម្ភថវិកាពីលោក Zelnik រួមទាំងការធ្វើអង្កេតបុរាណវិទ្យា ការស្រាវជ្រាវដោយបច្ចេកវិទ្យា (LIDAR) និងការសិក្សាប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែង ទាំងនេះបានរួមចំណែកផងដែរ ដល់ការរៀបចំឯកសារដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
ក្រសួងវប្បធម៌បានឱ្យដឹងដែរថា ក្នុងចំណោមវត្ថុសិល្បៈខ្មែរសំខាន់ៗ ដែលបានព្រមព្រៀងប្រគល់មកកម្ពុជាវិញនាពេលនេះមានជាអាទិ៍៖ វាយនភណ្ឌសូត្រខ្មែរចំនួន១៨៣ផ្ទាំង ដែលជាគំរូសូត្រខ្មែរដ៏ល្អពិចិត្រមួយ សម្រាប់សមុច្ច័យវាយនភណ្ឌរបស់សារមន្ទីរជាតិកម្ពុជា និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហៈធាតុមានតម្លៃ សំរិទ្ធ ថ្ម និងដីដុត ដែលភាគច្រើនត្រូវបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅ។ ក្នុងនោះដែរ ក៏មានសមុច្ច័យសំខាន់ៗមួយចំនួនទៀតដូចជា វត្ថុធ្វើពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ។
គួរបញ្ជាក់ថា លោក Zelnik ដែលបច្ចុប្បន្នលោកមានអាយុជាង៧០ឆ្នាំហើយ ក្នុងការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ជូនមកកម្ពុជាវិញ ។ នាពេលកន្លងមក លោក Zelnik ក៏ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរមួយចំនួនជូនមកកម្ពុជាវិញ និងបានចូលរួមវិភាគទាន ដ៏សំខាន់ក្នុងគម្រោងស្រាវជ្រាវបុរាណវិទ្យា និងការបោះពុម្ពស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនផងដែរពាក់ព័ន្ធនឹងបេតិកភណ្ឌវប្បធម៌សិលាចារឹក និងសិល្បៈខ្មែរសម័យទំនើប៕
ចែករំលែកព័តមាននេះ