ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវ​ជាង​១០០​ខ្សែ ត្រូវ​បាន​រំលោភ​ធ្វើ​អាជីវកម្ម​ លោកអភិបាល​រាជធានី​ភ្នំពេញ ណែនាំ​ឱ្យ​គ្រប់​ខណ្ឌ ត្រូវ​ដោះស្រាយ​ការ​រំលោភ​នេះ

12 ម៉ោង មុន

រាជធានីភ្នំពេញ ​៖ លោក ឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​អភិបាល​ខណ្ឌ​ទាំង​១៤ យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​បំផុត លើក​ការ​ដោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍ ពិសេស​ការ​ចត​យានយន្ត​គ្មាន​សណ្តាប់ធ្នាប់​ និង​ការ​រំលោភ​ទ្រូងផ្លូវ​…

រាជធានីភ្នំពេញ ​៖ លោក ឃួ​ង ស្រេង បាន​ណែនាំ​ឱ្យ​អភិបាល​ខណ្ឌ​ទាំង​១៤ យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​បំផុត លើក​ការ​ដោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍ ពិសេស​ការ​ចត​យានយន្ត​គ្មាន​សណ្តាប់ធ្នាប់​ និង​ការ​រំលោភ​ទ្រូងផ្លូវ​ និង​ចិញ្ចើម​ផ្លូវ​ពី​សំណាក់​អាជីវករ​មួយ​ចំនួន ខណៈ​កំណាត់​ផ្លូវ​តូច​ធំ ចំនួន​១០៨​ផ្លូវ ត្រូវ​បាន​គេ​រំលោភ​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ និង​របៀបរៀបរយ បណ្តាល​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ ។

លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​ណែនាំ​បែប​នេះ​ បាន​ធ្វើ​ឡើងនា​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការងារ​រៀបចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ជាមួយ​កងកម្លាំង​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ​នៅ​សាលា​រាជធានី​ភ្នំពេញ​ ខណៈ​ដែល​លោក​ដឹកនាំ​ការ​ប្រជុំ ​។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ តាម​ការ​សង្កេត​ជាក់ស្តែង​ក្នុង​១​ស​ប្តា​ហ៍ ​កន្លង​មកនេះ នៅ​រាជធានី​ភ្នំពេញ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ពិសេស​នៅ​លើ​បណ្តោយ​ផ្លូវ​ធំ​ៗ​ និង​ផ្លូវ​ចេញចូល​រាជធានី​ភ្នំពេញ​។ តាម​ការ​សិក្សា ការ​កកស្ទះ​ចរាចរណ៍​នេះ គឺ​បណ្តាល​មក​ពី​ការ​ចត​យានយន្ត​ មិន​មាន​សណ្តាប់ធ្នាប់ ​និង​មួយ​ចំនួន​ទៀត​បណ្តាល​មក​ពី​ប្រជាពលរដ្ឋ​មក​ពី​ប្រទេស​ថៃ​ និង​មក​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត សម្រុក​មក​ភ្នំពេញ​ ដើម្បី​រក​ការងារ​ធ្វើ ​។

លោក ឃួ​ង ស្រេង បាន​បន្ត​ថា​ ចំពោះ​ការ​កកស្ទះ​ចរាចរណ៍​នេះ អភិបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​បំផុត​ ក្នុង​ការ​ដោះស្រាយ​ឱ្យ​ប្រសើរ​ឡើង ជៀសវាង​ឱ្យ​បាន​នូវ​ការ​ថ្នាំងថ្នាក់​ពី​សំណាក់​ប្រជាពលរដ្ឋ ពិសេស​មើល​នៅ​តាម​សាលារៀន​ឯកជន​មួយ​ចំនួន ដោយ​សាលា​ទាំងនេះ ក្នុង​១​ថ្ងៃ​ បាន​ស្ទះចរាចរណ៍​រហូត​៤​ដង​។ ​បន្ថែម​ពី​នេះ ​ត្រូវ​ត្រួតពិនិត្យ​ និង​ចាត់វិធានការ​ចំពោះ​ការ​ចត​យានយន្ត មិន​មាន​សណ្តាប់ធ្នាប់​ និង​ការ​យក​ទ្រូងផ្លូវ​ពី​សំណាក់​អាជីវករ​លក់ដូរ​អនាធិបតេយ្យ​ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ណែនាំ​ថា​ ការ​ចត​យានយន្ត​មិន​មាន​សណ្តាប់ធ្នាប់ ​និង​ការ​លក់ដូរ​រំលោភ​លើ​ទ្រូងផ្លូវ ចិញ្ចើម​ផ្លូវ វា​ជា​រឿង​ដដែល​ៗ ដូច្នេះ អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ចាត់វិធានការ ដើម្បី​រំដោះ​កំណាត់​ផ្លូវ​ទាំងនោះ​ឱ្យ​មាន​សណ្តាប់ធ្នាប់​ និង​កាត់​បន្ថយ​បាន​នូវ​ការ​កកស្ទះ​ចរាចរណ៍ យើង​មិន​អាច​ទុក​ឱ្យ​អាជីវករ​ប៉ុន្មាន​នាក់ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​នោះ​ទេ​ ។

លោក ឃួ​ង ស្រេង បាន​រំលឹក​ថា មុន​នៃ​ការ​អនុវត្ត​វិធានការ​រំដោះ​ផ្លូវ​ឱ្យ​បាន​សណ្តាប់ធ្នាប់​ពី​សំណាក់​អ្នក​រំលោភ​នេះ ដាច់ខាត​ត្រូវ​តែ​មានការ​ផ្សព្វផ្សាយ​ និង​ណែនាំ​ពួក​គាត់​ជា​មុន ដើម្បី​ឱ្យ​ពួក​គាត់​ទទួលយក ​និង​ចូលរួម ហើយ​នៅ​ពេល​អនុវត្ត​ការងារ​នេះ គឺ​ទទួលយក​បាន​ទាំងអស់​គ្នា​ ។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា​ នៅ​រាជធានី​ភ្នំពេញ​មាន​កំណាត់​ផ្លូវ​តូច​ធំ ​ចំនួន​១០៨​ផ្លូវ ត្រូវ​បាន​គេ​រំលោភ​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​របៀបរៀបរយ​ ។​ តែ​ទោះបីជា​យ៉ាងណា​ក្តី អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បាន​ណែនាំ​ និង​អនុវត្ត​លើ​ការងារ​នេះ​បាន​ល្អ​ប្រសើរ​បាន​មួយ​កម្រិត​ហើយ​។ ​ជាមួយ​គ្នា​នេះ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​បន្ត​អនុវត្ត​ការងារ​នេះ​ឱ្យ​កាន់តែ​ល្អ​ប្រើ​សើរ​ថែម​ទៀត​ ។

ក្រៅពី​កិច្ច​ការងារ​លើ​ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ លោក ​ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឱ្យ​ពិនិត្យ​ឡើង​វិញ លើក​ការ​យក ភាស៊ី​នៅ​តាម​ផ្សារ និង​ការ​តាមដាន​ត្រួតពិនិត្យ ជន​អាណា​ថា គឺ​មិន​អាច​ឱ្យ​ពួក​គេ​ធ្វើ​សកម្មភាព នាំ​ឱ្យ​បាត់បង់​សោ​ភណ្ឌ​ភាព​និង​របៀបរៀបរយ​សាធារណៈ​ឡើយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ