ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជា និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្ត កងកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកូនមុំ បានចុះធ្វើសកម្មភាពមនុស្សធម៌ ដោយជួយច្រូតកាត់ និងប្រមូលផលស្រូវជូនដល់គ្រួសារកងទ័ពមួយកន្លែង ។

សកម្មភាពនេះធ្វើឡើង ដើម្បីជួយសម្រាលការលំបាករបស់គ្រួសារបងប្រុសជាកងទ័ព ដែលបច្ចុប្បន្នកំពុងជាប់បំពេញភារកិច្ចការពារបូរណភាពទឹកដីនៅព្រំដែនជួរមុខ (កម្ពុជា-ថៃ) ខណៈដែលភរិយានៅឯផ្ទះកំពុងមានផ្ទៃពោះ និងជួបបញ្ហាខ្វះខាតកម្លាំងពលកម្មក្នុងការប្រមូលផល ។

ជាក់ស្តែង ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានប្រកាសនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះថា ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តន៍តាមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្ត កងកម្លាំងនគរបាលស្រុកកូនមុំបានចុះជួយច្រូតកាត់ប្រមូលផលស្រូវជូនដល់គ្រួសារវរ:កងទ័ព ដែលជាប់ភារកិច្ចការពារព្រំដែនជួរមុខ(កម្ពុជា-ថៃ) ដោយភរិយាគាត់មានផ្ទៃពោះនិងខ្វះកម្លាំងពលកម្ម សកម្មភាពទាំងនេះ គឺជួយសម្រួលដល់ទុក្ខលំបាក់របស់គាត់បានមួយចំណែក សកម្មភាពច្រូតកាត់នេះយើងប្រើទាំងកម្លាំងមនុស្ស និងប្រើម៉ាស៊ីនច្រូតផងដែរនៅពេលម៉ាស៊ីនមកដល់ ។

សូមបញ្ជាក់ថា ដើម្បីធានាថា ស្រូវត្រូវបានប្រមូលទាន់ពេលវេលា និងមិនរងការខូចខាត កងកម្លាំងនគរបាលយើងបានប្រើប្រាស់កម្លាំងសាមគ្គី ព្រមទាំងបានជួលម៉ាស៊ីនច្រូតមកជួយបន្ថែមផងដែរ ។

នេះជាកាយវិការដ៏ប្រពៃដែលបង្ហាញថា កងកម្លាំងនគរបាលមិនត្រឹមតែការពារសន្តិសុខប៉ុណ្ណោះទេ តែថែមទាំងជាកូនចៅ និងជាអ្នកជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងគ្រួសារកងទ័ពនៅគ្រប់កាលៈទេសៈ៕



ចែករំលែកព័តមាននេះ