ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហារីក​សម្លា.ប់​មនុស្ស​មិន​រើសមុខ​នៅ​កម្ពុជា

2 ម៉ោង មុន
  • ភ្នំពេញ

ដោយសារ​បារី គ្រឿង​ស្រវឹង ទម្លាប់​អង្គុយ​មិន​សកម្ម​ភាព ធាត់ របប​អាហារ ​ដែល​មាន​សាច់​ក្រហម​​ខ្ពស់ និង​អាហារ​កែ​ច្នៃ សុទ្ធតែ​ជា​កត្តា​ដែល​រុញច្រាន​កំណើន​នៃ​ជំងឺមហារីក​ឲ្យ​កើតឡើង​ដោយ​មិនដឹង​ខ្លួន ដែល​យើង​ចាំបាច់​ត្រូវ​តែ​ត្រួតពិនិត្យ​សុខភាព​ជា​ប្រចាំ ។…

ដោយសារ​បារី គ្រឿង​ស្រវឹង ទម្លាប់​អង្គុយ​មិន​សកម្ម​ភាព ធាត់ របប​អាហារ ​ដែល​មាន​សាច់​ក្រហម​​ខ្ពស់ និង​អាហារ​កែ​ច្នៃ សុទ្ធតែ​ជា​កត្តា​ដែល​រុញច្រាន​កំណើន​នៃ​ជំងឺមហារីក​ឲ្យ​កើតឡើង​ដោយ​មិនដឹង​ខ្លួន ដែល​យើង​ចាំបាច់​ត្រូវ​តែ​ត្រួតពិនិត្យ​សុខភាព​ជា​ប្រចាំ ។

កត្តា​ខាងលើ​សុទ្ធសឹងតែ​ជា​កត្ត​លី​ករ​ដែល​អាច​នឹង​ជំរុញ​ឱ្យ​អត្រា​នៃ​ជំងឺមហារីក​ផ្សេង​ៗ​ដូច​ជា​មហារីក​ពោះវៀនធំ មហារីក​សុដន់ មហារីក​ថ្លើម មហារីក​លំពែង និង​មហារីក​បំពង់​អាហារ​កើនឡើង​លឿន ដែល​យើង​គួរតែ​យកចិត្តទុកដាក់​ ។

រឿង​ជំងឺមហារីក​នេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ ។ សូ​ម្បី​តែ​តារា​ល្បី​ម្នាក់ ពោល​គឺជា​តារា​សម្តែង តារា​បង្ហាញ​ម៉ូត និង​ជា​ពិធីករ គឺ​លោក អ៊ុ​ន សិទ្ធា ក៏​ទើបតែ​ទទួលមរណៈភាព​នៅ​ក្នុង​វ័យ​ត្រឹម​៤០​ឆ្នាំ​ កាលពី​ថ្ងៃ​ទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥​ ថ្មី​ៗ​នេះ ដោយសារ​តែ​ជំងឺមហារីក​ដំណាក់កាល​ចុង​ក្រោយ ។

លោក អ៊ុ​ន សិទ្ធា ជាតា​រា​មានឈ្មោះ​បោះ​សំឡេង​ល្បីល្បាញ ក្នុង​ពិភព​សិល្បៈ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ជា​ខ្សែភាពយន្ត ចម្រៀង​ខារ៉ាអូខេ និង​ការងារ​សិល្បៈ​ជា​ច្រើន​រាប់​មិន​អស់ ប៉ុន្តែ​មហារីក​វា​មិន​ស្គាល់​តារា កុមារ អ្នកមាន អ្នកក្រ អ្នកនយោបាយ​អ្វី​ឡើយ ។

កាលពី​ខែឧសភា​ឆ្នាំ​២០២៥​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ពេល​កម្ពុជា​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ«​ផែនការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺមហារីក​២០២៥-២០៣០»​ទិន្នន័យ​សុខាភិបាល​បង្ហាញ​ថា កម្ពុជា​មាន​មនុស្ស​ម្នាក់​ស្លាប់​ដោយ​ជំងឺមហារីក​នៅ​រៀង​រាល់​៤០​នាទី​ម្តង ឬ​ប្រមាណ ៣៨​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​ ។

នៅ​ពេល​នេះ​ ក្រសួងសុខាភិបាលបាន​អះអាង​ថា មធ្យោបាយ​ប្រយុទ្ធ​នឹង​ជំងឺមហារីក​នៅ​កម្ពុជា​នៅ​មាន​កម្រិត​នៅឡើយ និង​ថា ជំងឺមហារីក​នឹង​ឆក់​យក​ជីវិត​ពលរដ្ឋ​ខ្មែរ​ក្នុង​ចំនួន​មួយ​ខ្ពស់​ក្នុង​រយៈពេល​១៥​ឆ្នាំ​ខាង​មុខ​ ។

ទិន្នន័យ​បង្ហាញ​ថា កម្ពុជា​មាន​អ្នក​កើត​ជំងឺមហារីក​ថ្មី​ប្រមាណ​ជា​២​ម៉ឺន​ករណី​ និង​មាន​អ្នក​ស្លាប់​ជិត​១៤.០០០​នាក់​ ។ អត្រា​អ្នក​ស្លាប់​ដោយ​ជំងឺមហារីក​នេះ គឺ​ខ្ពស់​ជាង​៧០​ភាគរយ ខណៈ​អត្រា​ជា​មធ្យម​នៅ​លើ​ពិភពលោក គឺ​មាន​តែ​៤៨​ភាគរយ​។

ថ្មី​ៗ​នេះ លោក​ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ប្រាប់​ក្រុម​គ្រូពេទ្យ​ឲ្យ​យកចិត្តទុកដាក់​លើ​ការ​ព្យាបាល​ជំងឺមហារីក ដោយ​សង្កត់ធ្ងន់​ថា ការ​វះកាត់​ជា​ស្នូល​មួយ​នៃ​ការ​ព្យាបាល​ជំងឺមហារីក ហើយ​ក៏​ជា​ដំណើរ​សង្គ្រោះ​ជីវិត​មនុស្ស ប្រកបដោយ​ប្រសិទ្ធភាព​។

ថ្លែង​នៅ​ក្នុង​ពេល​បើក​សន្និសីទ​ស​ល្យ​សាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ លើក​ទី​៣០ ក្រោម​ប្រធានបទ«​ភាព​ប្រឈម​នៃ​ការ​វះកាត់​ជំងឺមហារីក»​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក ឈាង រ៉ា បាន​អះអាង​ថា រាជរដ្ឋាភិបាល​បាន​ដាក់​ការ​បេ្ត​ជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺមហារីក ។

លោក​បាន​អះអាង​ថា វេជ្ជបណ្ឌិត​​ និង​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់​ខ្ពស់​លើសេវា​ផ្នែក​មហា​រីក​នេះ ប្រកបដោយ​ឧត្តមគតិ សមធម៌ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ហើយ​ក៏​ត្រូវពង្រឹង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ឧបករណ៍​សម្ភារៈ​ទំនើប ការ​បញ្ជូន​ចំ​គោលដៅ​និង​ទាន់​ពេលវេលា ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​ព្យាបាល​បាន​ត្រឹមត្រូវ ។

លោក ឈាង រ៉ា បាន​បន្ត​ទៀត​ថា គុណភាព និង​សុវត្ថិភាព​នៃ​ការ​ព្យាបាល ក៏​ត្រូវ​មាន
​ស្តង់ដា​ត្រឹមត្រូវ ហើយ​ត្រូវ​ពង្រីក​ការ​ព្យាបាល​តាម​មន្ទីរពេទ្យ​គ្រប់​កម្រិត និង​ពង្រឹង​ការ
​បណ្តុះបណ្តាល ប្រព័ន្ធ​ការ​កត់ត្រា​ព័ត៌មាន​ ។ លោក​បាន​លើក​ឡើង​ថា គ្រូពេទ្យ​វះកាត់​ទាំងអស់ ត្រូវ​ខិតខំ​រៀនសូត្រ ហ្វឹកហាត់​ការងារ​ជាប់​ជា​ប្រចាំ និង​មាន​សាមគ្គីភាព និង​សហការ​គ្នា​។

លោក​បាន​បញ្ជាក់​ថា ជោគជ័យ​នៃ​ការ​វះកាត់ គឺ​លទ្ធផល​ចុង​ក្រោយ ដែល​អ្នកជំងឺ​ជា​សះស្បើយ​តាម​ពេលវេលា​សម​ស្រប​ជាមួយ​សុវត្ថិភាព គុណភាព​នៃ​ជីវិត​ល្អ​ប្រសើរ​ ។ ដូច្នេះ ត្រូវ​គិតគូ​ឱ្យ​បាន​សព្វគ្រប់​ទាំង មុន​ពេល​វះកាត់ ពេល​កំពុង​វះកាត់ និង​ក្រោយ​ពេល​វះកាត់​។ លោក​បាន​បន្ថែម​ថា ការ​វះកាត់​ដែល​មាន​សុវត្ថិភាព​ខ្ពស់ និង​តម្លៃ​សម​ស្រប គឺជា​គោលនយោបាយ​មួយ​សំខាន់​របស់​WHO និង​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​។ សុវត្ថិភាព និង​តម្លៃ​សម​ស្រប  ដោយ​មិន​មានការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ គឺជា​ការ​ចូលរួម​សម្រេច​បាន​នូវ​ផែនទី​បង្ហាញផ្លូវ ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល ​។

សរុប​ទៅ ជំងឺមហារីក​នៅ​កម្ពុជា នៅ​តែ​ជា​បញ្ហា​សុខាភិបាល​ដ៏​ធ្ងន់ធ្ងរ ដែល​ត្រូវការ​ការ​យកចិត្តទុកដាក់​ពី​ប្រជាពលរដ្ឋ និង​ភាព​តស៊ូ​មុតមាំ​ពី​វិស័យ​សុខាភិបាល ដើម្បី​កាត់​បន្ថយ​អត្រា​កើត​ជំងឺ និង​ស្លាប់​ក្នុង​ពេលអនាគត ​។

មហារីក​ជា​ជំងឺ​ដ៏​គ្រោះថ្នាក់ និង​កំពុង​មានការ​កើនឡើង​រហ័ស ហើយ​មូលហេតុ​ចម្បង​គឺ​បណ្តាល​មក​ពី​របៀប​រស់នៅ​មិនល្អ​ដូច​ជា ការ​ជក់បារី ប្រើប្រាស់​គ្រឿង​ស្រវឹង ទម្លាប់​នៃ​ការ​អង្គុយ​មិន​សកម្ម ភាពធាត់ និង​របប​អាហារ​មិន​មាន​សម​ស្រប​។ កត្តា​ទាំងនេះ​ ជួយ​បណ្តាល​ឱ្យ​កើត​មហារីក​ផ្សេង​ៗ​ដូច​ជា មហារីក​ពោះវៀនធំ សុដន់ ថ្លើម លំពែង និង​បំពង់​អាហារ​។​ល​។  

ដោយឡែក​ ករណី​ស្លាប់​របស់​តារា​ល្បី អ៊ុ​ន សិទ្ធា ត្រូវ​បាន​លើក​ឡើងជា​ឧទាហរណ៍​បញ្ជាក់​ថា មហារីក​អាច​ប៉ះពាល់​ដល់​គ្រប់​គ្នា មិន​ថា ​អ្នកមាន ឬ​តារា​ល្បី​ក៏​ដោយ​។ ទិន្នន័យ​សុខាភិបាល​កម្ពុជា​បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺមហារីក​ខ្ពស់​ ។ យើង​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់ ហើយ​យក​ល្អ គួរតែ​ទម្លាប់​ត្រួតពិនិត្យ​សុខភាព​ជា​ប្រចាំ​ឲ្យ​បាន​ទៀងទាត់ ពីព្រោះ​ជំងឺមហារីក​មួយ​ចំនួន​អាច​ព្យាបាល​បាន បើ​ក្រុម​គ្រូពេទ្យ​រក​ឃើញ​វា​នៅ​ដំណាក់កាល​ដំបូង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ