ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រះទោសអតីតឧកញ៉ា​ ហេង សិទ្ធី ២​សំណុំ​រឿង​ ប្រកាសទោសថ្ងៃក្រោយ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​លើកយក​សំណុំរឿង​អតីត​ឧកញ៉ា ហេង សិ​ទ្ធី មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​ជា​សាធារណៈ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​លើកយក​សំណុំរឿង​អតីត​ឧកញ៉ា ហេង សិ​ទ្ធី មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​ជា​សាធារណៈ ពាក់ព័ន្ធ​នឹង​បទល្មើស​២​សំណុំរឿង ៖

១-​សំណុំរឿង​លេខ ៥០៦៩ ចុះ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៥ ពី​បទ​ហិង្សា​ដោយ​ចេតនា ។
២-​សំណុំរឿង​លេខ ៧៦៣៧ ចុះ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៤ ពី​បទ​គំរាមកំហែង​ហែកកេរ្តិ៍​។
សំណុំរឿង​ទាំង​២​នេះ គឺ​មាន​លោក ញឹ​ម ពិសាល ជា​ប្រធាន​ប្រឹក្សា​ជំនុំជម្រះ និង​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចំពោះ​មុខ​ជន​ត្រូវ​ចោទ និង​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ភាគី​ទាំង​សងខាង ។

សវនាការ​បាន​សាកសួរ​ដេញដោល​ស្រប​តាម​នីតិវិធី រហូត​ដល់ទី​បញ្ចប់ ទើប​ប្រធាន​ក្រុម​ប្រឹ
ក្សា​ជំនុំជម្រះ សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃក្រោយ ដោយ​មិន​កំណត់ ។ សូម​ជម្រាប​ថា សំណុំរឿង​ទី​១ ការ​ចោទប្រកាន់​បទ​ហិង្សា​ដោយ​ចេតនា បើ​តាម​អង្គហេតុ ជន​ត្រូវ​ចោទ​ឈ្មោះ ហេង សិ​ទ្ធី បាន​ប្រព្រឹត្ត​បទល្មើស​យក​វត្ថុ​រឹង​(​ម្ជុល​ធ្វើតេស្ត​ទឹកនោម​) ចាក់​ជន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ជាមួយ​គ្នា ។ ប៉ុន្តែ​ចម្លើយ​នៅ​ចំពោះ​មុខ​តុលាការ​បាន​ផ្ទុយ​មក​វិញ​ថា ជា​ការ​ប្រឡែង​គ្នា​លេង​មិនមែន​ជា​ការ​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​ទេ ។

​ប៉ុន្តែ​ទោះជា​ចម្លើយ​ដោះ​បន្ទុក​របស់​ជន​ត្រូវ​ចោទ​យ៉ាងណា​ក្តី ការ​សម្រេចសេចក្តី​និង​ការ​វិនិច្ឆយ​ទោស អាស្រ័យ​ទៅ​លើ​ភ័ស្តុតាង សាក្សី អង្គហេតុ និង​អង្គច្បាប់​របស់​តុលាការ​ជា​អ្នកកាត់ក្តី ។ សំណុំរឿង​ទី​២ ហាក់ដូច​មិន​ចម្លែក​ទេ ជាប់ចោទ​ពី​បទ​គំរាមកំហែង​ហែកកេរ្តិ៍ អង្គហេតុ​ដែល​ផ្តើម​ចេញពី​ការងារ​ក្រុមហ៊ុន​រកស៊ី​ជាមួយ​គ្នា លុះ​ពេល​បែកបាក់​គ្នា តែងតែមាន​បញ្ហា​រកាំរកូស​ប្រើ​ពាក្យ​សម្ដី​ធ្ងន់​ស្រាល​ទៅ​មក​ជា​មិន​ខាន ។ បទល្មើស​នេះ ក៏​ត្រូវ​រង់ចាំ​ការ​កាត់ក្តី​ពី​តុលាការ​ដែរ ។

គួរ​រំឭក​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ លោកស្រី យី សុខ​វួ​ច ចៅក្រម
ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​អតីត​ឧកញ៉ា ហេង សិ​ទ្ធី ដាក់​ពន្ធនាគារ​«​ម​១»​ព្រៃ​ស ជា​បណ្តោះអាសន្ន ។ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​លោកស្រី​ចៅក្រម​ស៊ើបសួរ បាន​បញ្ជាក់​ថា បានឃើញ​សំណុំរឿង​ស៊ើបសួរ​លេខ​៥៥៥៩ ចុះ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៤ ដែល​ទាក់ទង​នឹង​ឈ្មោះ ហេង សិ​ទ្ធី ភេទ​ប្រុស កើត​ថ្ងៃ​ទី​២៦ ឆ្នាំ​១៩៨៩ មុខរបរ​ពាណិជ្ជករ ទីលំនៅ​មុន​ពេល​ឃាត់ខ្លួន នៅផ្ទះ​លេខ៦២LM ផ្លូវ​លេខ​២០៥ ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ប្រពន្ធ​(​លែងលះ​) មានកូន​៤​នាក់ ។

ជន​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​គំរាមកំហែង​ហែកកេរ្តិ៍ ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៤ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៣៧២ និង​មាត្រា ៣៧៤ នៃ​ក្រមព្រហ្មទណ្ឌ ។ អតីត​ឧកញ៉ា ហេង សិ​ទ្ធី ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ជាតិ​នៃ​ប្រទេស​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​នៃ​ប្រទេស​រុ​ស្ស៊ី នាំ​ខ្លួន​ពី​ប្រទេស​រុ​ស្ស៊ី តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​នាំ​យក​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​បើក​ការ​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ