រាជធានីភ្នំពេញ ៖ អតីតពលករខ្មែរមកពីប្រទេសថៃប្រមាណជាង ២ពាន់នាក់ក្នុងស្រុកថ្មគោល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង បានចូលរួមពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង វិស័យឯកជន សមាគមមិត្តយើង អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធផ្សេងទៀត។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។

លោកបញ្ជាក់ថា៖ «លទ្ធផលពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានអ្នកចូលរួមសរុប ២ ១៩៤នាក់ ក្នុងនោះអ្នកសម្ភាសជាប់ការងារបឋមចំនួន ៤៤៤នាក់» ។

បើតាមអ្នកនាំពាក្យរូបនេះដដែល អតីតពលករដែលមិនទាន់ទទួលបានការងារភ្លាមៗក្នុងពិព័រណ៍នោះ មន្ត្រីនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងទាក់ទងភ្ជាប់ទំនាក់ទំនងជាមួយសហគ្រាស ក្រុមហ៊ុន រោងចក្របន្ថែមទៀត ។

សូមបញ្ជាក់ថា នៅខែវិច្ឆិកានេះ ដើម្បីស្វែងរកការងារជូនបងប្អូនពលករខ្មែរដែលមកពីប្រទេសថៃ ក្រសួងការងារបានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ៣ខេត្តដែលរួមមាន ខេត្តបាត់ដំបងនៅថ្ងៃទី១៥-១៦ ក្នុងស្រុកថ្មគោល និងស្រុកមោងឫស្សី ខេត្តបន្ទាយមានជ័យនៅថ្ងៃទី២២-២៣ ក្នុងស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី និងខេត្តសៀមរាបនៅថ្ងៃទី២៩-៣០ ក្នុងស្រុកសូត្រនិគម និងស្រុកពួក ។

គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាលើកទី៥៧៤ ហើយដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយភាគីពាក់ព័ន្ធបានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម(ប.ស.ស.) ។

ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនអតីតពលករដែលមកពីប្រទេសថៃដែលខកខានមិនបានចូលរួមពិព័រណ៍ឱ្យទាក់ទងប្រព័ន្ធទូរសព្ទ Hotline លេខ “១២៩៧” ដើម្បីទទួលបានឱកាសការងារ និងការចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃដែលអាចទាក់ទងបាន ៧ថ្ងៃក្នុងមួយសប្តាហ៍ផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ