ខេត្តបាត់ដំបង ៖ វិស័យឯកជនដែលចូលរួមក្នុងពិព័រណ៍ការងារ រៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញអារម្មណ៍រីករាយ ដែលបានរួមចំណែកជួយស្វែងការងារឱ្យបងប្អូនអតីតពលករមកពីថៃ ដែលនេះក៏ជាការងាយស្រួលឱ្យសហគ្រាស ក្រុមហ៊ុន រោងចក្ររបស់ខ្លួនស្វែងរកកម្មករផងដែរ ។

ការបង្ហាញអារម្មណ៍រីករាយបែបនេះ ធ្វើឡើងស្របពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំ “ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ” រយៈពេលពីរថ្ងៃនៅខេត្តបាត់ដំបង គឺនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយនាំយកឱកាសការងារជាងជាង ១,១ម៉ឺនកន្លែង ដែលមានសហគ្រាស ក្រុមហ៊ុន រោងចក្រធំៗចំនួន ១៧ មកសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់ ។

អ្នកស្រី ចាន់ វាសនា តំណាងរោងចក្រកាត់ដេរបូវឃើរ បានបង្ហាញក្តីរីករាយដែលបានចូលរួមពិព័រណ៍ការងារ ដែលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារក្នុងការជួយស្វែងការងារឱ្យបងប្អូនអតីតពលករធ្វើ។ អ្នកស្រីថា រោងចក្រកាត់ដេរបូវឃើរមានទីតាំងស្ថិតនៅក្នុងខេត្តកណ្ដាល កំពុងមានតម្រូវការកម្មករប្រមាណ ១ ០០០នាក់។ បងប្អូនអតីតពលករទោះជាចេះដេរ ឬមិនចេះដេរក៏ដោយ ក៏អាចចូលធ្វើការបានដែរ ដោយសាររោងចក្រមានក្រុមការងារបង្រៀនបន្ថែមមុនចូលធ្វើការងារ ។

អ្នកស្រីលើកឡើងថា៖ «កម្មវិធីថ្ងៃនេះមានជាប្រភេទរោងចក្រកាត់ដេរ ប្រភេទសំណង់ កសិកម្ម ចឹងប្រសិនជាបងប្អូនទាំងអស់គ្នាស្រលាញ់វិស័យកាត់ដេរ អាចទាក់ទងបងៗខាងរោងចក្រកាត់ដេរ តែបើសិនជាគាត់ថា គាត់ស័ក្ដិសមសំណង់ ចឹងគាត់អាចទាក់ទងក្រុមការងារខាងសំណង់ ហើយប្រសិនបើគាត់យល់ថា គាត់ស័ក្ដិសមខាងកសិកម្ម ក៏យើងមានក្រុមការងារខាងកសិកម្ម ចឹងឱ្យតែបងប្អូនចូលរួមពិព័រណ៍នេះ នឹងអាចទទួលបានឱកាសការងារធ្វើ» ។
ជាមួយគ្នានេះ អ្នកស្រី ចាន់ វាសនា ក៏បានអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានសហការជាមួយវិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ក្នុងស្មារតីខ្មែរជួយខ្មែរ ដែលជួយស្វែងការងារឱ្យបងប្អូនអតីតពលករត្រឡប់មកពីថៃ ។

ចំណែកឯលោក ភេន សុផល តំណាងក្រុមហ៊ុន គីម ម៉ិច ដែលជាក្រុមហ៊ុនផ្នែកសំណង់ បានប្រាប់ថា ក្រុមហ៊ុន មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ និងកំពុងមានតម្រូវការកម្មករជាច្រើននាក់ រាប់ចាប់តាំងពីកម្មករធម្មតា មេក្រុម និងមេជាងជាដើម។ លោកថាក្រុមហ៊ុនរីករាយដែលបានរួមចំណែកជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការជួយស្វែងរកការងារឱ្យបងប្អូនអតីពលករត្រឡប់មកពីថៃ ។
លោក ភេន សុផល លើកឡើងថា «ល្អណាស់! ក្រសួងការងារបានរៀបចំកម្មវិធីមកដល់ស្រុក មានន័យថា មកដល់ផ្ទះបងប្អូនហើយ ចឹងមានន័យថា បានបញ្ជ្រាបព័ត៌មានដល់បងប្អូនដែលអញ្ជើញមកពីស្រុកគេវិញ ចឹងប្រសិនបើមិនទាន់មានការងារធ្វើទេ ទាក់ទងទៅក្រសួងការងារ ជាពិសស ទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ហ្នឹងហ្មង» ។

តំណាងក្រុមហ៊ុន គីម ម៉ិច រូបនេះ ក៏បានអរគុណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរៀបចំពិព័រណ៍ការងារនេះឡើង ដែលផ្ដល់ភាពងាយស្រួលដល់បងប្អូនអតីតពលករដែលកំពុងស្វែងរកការងារធ្វើ ក៏ដូចជាងាយស្រួលដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងការស្វែងរកបុគ្គលិក និងកម្មករផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ