ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ពលករ​មក​ពី​ថៃ ​ក្នុងស្រុក​មោងឫស្សី អរគុណ​រដ្ឋាភិបាល ​ដែល​ជួយ​ស្វែងរក​ការងារ ​ឱ្យ​ពួក​គាត់​ធ្វើ

18 ម៉ោង មុន

ខេត្តបាត់ដំបង​ ៖ ស្រប​ពេល​ដែល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង​ ៖ ស្រប​ពេល​ដែល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ក្នុងស្រុក​មោងឫស្សី បាន​បង្ហាញ​ក្តី​រីករាយ និង​អរគុណ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ជួយ​រក​ការងារ​ឱ្យ​ពួក​គាត់​ធ្វើ ​។

លោក ស៊ុន កុស​ល្យ អតីត​ពលករ​មក​ពី​ថៃ ដែល​មានស្រុក​កំណើត​នៅ​ស្រុក​មោងឫស្សី បាន​ប្រាប់​ថា ពិព័រណ៍​ការងារ ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ​នា​ពេល​នេះ គឺ​ពិតជា​ល្អ​សម្រាប់​លោក ក៏​ដូច​ជា​អតីត​ពលករ​ផ្សេង​ៗ​ទៀត​ដែល​មិនសូវ​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​ឱកាស​ការងារ ​។

លោក​បន្ថែម​ថា៖ «​កម្មវិធី​ល្អ​មែនទែន សម្រាប់​បងប្អូន​មិនសូវ​ដឹង​ព័ត៌មាន​ការងារ​ធ្វើ​នៅ​ទីណា ចឹ​ង​មានកម្ម​វិធី​នេះ​វា​ល្អ​បំផុត​សម្រាប់​យើង​អ្នកស្រុក​ស្រែ ពិសេស អ្នក​ជនបទ​ដែល​គាត់​មិនដឹង​ព័ត៌មាន ចឹ​ង​អរគុណ​ច្រើន​មែនទែន​»​ ។

ចំណែក​អ្នកស្រី ជិន ស្រី​កាន អតីត​ពលករ​ត្រឡប់​មក​ថៃ​ម្នាក់​ទៀត​បាន​បង្ហាញ​ការ​សប្បាយចិត្ត​នៅ​ពេល​ឃើញ​ក្រសួង​ការងារ​បាន​រៀបចំ​ពិព័រណ៍​ការងារ​នៅ​មូលដ្ឋាន​ស្រុក​កំណើត ហើយ​អ្នកស្រី​សង្ឃឹមថា នឹង​អាច​ទទួល​បានការ​ងារ​ធ្វើ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ។

អ្នកស្រី​និយាយ​ថា​៖ «​ខ្ញុំ​សូម​អរគុណ​សម្ដេច​នាយក​រដ្ឋមន្ត្រី និង​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ការងារ ដែល​តែងតែ​គិតគូរ​យកចិត្តទុកដាក់ ជួយ​ស្វែងរក​ការងារ​ឱ្យ​នាង​ខ្ញុំ និង​បងប្អូន​ពលករ​មក​ថៃ​ធ្វើ​» ​។

រីឯ​អ្នកស្រី អឺ​ន ឃី​ម អ្នកស្រុក​មោងឫស្សី​ម្នាក់​ទៀត ដែល​ធ្លាប់​ជា​អតីត​ពលករ​មក​ពី​ថៃ​រយៈពេល ៣​ឆ្នាំ បាន​ប្រាប់​ដែរ​ថា នៅ​ក្នុង​ពិព័រណ៍​ថ្ងៃនេះ អ្នកស្រី បាន​ដាក់​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​ចំនួន​២ ហើយ​សង្ឃឹមថា នឹង​ទទួល​ការងារ​ធ្វើ​ឆាប់​ៗ ​។

អ្នកបញ្ជា​ក់ថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ដែល​ក្រសួង​ការងារ បាន​រៀបចំ​ពិព័រណ៍​ការងារ​នេះ អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ជួយ​ស្វែងរក​ការងារ​ហើយ​ខ្ញុំ​ឈប់​ទៅ​ប្រទេស​ថៃ​ទៀត​ហើយ​» ​។

សូម​ជម្រាប​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ “​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​” រយៈពេល​ពីរ​ថ្ងៃ​នៅ​ខេត្តបាត់ដំបង គឺ​នៅ​ថ្ងៃ​ទី​១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​នាំ​យក​ឱកាស​ការងារ​ជាង​ជាង ១,១​ម៉ឺន​កន្លែង ដែល​មាន​សហគ្រាស ក្រុមហ៊ុន រោងចក្រ​ធំ​ៗ​ចំនួន ១៧ មក​សម្ភាស​ជ្រើសរើសបុគ្គលិក​ដោយ​ផ្ទាល់​ ៕ អត្ថបទសហការ