ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​នៅ​កម្ពុជា​៖ ក្រសួង​ការងារ​សកម្ម​ក្នុង​ការ​រក​ការងារ​ជូន​ពលករ​ខ្មែរ​ និង​អំពាវនាវ​ឱ្យ​បងប្អូន​ពលករ ​ដែល​មិន​ទាន់​មានការ​ងារ សូម​ចូលរួម​ពិព័រណ៍​ការងារ ​របស់​ក្រសួង​នៅ​ស្អែក​នេះ

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្រុម​សហជីព​ធំ​ៗ​នៅ​កម្ពុជា បាន​កោតសរសើរ​នូវ​ភាព​សកម្ម និង​វិធានការ​ច្បាស់លាស់​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល ក្នុង​ការ​រក​ការងារ​ជូន​ដល់​បងប្អូន​ពលករ​ខ្មែរ​ ដែល​បាន​ត្រឡប់​មក​ពី​ថៃ និង​អំពាវនាវ​ដល់​បងប្អូន​អតីត​ពលករ​ទាំងអស់​ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ សូម​ចូលរួម​ពិព័រណ៍​ការងារ​របស់​ក្រសួង​ការងារ​…

រាជធានីភ្នំពេញ៖ ក្រុម​សហជីព​ធំ​ៗ​នៅ​កម្ពុជា បាន​កោតសរសើរ​នូវ​ភាព​សកម្ម និង​វិធានការ​ច្បាស់លាស់​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល ក្នុង​ការ​រក​ការងារ​ជូន​ដល់​បងប្អូន​ពលករ​ខ្មែរ​ ដែល​បាន​ត្រឡប់​មក​ពី​ថៃ និង​អំពាវនាវ​ដល់​បងប្អូន​អតីត​ពលករ​ទាំងអស់​ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ សូម​ចូលរួម​ពិព័រណ៍​ការងារ​របស់​ក្រសួង​ការងារ​ ដែល​បន្ត​រៀបចំ​ជា​បន្តបន្ទាប់ ។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា ប្រាប់​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​នេះ​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​យកចិត្តទុកដាក់​ជា​ខ្លាំង​ក្នុង​ការ​សម្របសម្រួល ចំពោះ​ការ​ធ្វើ​ដំណើរ​វិល​ត្រឡប់​របស់​បងប្អូន​ពលករ​មក​ពី​ថៃ ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គាត់​ទទួល​បាន​សុវត្ថិភាព ទាំង​នៅ​តាម​ច្រកព្រំដែន ក៏​ដូច​ជា​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​។ បន្ទាប់​មក​ក្រសួង​ការងារ ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន ដើម្បី​ផ្ដល់​ឱកាស​ការងារ​ជូន​ពួក​គាត់ ហើយ​គិត​ត្រឹម​ចុងខែ​តុលា ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ​ជាង ៣៤​ម៉ឺន​នាក់​ហើយ បាន​ទទួល​ការងារ​ធ្វើ ដែល​ជា​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ​។

លោក សំ សឿ​ន បាន​ថ្លែង​ថា៖ «​ក្នុង​នាម​សហជីព ក៏​សូម​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ថ្លែងអំណរគុណ​ដល់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​ការ​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​ប្រជាពលរដ្ឋ និង​កម្មករ​-​និយោជិត ក៏​ដូច​ជា​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ជា​ពិសេស​ការ​ទទួល​បាន​នូវ​ឱកាស​ការងារ​ថ្មី​ៗ ជាង​៣៤​ម៉ឺន​នាក់​» ​។

ចំណែក​លោក គង់ អាទិត្យ ប្រធាន​សហភាព​ការងារ​កម្ពុជា មើលឃើញ​ថា ក្រសួង​ការងារ បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន ដើម្បី​ជួយ​សម្របសម្រួល​ដល់​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ​វិញ ដោយ​ទទួល​បាន​ប្រសិទ្ធ​ភាពល្អ​ប្រសើរ​។ លោក​ថា «​យើង​ឃើញ​ថា ការ​ជួយ​រក​ការងារ​ឱ្យ​ក្នុង​រយៈពេល​ខ្លី​បាន​៣៤​ម៉ឺន​នាក់​ហ្នឹង គឺជា​លទ្ធផល​ជាក់ស្ដែង​លើស​ពី​ការ​រំពឹង​ទុក ព្រោះ​យើង​ដឹង​ហើយ​ថា ភ្លាម​ៗ​វា​មិនជា​រឿង​ដែល​ស្រួល​ក្នុង​ការ​ទៅ​រក​ការងារ​ជូន​មនុស្ស​៣០​ម៉ឺន​នាក់​ជាង​នោះ​ទេ ចឹ​ង​ខាង​សហជីព​យើង​យល់​ឃើញ​ថា នេះ​ជា​លទ្ធផល​ល្អ​» ​។

រីឯ​លោក អ៊ុ​ន ដា​រ៉ា ប្រធាន​សហភាព​សហជីព​កម្ពុជា​ពន្លឺ​កម្មករ បាន​កត់សម្គាល់​ឃើញ​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​សម្របសម្រួល​ដល់​បងប្អូន​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​។

លោក អ៊ុ​ន ដា​រ៉ា បាន​បន្ថែម​ថា ក្រសួង​ការងារ បាន​បែងចែក​វិធានការ​តាម​ជំហាន​នីមួយ​ៗ និង​ផែនការ​ច្បាស់លាស់ ក្នុង​ជួយ​ស្វែងរក​ការងារ​ឱ្យ​បងប្អូន​ពលករ​ធ្វើ​។ លោក​ថា «​យើង​មើលឃើញ​ថា រដ្ឋមន្ត្រីក្រសួង​ការងារ ពិតជា​បាន​រៀបចំ​ផែនការ​យ៉ាង​ច្បាស់លាស់ ហើយ​ដែល​អាច​ធ្វើ​ឱ្យ​បងប្អូន​យើង​ដែល​មក​ពី​ប្រទេស​ថៃ​វិញ ទទួល​បានការ​ងារ​ល្អ ហើយ​កិច្ចការ​ដែល​ធ្វើ​ទៅ​មាន​ប្រសិទ្ធភាព​ខ្ពស់​» ​។

សម្រាប់​លោក ហង្ស រ៉ា​វី ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ក៏​បាន​កត់សម្គាល់​ឃើញ​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​មាន​ឯកឧត្ដម ហេង សួរ ជា​រដ្ឋមន្ត្រី បាន​ខិតខំ​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​ពលករ​ត្រឡប់​មក​ពី​ថៃ ចាប់តាំងពី​មក​ដល់​ព្រំដែន​រហូត​ដល់​ពួក​គាត់​មានការ​ងារ​ធ្វើ​ ។

លោក ហង្ស រ៉ា​វី បាន​បន្ថែម​ថា «​ឯកឧត្ដម​រដ្ឋមន្ត្រី គាត់​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ ក៏​ដូច​ជា​សកម្មភាព​ការងារ​សកម្ម អ​ញ្ចឹ​ង​គ្រាន់តែ​បងប្អូន​ពលករ​យើង​មក​ភ្លាម មក​ដល់​ពេល​នេះ​គ្រាន់តែ​ទទួល​បានការ​ងារ​ធ្វើ​ជាង​៣៤​ម៉ឺន​នាក់ ហើយ​ខ្ញុំ​គិត​ថា ខ្លាំង​មែនទែន​ការ​ដឹកនាំ​របស់​ឯកឧត្ដម ហេង សួរ ដែល​ជា​សេនាធិការ​របស់​សម្ដេច​ធិ​បតី​» ​។

គួរ​ឱ្យ​ដឹង​ថា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន ដើម្បី​ឱ្យ​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ ទទួល​បានការ​ងារ​ធ្វើ​ក្នុងស្រុក​។ តាម​រយៈ​វិធានការ​ទាំងនោះ ទើប​រយៈពេល​៣​ខែ​មកនេះ បងប្អូន​ពលករ​ត្រឡប់​មក​ពី​ថៃ​ជាង​៣៤​ម៉ឺន​នាក់ បាន​ទទួល​ការងារ​ធ្វើ ដោយ​ក្នុង​នោះ​ប្រមាណ​២៧​ម៉ឺន​នាក់ បាន​ចូល​ធ្វើការ​នៅ​ក្នុង​ក្រម​ហ៊ុន សហគ្រាស និង​រោងចក្រ​ផ្លូវការ ហើយ​ប្រមាណ ៧​ម៉ឺន​នាក់​ផ្សេង​ទៀត បាន​ទទួល​ការងារ​នៅ​តាម​សហគ្រាស​ខ្នាត​តូច និង​មធ្យម សិប្បកម្ម ភោជនីយដ្ឋាន និង​នៅ​តាម​ការដ្ឋាន​សំណង់ ជាដើម​ ៕ អត្ថបទសហការ