រាជធានីភ្នំពេញ ៖ អ្នកនាង ខាត់ សុឃីម បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យមានការសាមគ្គីគ្នា សម្រាប់កាលៈទេសៈដ៏ចាំបាច់នាពេលនេះ ក្នុងបញ្ហាជម្លោះព្រំដែនជាមួយថៃ ខណៈពេលដែលរហូតមកទល់នាពេលនេះ ស្ថានភាពនៅតែមានកម្តៅ ។

ការអំពាវនាវពីតារាពហុជំនាញនាពេលដែលធ្វើឡើង បន្ទាប់ពីកងទ័ពថៃបានបើកការបាញ់ប្រហារមកប្រជាពលរដ្ឋខ្មែរនៅក្នុងភូមិព្រៃចាន់ប្រទេសកម្ពុជា ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួស កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
អំពើដ៏សាហាវ និងអមនុស្សធម៌ ដែលធ្វើឡើងដោយទាហានរបស់ថៃនាពេលនេះ បានធ្វើប្រជាពលរដ្ឋខ្មែរ ជាពិសេស អ្នកសិល្បៈជាច្រើនបានចេញមុខថ្កោលទោស និងស្នើឲ្យអន្តរជាតិបើការស៊ើបអង្កេត ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាដែលបានរងគ្រោះនាពេលនេះ ។

ដោយឡែក សម្រាប់តារាចម្រៀងអ្នកនាង ខាត់ សុឃីម ទន្ទឹមនឹងការសម្តែងការឈឺចាប់នូវអំពើរបស់ទាហានថៃដែលបានធ្វើមកលើប្រជាពលរដ្ឋខ្មែរនាពេលដែល អ្នកនាងក៏បានធ្វើការអំពាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់អោយមានការរួបរួម និងសាមគ្គីគ្នា ដ្បិតក្នុងកាលៈទេសៈដ៏ចាំបាច់នាពេលនេះ ។
តាមរយៈបណ្តាញសង្គម អ្នកនាង ខាត់ សុឃីម បានបង្ហោះសំណេរថា បងប្អូនជាទីស្នេហា! ពេលនេះ! ដ្បិតកាលៈទេសៈចាំបាច់ ទោះគ្មានអាវុធនៅនឹងដៃ ទឹកចិត្តខ្ញុំ មានចំពោះជាតិខ្មែរជានិច្ច! សាមគ្ដីពេលនេះ គឺសំខាន់ណាស់ គ្រប់គ្នារួមទាំងខ្ញុំធ្លាប់តែឮពាក្យ «សាមគ្ដីរស់ បែកបាក់សាមគ្ដីស្លាប់» ហើយវិនាទីនេះ ពាក្យនេះ ត្រូវបំផុត ។ កម្ពុជាត្រូវការសន្តិភាព! ។

បន្ថែមពីនេះទៀត អ្នកនាងបានបញ្ជាក់ថា កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរកសន្តិភាព និងការផ្សះផ្សា ។ ទោះជាយ៉ាងណាក៏ដោយ ភាគីថៃនៅតែបន្តបង្កបញ្ហា និងល្បិចកលឥតឈប់ឈរ។ ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ទាំងក្មេងទាំងចាស់ ប្រុសស្រី ត្រូវបង្ខំចិត្តភៀសខ្លួនតាមបណ្ដោយព្រំដែន។ កុមារជាច្រើនបានបាត់បង់ឱកាសសិក្សា និងបាត់បង់លំនៅឋានរបស់ពួកគេ។
ជាការកត់សម្គាល់ តារាចម្រៀងអ្នកនាង ខាត់ សុឃីម ក៏ដូចជាអ្នកសិល្បៈជាច្រើនទៀតបានចេញមុខជាបន្តបន្ទាប់សម្តែងការឈឺចាប់ និងថ្កោលទោសចំពោះការឈ្លានពានពីសំណាក់ប្រទេសសៀមមកលើដែនដីរបស់កម្ពុជា ។

កន្លងមកអ្នកនាង ខាត់ សុឃីម បានធ្វើបេ្តជ្ញាចិត្តប្រើសម្លេងរបស់ខ្លួនក្នុងនាមជាសិល្បករមួយរូប ដើម្បីប្រឆាំងជាមួយនិងការឈ្លានពាន និងការមើលងាយរបស់ផ្ទះលេខ២ មកលើទឹកដីខ្មែរ ដោយអ្នកនាងកំពុងខិតខំប្រឹងប្រែងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរ ផលិតផលខ្មែរឱ្យពិភពលោកបានស្គាល់ថា ខ្មែរអាចធ្វើបាន ។ ពួកយើងរូមគ្នាការពារទឹកដីពួកយើងរួមគ្នាការពារសេដ្ឋកិច្ច ៕


ចែករំលែកព័តមាននេះ