ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​នាងចេ​ន​ណា ចង់​ឃើញ​សម្លៀក​បំពាក់​ប្រពៃ​ណី​ខ្មែរ​ប្រើប្រាស់​ច្រើន​ទម្រង់ ជា​ពិសេស​ការ​ប្រើប្រាស់​ស្បៃ  ខណៈ​កំពុង​រង​នូវ​ហានិភ័យ​ពី​ការ​ទាមទារ​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ

46 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ព្រះ​នាង នរោត្តម ចេ​ន​ណា បាន​បង្ហាញ​គោលបំណង​ចង់​ឃើញ​ការ​ស្លៀក​​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ គួរ​ត្រូវ​បាន​ប្រើប្រាស់​ឱ្យ​បាន​ច្រើន​ទម្រង់ ច្រើន​សណ្ឋាន​តាម​លំនាំ​ដើម ជា​ពិសេស ​ទំនៀម​នៃ​ការ​ប្រើប្រាស់​ស្បៃ​ពានា …

រាជធានីភ្នំពេញ ៖ ព្រះ​នាង នរោត្តម ចេ​ន​ណា បាន​បង្ហាញ​គោលបំណង​ចង់​ឃើញ​ការ​ស្លៀក​​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ គួរ​ត្រូវ​បាន​ប្រើប្រាស់​ឱ្យ​បាន​ច្រើន​ទម្រង់ ច្រើន​សណ្ឋាន​តាម​លំនាំ​ដើម ជា​ពិសេស ​ទំនៀម​នៃ​ការ​ប្រើប្រាស់​ស្បៃ​ពានា  ខណៈ​​ពេល​ដែល​កំពុង​រង​នូវ​ហានិភ័យ​ពី​ការ​ទាមទារ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ ក្នុង​ការ​ប្រើប្រាស់​ពី​វប្បធម៌​របស់​ខ្មែរ​យើង ។

ការ​លើក​ឡើង​ពី​ព្រះ​នាង​នា​ពេល​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ជិតខាង ពោល​គឺ​ប្រទេស​ថៃ​ ដែល​កំពុង​តែ​ទាមទារ​ឈុត​ស្បៃ​ជា​របស់​គេ​ផ្តាច់មុខ ក្នុង​ពេល​ដែល​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​កម្ពុជា​បាន​ចេញ​បញ្ជាក់​ថា «​ស្បៃ​» ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ស្លៀកពាក់​តុបតែង​កាយ​ស្ត្រី​ខ្មែរ ប្រើ​សម្រាប់​ពានា​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី និង​សម្លៀក​បំពាក់​អាពាហ៍ពិពាហ៍​ ។

ជាមួយនឹង​ការ​គ្រង​សម្លៀក​បំពាក់​ឈុត​ស្បៃ​ខ្មែរ ដែល​បាន​ច្នៃ​ឡើង​សម្រាប់​ប្រើក្នុង​ពិធី​មង្គល​ការ​ក្នុង​សម័យ​បច្ចុប្បន្ន ជាមួយ​ម្ចាស់​បង​ព្រះ​នាង ចេ​ន​ណា បាន​ភ្ជាប់​ជាមួយ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា ថ្ងៃនេះ ខ្ញុំ​សូម​បង្ហាញ​បងប្អូន​នូវ​ឈុត​ស្បៃ​ខ្មែរ ដែល​បាន​ច្នៃ​ឡើង​សម្រាប់​ប្រើ​ក្នុង​ពិធី​មង្គលការ​ក្នុង​សម័យ​បច្ចុប្បន្ន​ជាមួយ​ម្ចាស់​បង​ខ្ញុំ Emma Noro​dom​ ។ នេះ​គឺជា​លើក​ទី​១ ដែល​ម្ចាស់​បង​ខ្ញុំ​គ្រង​ឈុត​ប្រពៃណី​ខ្មែរ​ដ៏​ល្អ​វិចិត្រ​នេះ​ ។  

ព្រះ​នាង​បន្ថែម​ថា តាម​រយៈ​ចម្លាក់​នានា​នៅ​លើ​ប្រាង្គ​ប្រាសាទខ្មែរ តឹកតាង​ដែល​បន្សល់​ពី​ដូនតា ជា​ពិសេស ​រឿងព្រេង​និទាន ទាក់ទង​នឹង​ការ​កកើត​នគរ​ខ្មែរ «​ព្រះថោងនាងនាគ​» បាន​​តម្បាញ​បញ្ចូល​ក្នុង​ទំនៀម​តោង​ស្បៃក្នុង​ពិធី​អាវាហ៍​វិវាហ៍មង្គល​របស់​ខ្មែរដែសបញ្ជាក់​​ឱ្យ​​ឃើញ​ថា ការ​ពានា​ស្បៃ គឺជា​ទំនៀមទម្លាប់​នៃ​ការ​ស្លៀកពាក់ ដ៏​មាន​សារសំខាន់​បំផុត ក្នុង​​ប្រពៃណី​ស្ត្រី​ខ្មែរ​តាំងពី​បុរាណកាល​ ។  

ព្រះ​នាង​បញ្ជាក់​ថា ការ​ស្លៀក​សម្លៀក​បំពាក់ ប្រពៃណី​ខ្មែរ គួរ​ត្រូវ​បាន​ប្រើប្រាស់​ឱ្យ​បាន​ច្រើន​​ទម្រង់ ច្រើន​សណ្ឋាន​តាម​លំនាំ​ដើម ជា​ពិសេស ​ទំនៀម​នៃ​ការ​ប្រើប្រាស់​ស្បៃ​ពានា  ដែល​កំពុង​រង​នូវ​ហានិភ័យ​ពី​ការ​ទាមទារ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ ក្នុង​ការ​ប្រើប្រាស់​ពី​វប្បធម៌​របស់​​ខ្មែរ​យើង ។

ជា​ការ​កត់សម្គាល់ ​ចាប់តាំងពី​ការ​តវ៉ា និង​ទាមទារ​យក​ឈុត​ស្បៃ​ខ្មែរ​ធ្វើ​ជា​ម្ចាស់​កម្ម​សិទ្ធ​ផ្តាច់​មុខ​ពី​ផ្ទះ​លេខ​២​នោះ​មក ​គេ​ឃើញ​មាន​អ្នកសិល្បៈ​ល្បី​ៗ​បាន​នាំ​គ្នា​ចេញ​មុខ​រៀបចំ​ថត​ជាមួយ​ឈុត​ស្បៃ​ខ្មែរ​ជា​បន្តបន្ទាប់ ក្នុង​ន័យ​ដើម្បី​ចង់​បញ្ជាក់​ថា ឈុត​ស្បៃ​នេះ​គឺ​ម្ចាស់​តែ​មួយ​គត់​របស់​ប្រទេស​កម្ពុជា​ដែល​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ ។

ជា​ពិសេស​ទៀត​នោះ ក្រោយ​ផ្ទុះ​ភាព​ចម្រូងចម្រាស់​នេះ​កើតឡើង ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ថា  «ស្បៃ​» ដែល​ជា​ផ្នែក​សំខាន់​​មួយ​នៃ​ការ​ស្លៀកពាក់​តុបតែង​កាយ​ស្ត្រី​ខ្មែរ ប្រើ​សម្រាប់​ពានា​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី និង​សម្លៀក​បំពាក់​អាពាហ៍ពិពាហ៍​ក្នុង​កិច្ច «​ព្រះថោង​តោង​ស្បៃ​»គឺ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រវត្តិ​នៃ​អរិយធម៌​ខ្មែរ​តាំងពី​សម័យ​ហ្វូ​ណ​ន ដែល​ប្រជាជន​ខ្មែរ​បាន​រក្សា​ទុក ​និង​គោរព​អនុវត្ត​គ្រប់​ៗ​ជំនាន់​រហូត​មក​ទល់​បច្ចុប្បន្ន និង​បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រពៃ​ណី​ទំនៀមទម្លាប់​របស់​ជាតិខ្មែរ ហើយ​ក៏​នៅ​តែ​បន្ត​ជា​និច្ច​និរន្តរ៍​តាំងពី​អតីតកាល បច្ចុប្បន្ន និង​ទៅ​អនាគត​»។

ក្រសួង​វប្បធម៌​បាន​បញ្ជាក់​ថា មរតក​វប្បធម៌​ខ្មែរ​ដ៏​សម្បូរ​បែប​ទាំង​រូបី និង​អរូបី រាប់​បញ្ចូល​ទាំង​សម្លៀក​​បំពាក់​ប្រពៃណី និង​សិល្បៈ​វប្បធម៌​ផ្សេង​ៗ​សុទ្ធតែ​ផ្សារ​ភ្ជាប់​យ៉ាង​ច្បាស់លាស់​ជាមួយ​ភស្តុ​តាង​ប្រវត្តិសាស្ត្រ និង​បុរាណវិទ្យា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ