ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ ចូ​ស្វ័​រ ឆាំង (Joshua Chiang) ប្រារព្ធ​ខួប 10 ឆ្នាំ នៃ​ស្នាដៃ​សិល្បៈ “Pile Up” តាម​រយៈ​ការ​តាំងពិព័រណ៍ ជាមួយនឹង​ការ​អំពាវនាវ​ឱ្យ​មានការ​គោរព​សិទ្ធិ​អ្នកនិពន្ធ

49 វិនាទី មុន

រាជធានីភ្នំពេញ៖ វិចិត្រករ​គំនូរ ដើម​កំណើត​ពី​ប្រទេស​សិង្ហ​បុរី លោក ចូ​ស្វ័​រ ឆាំង (Joshua Chiang) ប្រារព្ធ​ខួប 10…

រាជធានីភ្នំពេញ៖ វិចិត្រករ​គំនូរ ដើម​កំណើត​ពី​ប្រទេស​សិង្ហ​បុរី លោក ចូ​ស្វ័​រ ឆាំង (Joshua Chiang) ប្រារព្ធ​ខួប 10 ឆ្នាំ នៃ​ការ​និទានរឿង​តាម​លក្ខណៈ​រូបភាព តាម​រយៈ​ការ​តាំងពិព័រណ៍​ទោល​លើក​ដំបូង​របស់​លោក ក្រោម​ចំណងជើង មក​រា និង ម៉ូតូឌុប​៖ ដំណើរ 10​ឆ្នាំ របស់ ចូ​ស្វ័​រ ឆាំង (Joshua Chiang) (Makaras and Motordops: Joshua Chiang’s 10-Year Journey) ដែល​ធ្វើ​ឡើង​នៅ Plantation Urban Resort and Spa នៅ​ថ្ងៃ​ទី​29 ខែមីនា ឆ្នាំ​2026​ ក្រោមវត្តមាន ឯកឧត្តម ឯកអគ្គរដ្ឋទូតតែងតាំង ស្ទីវិន ផាំង និងភ្ញៀវកិត្តិយសជាច្រើននាក់ ។

Singapore Ambassador-designate Steven Pang, Artist Joshua Chiang, General Manager of Plantation Urban Resort and Spa, Alexander Scheible.

ការ​តាំងពិព័រណ៍​នេះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​30 ខែឧសភា ឆ្នាំ​2026 ដោយ​បង្ហាញ​នូវ​ស្នាដៃ​សិល្បៈ “Pile Up” ដ៏​មាន​លក្ខណៈ​ពិសេស​របស់​លោក ដែល​ទទួល​បានការ​បំផុសគំនិត​ពី​ជីវិត​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​មាន​គោលបំណង​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​គោរព​សិទ្ធិ​អ្នកនិពន្ធ និង​កិច្ច​ការពារ​ស្នាដៃ​បញ្ចេញមតិ​ច្នៃប្រឌិត ​។

ក្នុង​នាម​ជា​អ្នក​រស់នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជា​យូរ​មក​ហើយ លោក ចូ​ស្វ័​រ (Joshua) បាន​ចាប់ផ្តើម​ការ​ស្រាវជ្រាវ​ផ្នែក​សិល្បៈ​របស់​លោក​នៅ​ក្នុង​ប្រទេស​នេះ​តាំងពី​ឆ្នាំ​2016 តាម​រយៈ​គំនូរ​រូប​ម៉ូតូ​ដែល​ដឹក​ទំនិញ​លើស​ទម្ងន់​ប្រកបដោយ​ភាព​កំប្លុកកំប្លែង ​។ រូបភាព​នោះ​ហើយ​គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​បង្កើត​ជា​សិល្បៈ​ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា “Pile Up” ដែល​ជា​ការ​រួម​បញ្ចូល​គ្នា​ពោរពេញ​ដោយ​ថាមពល​នូវ​រូបភាព​មនុស្ស សត្វព្រៃ ស្ថាបត្យកម្ម និង​វត្ថុ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ក្នុង​ទម្រង់​ជា​ការ​និទានរឿង​តាម​រូបភាព​ដ៏​រស់​រវើក ​។

តាម​រយៈ​ផ្ទាំងទស្សនីយភាព​ទាំងនេះ លោក ចូ​ស្វ័​រ (Joshua) បាន​ផ្តិត​យក​ទិដ្ឋភាព​ប្រទេស
កម្ពុជា​ដែល​លោក​បាន​ស្គាល់ ដែល​ពោរពេញ​ទៅ​ដោយ​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ភាព​ផ្ទុយ​គ្នា ដែល​ក្នុង​នោះ​ប្រពៃណី​បុរាណ និង​ជីវិត​សម័យ​ទំនើប​បាន​រស់នៅ​ទន្ទឹម​គ្នា​តាម​របៀប​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​។ ស្នាដៃ​របស់​លោក​នឹង​ផ្តល់​ឱកាស​ឱ្យ​អ្នក​ទស្សនា​ស្វែង​យល់​ពី​ប្រទេស​នេះ​ដោយ​ភាព​ទាក់ទាញ ការ​ចង់​ដឹង​ចង់​ឃើញ ភាព​រីករាយ និង​ភាព​អស្ចារ្យ​ ។

លោក ចូ​ស្វ័​រ (Joshua) បាន​ពន្យល់​ថា​៖ “​សិល្បករ​ភាគច្រើន​តែងតែ​ផ្តោត​លើ​ប្រធានបទ​មួយ ឬ​ពីរ​ដែល​ពួក​គេ​គូរ​ដដែល​ៗ​។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ចូល​ចិត្ត​ស្វែង​យល់​ពី​ប្រធានបទ​ដ៏​សម្បូរ​បែប និង​ប្រើប្រាស់​បច្ចេកទេស​សិល្បៈ​ផ្សេង​ៗ​គ្នា​ក្នុង​ពេល​តែ​មួយ​។ “Pile Up” គឺជា​ការ​សាកល្បង​របស់ខ្ញុំ​ក្នុង​ការ​បញ្ចូល​ធាតុ​ផ្សំ​ទាំងនេះ​ឱ្យ​បាន​ច្រើន​តាម​ដែល​ខ្ញុំ​ចង់បាន​នៅ​ក្នុង​គំនូរ​តែ​មួយ ប៉ុន្តែ​នៅ​តែ​រក្សា​នូវ​ភាព​ស៊ីចង្វាក់​គ្នា និង​ភាព​ជា​ធ្លុង​មួយ ​។​”

ក្រៅពី​ការ​អបអរសាទរ​ដំណើរ​លើ​វិ​ថី​សិល្បៈ​របស់​គាត់ លោក ចូ​ស្វ័​រ (Joshua) ក៏​កំពុង​ប្រើប្រាស់​ការ​តាំងពិព័រណ៍​នេះ​ដើម្បី​លើក​ឡើង​អំពី​បញ្ហា​មួយ​ដែល​លោក​ជឿ​ថា​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ការ​រីក​ចម្រើន​នៃ​សហគមន៍​ច្នៃប្រឌិត​នៅ​កម្ពុជា គឺ​ការ​គោរព​សិទ្ធិ​អ្នកនិពន្ធ​ ។

កម្ពុជា​ជា​រដ្ឋ​ហត្ថលេខី​នៃ​អនុសញ្ញា​ទីក្រុង​ប៊ែ​ន (Berne Convention) ស្តី​ពី​កិច្ច​ការពារ​ស្នាដៃ​អក្សរសាស្ត្រ និង​សិល្បៈ ដែល​ផ្តល់​កិច្ច​ការពារ​សិទ្ធិ​អ្នកនិពន្ធ​ដោយ​ស្វ័យប្រវត្តិ​ចំពោះ​ស្នាដៃ​ច្នៃប្រឌិត​ដើម​។ សម្រាប់​លោក ចូ​ស្វ័​រ (Joshua) ការ​គោរព​ច្បាប់​ទាំងនេះ​គឺ​ចាំបាច់​ណាស់​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដល់​សិល្បករ​ជំនាន់​ក្រោយ​របស់​កម្ពុជា ​។

លោក​បាន​និយាយ​ថា​៖ “​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្ញុំ​បានឃើញ​រលក​ថ្មី​នៃ​សិល្បករ​កម្ពុជា​ដែល​មានគំនិត​ច្នៃប្រឌិត និង​ការ​ស្រមើស្រមៃ​ខ្ពស់​។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា វា​នឹង​ក្លាយជា​យុគសម័យ​រីក​ចំរើន​ថ្មី​សម្រាប់​សិល្បៈ​កម្ពុជា ប៉ុន្តែ​ការ​រំលោភសិទ្ធិ​អ្នកនិពន្ធ​អាច​នឹង​បង្ក
ហានិភ័យ​ដល់​សន្ទុះ​នេះ ​។​”

លោក ចូ​ស្វ័​រ (Joshua) បាន​លើក​ឡើង​ថា ការ​ចម្លង និង​ការ​លក់​ស្នាដៃ​សិល្បៈ​ដោយ​គ្មាន​ការ​អនុញ្ញាត មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិល្បករ​ម្នាក់​ៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ប៉ះពាល់​ដល់​ប្រព័ន្ធ​សិល្បៈ​នៃ​ការ​ច្នៃប្រឌិត​ទាំងមូល​ផង​ដែរ​ ។

លោក​បាន​បន្ថែម​ថា​៖ “​នៅ​ពេល​ដែល​នរណា​ម្នាក់​ចម្លង​ស្នាដៃ​សិល្បៈ ហើយ​បន្លំ​ហត្ថលេខា ពួក​គេ​មិន​ត្រឹមតែ​លួច​រូបភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួក​គេ​លួច​ទាំង​ពេលវេលា​នៃ​ការ​ស្រាវជ្រាវ ការ​គិត និង​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​ជា​ច្រើន​ដែល​បាន​បញ្ចូល​ទៅ​ក្នុង​ការ​បង្កើត​ស្នាដៃ​នោះ ​។​”

ការ​តាំងពិព័រណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ Plantation Urban Resort and Spa ដែល​ជាទី​តាំង​ដែល​តែងតែ​គាំទ្រ​ដល់​វិស័យ​សិល្បៈ​នៅ​កម្ពុជា និង​សហការ​ជាមួយ​សិល្បករ​ជា​ប្រចាំ ​។

លោក អា​ឡិច​សាន់​ឌឺ ឆៃ​ប្លេ (Alexander Scheible) នាយក​គ្រប់គ្រង​ទូទៅ​នៃ Plantation Urban Resort and Spa បាន​និយាយ​ថា​៖ “​ការ​រៀបចំ​ការ​តាំងពិព័រណ៍ និង​ការ​គាំទ្រ​សិល្បករ​ចម្រុះ​តែងតែ​ជា​ចំណុច​ស្នូល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការ​ជួយ​ដល់​សហគមន៍​សិល្បៈ​ក្នុងស្រុក​។ យើង​ផ្តល់​កន្លែង​ដែល​សិល្បករ​អាច​បង្ហាញ​ស្នាដៃ​របស់​ពួក​គេ និង​គាំទ្រ​ដល់​ភាព​ច្នៃប្រឌិត​របស់​ពួក​គេ​។​”

លោក ឆៃ​ប្លេ (Scheible) ក៏​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​អំពាវនាវ​របស់​លោក ចូ​ស្វ័​រ (Joshua) សម្រាប់​កិច្ច​ការពារ​សិទ្ធិ​អ្នកនិពន្ធ​ឱ្យ​កាន់តែ​ខ្លាំង​ផង​ដែរ​ ។

លោក​បាន​និយាយ​ថា “​យើង​បានឃើញ​ករណី​ជា​ច្រើន​ដែល​ស្នាដៃ​ដើម​មិន​ត្រូវ​បាន​គោរព ហើយ​មានការ​ចម្លង​កើតឡើង​បាន​យ៉ាង​ឆាប់រហ័ស ដោយ​ធ្វើ​ឱ្យ​អ្នក​បង្កើត​ស្នាដៃ​ទាំងនោះ​ពុំ​ទទួល​បានការ​ទទួលស្គាល់ និង​អត្ថប្រយោជន៍​ដែល​ពួក​គេ​សម​នឹង​ទទួល​បាន​ ។​”

អ្នកចូលរួម​ទស្សនា​នឹង​បានឃើញ​ស្នាដៃ​ផ្ទាំងគំនូរ ​ដែល​ជា​ការ​សម្រិតសម្រាំង​របស់​លោក ចូ​ស្វ័​រ (Joshua) ដោយ​ដាក់​តាំង​បង្ហាញ​តាម​ខ្នាត​ទំហំ​ដើម ដែល​នឹង​ផ្តល់​ឱកាស​ឱ្យ​អ្នក​ទស្សនា​បាន​គយគន់​ការ​និទានរឿង​ដ៏​ស្មុគស្មាញ និង​ព័ត៌មាន​លម្អិត​នៅ​ក្នុង​ស្នាដៃ​នីមួយ​ៗ​។ ពិព័រណ៍​នេះ​ក៏​នឹង​មានការ​ដាក់​បង្ហាញ​នូវ​គំនូរព្រាង គំនូរ​ទឹកខ្មៅ​ដើម និង​ការ​សិក្សា​អំពី​ពណ៌​ដែល​មិន​ធ្លាប់​បាន​បង្ហាញ​ពី​មុន​មក ដើម្បី​ផ្តល់​ជូន​នូវ​ការ​ស្វែង​យល់​នៃ​ដំណើរការ​ច្នៃប្រឌិត​របស់​លោក ​។

ការ​តាំងពិព័រណ៍​នេះ​ក៏​ជា​ការ​គូស​បង្ហាញ​ពី​ការ​ឈាន​ ចូល​ជំពូក​ថ្មី​ក្នុង​អាជីព​សិល្បៈ​របស់​លោក ចូ​ស្វ័​រ (Joshua) ផង​ដែរ​ ។ ខណៈ​ដែល​ស្នាដៃ​មុន​ៗ​ភាគច្រើន​របស់​លោក​ត្រូវ​បាន​បង្កើត​ឡើង​តាម​បែប​ឌី​ជី​ថ​ល ដោយ​បច្ចុប្បន្ន​នេះ​លោក​បាន​ចាប់ផ្តើម​ត្រឡប់​មក​ប្រើប្រាស់​ឧបករណ៍​បុរាណ​វិញ ដូច​ជា​ជក់ទឹក​ខ្មៅ និង​កូ​ល័​រ​ទឹក ដែល​នាំ​មក​នូវ​សិល្បៈ​បែប “​ភាព​ចៃដន្យ​ដ៏​រីករាយ​” (Happy accidents) ដែល​កើត​ចេញពី​ការ​គូរ​ដោយ​ដៃ ​។

លោក ចូ​ស្វ័​រ (Joshua) បាន​និយាយ​ថា​៖ “​ស្នាដៃ​សិល្បៈ​ដ៏​ល្អ​បំផុត​គឺជា​ការ​រួម​បញ្ចូល​គ្នា​យ៉ាង​ផ្ចិតផ្ចង់​រវាង​ជំនាញ និង​ភាព​ចៃដន្យ​ដ៏​រីករាយ ​។ ការ​ច្នៃប្រឌិត​ពិតប្រាកដ​គឺ​ទាមទារ​ឱ្យ​មានការ​ប្រថុយប្រថាន​។​”
ពិព័រណ៍​នេះ​នឹង​បើក​សម្ពោធ​រួម​ជាមួយ​ពិធី​ទទួល​ស្វាគមន៍​នៅ​ថ្ងៃអាទិត្យ ទី​29 ខែមីនា ឆ្នាំ​2026 ចាប់ពី​ម៉ោង 4 រសៀល ដល់​ម៉ោង 7 យប់ ដែល​មានការ​ថ្លែង​សុន្ទរកថា​បើក​ដោយ​សិល្បករ ការ​លេង​តន្ត្រី​ដោយ​ក្រុម The Dropping Shoes និង​ការ​សម្តែង​តន្ត្រី​ពិសេស​ដោយ លោក ចូ​ស្វ័​រ (Joshua) ផ្ទាល់​ ។ ភ្ញៀវ​កិត្តិយស​នឹង​មានឱកាស​ជួប​ជាមួយ​សិល្បករ និង​ពិសារ​អាហារ​សម្រន់​ផង​ដែរ​ ។

ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍ការ​តាំងពិព័រណ៍​៖ ​មក​រា និង ម៉ូតូឌុប​៖ ដំណើរ 10​ឆ្នាំ របស់ ចូ​ស្វ័​រ ឆាំង (Joshua Chiang) (Makaras and Motordops: Joshua Chiang’s 10-Year Journey)
សិល្បករ​៖ ​ ​ ​ចូ​ស្វ័​រ ឆាំង (Joshua Chiang)
ពិធី​បើក​៖ ​ ​ ​ថ្ងៃអាទិត្យ ទី​29 ខែមីនា ឆ្នាំ​2026 ម៉ោង 4 រសៀល – 7 យប់
កាលបរិច្ឆេទ​តាំងពិព័រណ៍​៖ ​ថ្ងៃ​ទី​29 ខែមីនា ដល់​ថ្ងៃ​ទី​30 ខែឧសភា ឆ្នាំ​2026
ទីតាំង​៖ ​ ​ ​ ​Plantation Urban Resort and Spa
ការ​ចូល​ទស្សនា​៖ ​ ​ឥត​គិតថ្លៃ

ព័ត៌មាន​ទំនាក់ទំនង៖
សម្រាប់​ការ​ស្នើ​សុំ​សម្ភាសន៍ ឬ​ការ​សាកសួរ​ព័ត៌មាន​។
ឈ្មោះ​៖ ​ ​ ​ ​ចូ​ស្វ័​រ ឆាំង (Joshua Chiang)
ទូរ​សព្ទ​/​តេ​លេ​ក្រាម​៖ ​ ​+855 95 424 565
អ៊ីមែល​៖ ​ ​ ​joshuachiangsl@gmail.com
ឬលោកអ្នកអាចមកកាន់ទីតាំងលក់ផ្ទាល់ នៅខេត្តសៀមរាប ជិត Pub Street – CamCam by Joshua Chiang https://www.CamCamCambodia.com

សារពីសិល្បករ

ក្នុង​រយៈពេល 13 ឆ្នាំ នៃ​ការ​រស់នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់ខ្ញុំ រឿង​មួយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ក្តី​រំភើប​បំផុត គឺ​បានឃើញ​នូវ​ការ​លេច​រូបរាង​ឡើង​នៃ​សិល្បករ​ក្នុងស្រុក​ជំនាន់​ថ្មី​ជា​ច្រើន ដែល​ពោរពេញ​ទៅ​ដោយ​ការ​ស្រមៃ​ដ៏​អស្ចារ្យ និង​មាន​ឆន្ទៈ​ខ្ពស់​។

​នៅ​ពេល​ដែល​រូបភាព​ដ៏​ទាក់ទាញ​អាច​ត្រូវ​បាន​បង្កើត​ឡើង​ត្រឹមតែ​រយៈពេល​ប៉ុន្មាន​វិនាទី​តាម រយៈ​បញ្ញា​សិប្បនិម្មិត​ការ​សម្រេចចិត្ត​បង្កើត​ស្នាដៃ​គំនូរ​ដើម​ដោយ​ដៃ​ហាក់ដូចជា​រឿង​មួយ​ដែល​ហួស​សម័យ​។ ទោះជា​យ៉ាងណា​ក៏​ដោយ វា​អាច​បង្ហាញ​ពី​ឥទ្ធិពល​ខ្លាំងក្លា​មួយ ភាព​ក្លាហាន ភាព​ស្មោះត្រង់ និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ភាព​ជា​ម្ចាស់​នៃ​ស្នាដៃ​គំនូរ​។

ការ​បង្កើត​ស្នាដៃ​គំនូរ​ដើម គឺ​ជៀស​មិន​ផុត​ពី​ហានិភ័យ​នៃ​ការ​ចម្លង​ស្នាដៃ​គំនូរ​នោះ​ដោយ​គ្មាន​ការ​អនុញ្ញាត​។ ខ្ញុំ​ធ្លាប់​បាន​ជួប​ប្រទះ​បញ្ហា​នេះ​ចំនួន​ពីរ​ដង​រួច​មក​ហើយ​។ ក្នុង​ករណី​មួយ អ្នកទិញ​មួយ​រូប​បាន​គិត​ថា ការ​កាន់កាប់​ស្នាដៃ​គំនូរ​អោយ​សិទ្ធិ​ពួក​គេ​ក្នុង​ការ​ថត​ស្កេ​ន ពង្រីក និង​ផលិត​ឡើង​វិញ​សម្រាប់​គោលបំណង​ពាណិជ្ជកម្ម​។​ករណី​មួយទៀត មាន​ស្នាដៃ​គំនូរ​ដោយ​ដៃ​ដែល​ចម្លង​ពី​រូបភាព​ដើម​របស់ខ្ញុំ ត្រូវ​បាន​ផ្សព្វផ្សាយ​លក់​តាម​អ៊ីនធឺណិត ដោយ​លុប​ហត្ថលេខា​របស់ខ្ញុំ​ចេញ ហើយ​ជំនួស​ដោយ​ហត្ថលេខា​ផ្សេង​។

ក្នុង​នាម​ខ្ញុំ​ជា​សិល្បករ និង​ក្នុង​នាម​អ្នក​ទាំងអស់​គ្នា​ដែល​ជា​អ្នកគាំទ្រ​សិល្បៈ ខ្ញុំ​ជឿ​ថា យើង​សុទ្ធតែ​មាន​តួនាទី​រួម​គ្នា​មួយ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដល់​សិល្បករ​ជំនាន់​ក្រោយ​នេះ​។ ដើម្បី​ឱ្យ សហគមន៍​ច្នៃប្រឌិត​អាច​រីក​ចម្រើន​ទៅ​មុខ​បាន ស្នាដៃ​គំនូរ​ដើម ត្រូវ​តែ​ទទួល​បាន​នូវ​ការ​គោរព និង​ការ​ការពារ​។

ក្នុង​ករណី​ទាំង​ពីរ​នេះ ខ្ញុំ​អាច​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ឆាប់រហ័ស មុន​ពេល​ការ​រំលោភ​នេះ​រីក​រាលដាល​។ ប៉ុន្តែ​ពួក​គេ​ជា​បទ​ពិសោធន៍​ដែល​តានតឹង​ខ្លាំង​។ ៕ អត្ថបទសហការ