ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​បងប្អូន​អតីត​ពលករ​មក ​ពី​ប្រទេស​ថៃ​ នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដោយ​នាំ​មក​នូវ​ឱកាស​ការងារ ​រាប់​ម៉ឺន​កន្លែង

17 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

ខេត្តបាត់ដំបង​ ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ដោយ​នាំ​យក​ឱកាស​ការងារ​ប្រមាណ​ជាង ១,១​ម៉ឺន​កន្លែង និង​ព័ត៌មាន​ស្តី​ពី​អត្ថប្រយោជន៍​​នៃ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) និង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដោយ​ឥត​គិតថ្លៃ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ នៅ​ទីធ្លា​សាធារណៈ​ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រដ្ឋបាល​ស្រុក​មោងឫស្សី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តបាត់ដំបង វិស័យ​ឯកជន សមាគម​មិត្ត​យើង អ្នក​ផ្តល់​ការ​អប់រំ​បណ្តុះបណ្តាល និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេង​ទៀត ដែល​មាន​អ្នកចូលរួម ១ ២០០​នាក់​ ។

ក្នុង​ពិព័រណ៍​ដ៏​សំខាន់​នេះ មាន​សហគ្រាស ក្រុមហ៊ុន រោងចក្រ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ១៧ បាន​ចូលរួម​សម្ភាស និង​ជ្រើសរើស​បុគ្គលិក​ភ្លាម​ៗ​ដោយ​ផ្ទាល់​ផង​ដែរ​។​ជាមួយ​គ្នា​នេះ បងប្អូន​អតីត​ពលករ និង​អ្នកចូលរួម​ទាំងអស់ បាន​ទទួល​ការ​ដឹក​ជញ្ជូន អាហារ ភេសជ្ជៈ និង​កាហ្វេ ព្រមទាំង​ទទួល​បានការ​កាត់សក់​ពី​អ្នកជំនាញ​ដោយ​ឥត​គិតថ្លៃ​ថែម​ទៀត​ផង​ ។

សូម​បញ្ជាក់​ថា ការ​រៀបចំ​ពិព័រណ៍​នេះ គឺជា​លើក​ទី​៥​ហើយ​សម្រាប់​បងប្អូន​អតីត​ពលករ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តបាត់ដំបង ខណៈ​ដែល​វា​ជា​ពិព័រណ៍​លើក​ទី ៥៧៤​ដែល​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​រៀបចំ​នៅ​ទូ​ទាំង​ប្រទេស ​។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ភាព​វិជ្ជមាន​សម្រាប់​ការ​សម្រេចចិត្ត​ធ្វើ​ការងារ​ក្នុងស្រុក​ដែល​បងប្អូន​អតីត​ពលករ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​តាម​រយៈ​ប័ណ្ណសមាជិក ប​.​ស​.​ស​. ប្រាក់​សោធន​សម្រាប់​អ្នកធ្វើការ​ដល់​អាយុ ៦០​ឆ្នាំ និង​ការ​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ​ដោយ​ភាព​កក់ក្ដៅ និង​ស្និទ្ធស្នាល អាច​ចូលរួម​ពិធីបុណ្យ​ទាន និង​វប្បធម៌​ប្រពៃណី​បាន​គ្រប់ពេលវេលា រួម​ទាំង​ភាព​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង និង​យោគយល់​គ្នា ជា​ពិសេស នៅ​កន្លែងធ្វើការ​ដែល​ប្រើប្រាស់​ភាសា​ខ្មែរ​ដូច​គ្នា​ ។

ជា​ចុង​ក្រោយ ឯកឧត្ដម បាន​អំពាវនាវ​ឱ្យ​បងប្អូន​អតីត​ពលករ​ខ្មែរ ដែល​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ គួរ​ពិចារណា​ធ្វើការ​នៅ​ក្នុងស្រុក​វិញ ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល និង​អត្ថប្រយោជន៍​ផ្សេង​ៗ និង​ពុំគួរ​រង់ចាំ​រហូត​ដល់​ស្ថានភាព​ព្រំដែន​ល្អ​ប្រសើរ​ឡើង​នោះ​ឡើយ​។ ឯកឧត្ដម​រដ្ឋមន្ត្រី ក៏​បាន​បន្ត​អំពាវនាវ​ឱ្យ​បងប្អូន​អតីត​ពលករ និង​អ្នក​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ សូម​ទាក់ទង​ប្រព័ន្ធ​ទូរ​សព្ទ Hotline លេខ​១២៩៧ ប្រសិនបើ​មាន​ច​ម្ង​ល់​ផ្សេង​ៗ ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ធ្វើ ចុះ​ឈ្មោះ​រៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥត​គិតថ្លៃ ហើយ​អាច​ទាក់ទង​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​-​អាទិត្យ ផង​ដែរ​ ៕ អត្ថបទសហការ