រាជធានីភ្នំពេញ៖ យោងតាមការផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត ជំងឺហើមសួតស្រួចស្រាវគឺជាស្ថានភាពគ្រោះថ្នាក់មួយដែលទាមទារការព្យាបាលជាបន្ទាន់ ព្រោះវាអាចគំរាមកំហែងដល់អាយុជីវិត។
រោគសញ្ញាដំបូង និងសញ្ញាធ្ងន់ធ្ងរដែលត្រូវប្រញាប់ទៅពេទ្យ
លោកអ្នកគួរតែយកចិត្តទុកដាក់ខ្ពស់ចំពោះរោគសញ្ញាទាំងនេះ៖
១. រោគសញ្ញាចាប់ផ្តើម៖
- ហត់ដង្ហក់ភ្លាមៗ: អាការៈហត់ដង្ហក់ចាប់ផ្តើមឡើងភ្លាមៗ ជាពិសេសនៅពេលយប់ ឬពេលកំពុងគេង។
- ក្អក និងមានស្លេស្មពពុះ: មុនពេលហត់ដង្ហក់ខ្លាំង អ្នកជំងឺអាចចាប់ផ្តើមដោយរមាស់ក ក្អកខ្លាំងជាប់គ្នាអត់មានស្លេស្ម។ ប្រហែល ២ ទៅ ៣ នាទីក្រោយមក នឹងមានស្លេស្មមានពពុះសៗ ជួនកាលមាន លាយឈាមប្រាៗ ទៀតផង។
- សំឡេងខ្សាវៗ: មានឮសំឡេងខ្សាវៗនៅក្នុងករបស់អ្នកជំងឺ។
- បែកញើស និងស្វាយ: អ្នកជំងឺឡេះឡាស់ខ្លាំង បែកញើសត្រជាក់ ស្វាយបបូរមាត់ និងចុងដៃចុងជើង។
២. រោគសញ្ញាធ្ងន់ធ្ងរ (ត្រូវការជំនួយសង្គ្រោះបន្ទាន់!):
- ផ្លូវដង្ហើមខ្សោយ: ចង្វាក់ដង្ហើមខ្សោយហើយយឺតខុសធម្មតា។
- ស្វាយពេញខ្លួន: ឡើងស្វាយ ឬឡើងខ្ជឹងពេញខ្លួន។
- ការបាត់បង់ស្មារតី: អ្នកជំងឺមិនអាចនិយាយបាន ស្មារតីថយចុះ ឬឡេះឡាស់ខ្លាំង។
- សម្ពាធឈាមធ្លាក់ចុះ: សម្ពាធឈាមស៊ីស្តូលិចតិចជាង ១១០មិល្លីម៉ែត្របារ៉តរហូតដល់សុក។
- ការប្រែប្រួលលឿន: រោគសញ្ញាគ្លីនិកមានការប្រែប្រួលលឿនខុសពីធម្មតា។
ដំបូន្មានបន្ទាន់៖ ប្រសិនបើមានរោគសញ្ញាធ្ងន់ធ្ងរណាមួយខាងលើនេះ កុំបង្អង់យូរ! សូមរួសរាន់ដឹកអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាបន្ទាន់បំផុតដើម្បីសង្គ្រោះអាយុជីវិត៕
ចែករំលែកព័តមាននេះ