ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្ដស្រុកអង្គរជុំ បង្ក​ផល​ប៉ះពាល់ដល់ពលរដ្ឋ

4 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក អឹ​ុ​ង គឹ​ម​លាង អភិបាលរង​ខេត្ដ តំណាង​ឯកឧត្តម…

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក អឹ​ុ​ង គឹ​ម​លាង អភិបាលរង​ខេត្ដ តំណាង​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​សៀមរាប បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ផល​ប៉ះពាល់​បង្ក​ឡើង​ដោយ​ជំនន់​ទឹកភ្លៀង ក្នុងភូមិ​សាស្ដ្រ​ស្រុក​អង្គរជុំ ។ អមដំណើរ​លោក​អភិបាលរង​ខេត្ត មាន​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ដ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត ។

លោក ភ​ន់ សុខុម អភិបាលស្រុក​អង្គរជុំ​បានឱ្យ​ដឹង​ថា សម្រាប់​ជំនន់​ទឹកភ្លៀង​នេះ​បាន​ជន់​លិច​សាលាស្រុក វិទ្យាល័យ​អង្គរជុំ និង​ដំណាំ​ស្រូវ​មួយ​ចំនួន​របស់​បងប្អូន​ប្រជាពលរដ្ឋ ។ ចំពោះ​ការ​ជន់​លិច​នៅ​ក្នុង​វិទ្យាល័យ​អង្គរជុំ​នេះ ក៏​បាន​ធ្វើ​ឱ្យ​សិស្សានុសិស្ស​ផ្អាក​ការ​សិក្សា​ជា​បណ្ដោះអាសន្ន ដើម្បី​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ទឹក​ជន់​លិច​នេះ​ឱ្យ​បាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា ដើម្បី​ឱ្យ​សិស្សានុសិស្ស​ឆាប់​បាន​ចូល​រៀន​ឡើង​វិញ ។

ក្នុង​ការ​ចុះ​ពិនិត្យ​នោះ​ដែរ លោក អឹ​ុ​ង គឹ​ម​លាង អភិបាលរង​ខេត្ដ បាន​មាន​ប្រសាសន៍​ថា ដើម្បី​ដោះស្រាយ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នេះ យើង​ត្រូវ​រក​ឱ្យ​ឃើញ​ថា តើ​ទឹក​ហូរ​មក​ពី​ប្រភព​ណា ដើម្បី​ធ្វើការ​បិទ​លូ បិទ​ខ្ទប់ ឬ​បញ្ចៀស​ទឹក កុំឱ្យ​ជន់​លិច​នៅ​តាម​ទីប្រជុំ​បែប​នេះ​បន្ដ​ទៀត ។
ជាក់ស្ដែង ក្រុមការងារ​បាន​រក​ឃើញ​ប្រភព​ដែល​ហូរ​មក​ទីប្រជុំជន គឺ​នៅ​បណ្ដោយ​ផ្លូវលំ​ចាប់ពី​ភូមិ​តា​លាវ​ដល់​ភូមិ​ចារ ដែល​ភ្ជាប់​ពី​ឃុំ​ចារ​ឈូក​ទៅ​ឃុំ​តា​សោម ក្នុងស្រុក​អង្គរជុំ ខេត្តសៀមរាប ។
ជាមួយ​គ្នា​នេះ​ដែរ លោក​អភិបាលរង​ខេត្ដ បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក​ឱ្យ​រៀបចំ​ធ្វើការ​បិទ​លូ កុំឱ្យ​ទឹក​ហូរ​ចូល​មក​ទីប្រជុំជន និង​កន្លែង​ផ្សេង​ៗ​ទៀត ព្រមទាំង​ធ្វើការ​បញ្ចៀស​ទឹក​ឱ្យ​ហូរ​ទៅ​លូ​នៅ​ភូមិ​យាង ក្នុង​ឃុំ​ចារ​ឈូក ឱ្យ​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ប្រឡាយ ។

លោក​អភិបាលរង​ខេត្ដ ក៏​បាន​បន្ដ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​តំបន់​ទឹក​លិច ដូច​ជា​ក្នុង​បរិវេណ​សាលាស្រុក វិទ្យាល័យ​អង្គរជុំ ក៏​ត្រូវ​ពិនិត្យ​មើល​លូ​ដែល​ស្ទះ​នៅ​តាម​បណ្ដោយ​ផ្លូវ​នៅ​ទីប្រជុំ ដើម្បី​ធ្វើការ​កាយ​ស្ដារ​សំរាម និង​ស្មៅ​ដែល​ស្ទះ​នៅ​មុខ​លូ ដើម្បី​ឱ្យ​ទឹក​ហូរ​បាន​លឿន ។ លោក​អភិ​បាលរង​ខេត្តក៏​បាន​ធ្វើការ​ណែនាំ និង​ជំរុញ​ដល់​អាជ្ញាធរ​ស្រុក សហការ​ជាមួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ មន្ត្រី​ជំនាញ ធ្វើការ​រំដោះ​ទឹក និង​បញ្ចៀស​ទឹក​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​កុំឱ្យ​ជន់​លិច​កសិផល​របស់​ពលរដ្ឋ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ