ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងចម្រុះបើកប្រតិបត្តិការប្រមាញ់ក្រុមចាប់ស្វាព្រៃខុសច្បាប់នៅដែនជម្រកសត្វព្រៃត្រពាំងក្អើ​ម

2 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រតិបត្តិការ​ប្រមាញ់​បទល្មើស​ព្រៃឈើ​មួយ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ពេ​ជ្រា​ដា បាន​បើក​យុទ្ធនាការ​ចុះ​ល្បាត និង​ទប់ស្កាត់​ការ​កាប់​រាន​ដី​ព្រៃ និង​ការ​បរបាញ់​សត្វ…

ខេត្តមណ្ឌលគិរី ៖ ប្រតិបត្តិការ​ប្រមាញ់​បទល្មើស​ព្រៃឈើ​មួយ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ពេ​ជ្រា​ដា បាន​បើក​យុទ្ធនាការ​ចុះ​ល្បាត និង​ទប់ស្កាត់​ការ​កាប់​រាន​ដី​ព្រៃ និង​ការ​បរបាញ់​សត្វ ជា​ពិសេស ​ក្រុម​ចាប់​ស្វា​ព្រៃ​ខុសច្បាប់​នៅ​ក្នុងសហគមន៍​តំបន់​ការពារ​ធនធានធម្មជាតិ​ត្រពាំង​ក្អើ​ម ក្នុងភូមិ​សាស្ត្រ​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា​ ។

សេចក្តី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា តាម​ការ​សន្និដ្ឋាន ក្រុម​ជនសង្ស័យ​មាន​គ្នា​ពី​១០ ​ទៅ​២០ នាក់ និង​មាន​ប្រើប្រាស់​អាវុធ​ក្នុង​ការ​ធ្វើ​សកម្មភាព​។​ ប្រតិបត្តិកា​នេះ​ ដឹកនាំ​ដោយ​លោក អ៊ា​ង ស៊ា​ង​អន អភិបាលរង​ស្រុក​ពេ​ជ្រា​ដា ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ការិយាល័យ ដែនជម្រកសត្វព្រៃ​ស្រែ​ពក កងកម្លាំងប្រដាប់អាវុធ​ទាំង​០៣​ប្រភេទ (​កងរាជអាវុធហត្ថ​, នគរបាល​, យោធា​) និង​សមាជិក សហគមន៍​តំបន់ការពារធម្មជាតិ​ត្រពាំង​ក្អើ​ម ដោយ​មាន​សមាសភាព​សរុប​៣១​រូប ​។

សេចក្តី​រាយ​ការ​បន្ត​ថា កម្លាំង​ចម្រុះ​បាន​ចុះ​ល្បាត​ដោយ​ថ្មើរជើង និង​បាន​ប្រទះ​ឃើញ​ទីតាំង​កាប់​រំលំ​ឈើ​ខុសច្បាប់​ចំនួន​០២​កន្លែង​ ។​ ទីតាំង​ទី​១ បទល្មើស​កាប់​រំលំ​ឈើ​ក្នុង​ទំហំ​ប្រមាណ​២០​អា​។ ទីតាំង​ទី​២ បទល្មើស​កាប់​រំលំ​ឈើ​ក្នុង​ទំហំ​ប្រមាណ​១៥​អា ដែល​ការ​កាប់​រំលំ​ដើមឈើ​នេះ គឺ​ហ៊ុម​ព័ទ្ធ​ដើម្បី​ចាប់​យក​សត្វ​ស្វា ដែល​ជា​បទល្មើស​ទ្វេ​ដង (​បទល្មើស​ព្រៃឈើ និង​បទល្មើស​សត្វព្រៃ​)​។

​ទោះបី​មិន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​នឹង​កន្លែង​ក្តី តែ​តាម​ការ​សន្និដ្ឋាន​ក្រុម​ជនល្មើស​មាន​ចំនួន​ប្រហែល​១០ ទៅ​២០​នាក់ និង​មានការ​ប្រើប្រាស់​អាវុធ​ក្នុង​ការ​ធ្វើ​សកម្មភាព​។

ជាមួយ​គ្នា​នេះ​ មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​អាជ្ញាធរ​ស្រុក
​ពេ​ជ្រា​​ដា​បាន​ធ្វើការ​អំពាវនាវ​យ៉ាង​ទទូច និង​សូម​សំណូមពរ​ដល់​សាធារណជន​ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ​ឲ្យ​ចូលរួម​សហការ និង​បញ្ឈប់​រាល់​សកម្មភាព​ល្មើសច្បាប់​ទាំងឡាយ​។​ ដោយ​បញ្ឈប់​ជា​បន្ទាន់ រាល់​សកម្មភាព កាប់​រាន​ដី​ព្រៃ ការ​កាប់​ឈើ​ខុសច្បាប់ និង​ការ​បរបាញ់​សត្វព្រៃ​នៅ​គ្រប់​តំបន់ការពារធម្មជាតិ​ទាំងអស់​។

ទ​ង្វើ​ទាំងនេះ​ មិន​ត្រឹមតែ​ជា​បទល្មើស ដែល​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បំផ្លាញ​ដល់​ធនធានធម្មជាតិ​ដ៏​មាន​តម្លៃ និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​របស់​ប្រជា​សហគមន៍​នា​ពេល​អនាគត​ ។

សូម​បងប្អូន​ត្រឡប់​មក​រួម​គ្នា​ការពារ និង​ថែរក្សា​ព្រៃឈើ និង​សត្វព្រៃ​របស់​យើង​វិញ​។​ ខណៈ​អាជ្ញាធរ​ខេត្ត​នឹង​បន្ត​អនុវត្ត​ច្បាប់​ដោយ​តឹងរ៉ឹង និង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ចំពោះ​ជនល្មើស​ណា​ដែល​នៅ​តែ​បន្ត​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ