ខេត្តឧត្តរមានជ័យ ៖ នៅស្រុកអន្លង់វែង គេសង្កេតឃើញប្រជាពលរដ្ឋខ្មែរ នៅតែនាំគ្នាប្រកបរបរធ្វើចន្លុះលក់ និងនៅមានហាងឆេងកាក់កបគ្រាន់បើសម្រាប់ដោះស្រាយជីវភាពនៅក្នុងគ្រួសារ ។
ក្មួយស្រីម្នាក់ឈ្មោះ វ៉ាន់ ឌី កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងមក បានឲ្យដឹងថា នៅក្នុងស្រុកអន្លង់វែង មានប្រជាពលរដ្ឋប្រមាណ៣០ភាគរយប្រកបរបរធ្វើចន្លុះលក់ ដែលជាកេរដំណែលរបស់ដូនតាយើងបានបន្សល់ទុករហូតមកដល់បច្ចប្បន្ន ។ នាងក៏ជាអ្នកប្រកបរបរធ្វើចន្លុះលក់ដែរ និងបានដើរប្រមូលទិញពីប្រជាពលរដ្ឋក្នុងស្រុក នាំចេញទៅលក់ឲ្យក្រុមឈ្មួញសៀមតាមច្រកទ្វារអន្តរជាតិជាំ កាលពីមិនទាន់បិទច្រកទ្វារកន្លងទៅ ។

ក្មួយស្រីបានបញ្ជាក់ថា ទោះបីទីផ្សារនៅថៃប្រែប្រួលក្ដី ក៏សព្វថ្ងៃនេះនាងនៅតែប្រកបរបរនេះដដែល និងបានដើរប្រមូលទិញនៅក្នុងស្រុក ក្នុង១ដុំមានចំនួន៥ដើម ខ្នាតតូចតម្លៃ២ពាន់រៀល ចំណែកខ្នាតធំមាន៥ដើមដូចគ្នា តម្លៃ៤ពាន់រៀល ។ ចន្លុះនេះ កាលពីអតីតកាលគេធ្វើសម្រាប់ដុតបំភ្លឺផ្លូវ ឬបំភ្លឺនៅក្នុងផ្ទះ និងតម្រូវឱ្យឧស្សាហ៍កៀសទើបវាឆេះភ្លឺល្អ តែអត្ថប្រយោជន៍នាពេលនេះគឺប្រជាពលរដ្ឋទិញយកទៅទុកបង្កាត់ភ្លើងដើម្បីចម្អិនម្ហូបអាហារ ។
ថ្វីដ្បិតតែបណ្តាញអគ្គិសនីបានតភ្ជាប់រហូតដល់ជនបទក៏ពិតមែន ក៏កង្វះខាតភ្លើងបំភ្លឺតាមផ្លូវចូលព្រៃ ឬនៅក្នុងឱកាសបុណ្យទាន ដែលធ្វើនៅតាមភ្នំឆ្ងាយៗ នៅតែត្រូវការចន្លុះបំភ្លឺផ្លូវជាចាំបាច់ផងដែរ ។ អ្នកផលិតចន្លុះនៅភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង បានឲ្យដឹងថា ការបង្កើតសិប្បកម្មផលិតចន្លុះនេះ មានរយៈពេលច្រើនឆ្នាំមកហើយ ដោយក្នុង១ថ្ងៃ អាចផលិតបានចន្លុះចំនួន៧០០ដើម ។

កាលពីមុនមក អ្នកផលិតចន្លុះមានតែ២គ្រួសារប៉ុណ្ណោះ បន្ទាប់ពីបានរៀនធ្វើចន្លុះនេះ ចេះ
តៗគ្នាមក រហូតធ្វើឲ្យអ្នកផលិតចន្លុះក្នុងតំបន់នេះមានការកើនឡើងរហូតដល់៦០គ្រួសារនាពេលបច្ចុប្បន្ន ។ វត្ថុធាតុដើមដែលផ្សំធ្វើបានជាចន្លុះនេះមាន៣មុខគឺ កាកជ័រទឹក ស្លឹកដើមព្រាលនិងសម្បកកង់ចាស់ៗ ដោយដុតជាធ្យូងហើយបុកឲ្យម៉ដ្ឋ ។ ក្នុងចន្លុះ១ដើម ពេលផលិតសម្រេចមានទម្ងន់២ទៅ៣ខាំ ដែលអាចលក់ចេញបានក្នុង១ដើមជិត ១ ០០០រៀល ។ចន្លុះជាគ្រឿងអុជបំភ្លឺ ធ្វើដោយជ័រ និងស្លឹកឈើ ឬធ្វើដោយសម្បកឈើដែលមានជ័រ ។
បើត្រឡប់ទៅកាន់អតីតកាល នៅពេលដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ «ចន្លុះ» គឺជាគ្រឿងអុជបំភ្លឺដ៏សំខាន់មួយក្នុងជីវិតប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋតាមទីជនបទ ។ ពួកគាត់ប្រើវាសម្រាប់បង្កាត់ភ្លើងចម្អិនអាហារ ឬបំភ្លឺផ្លូវនៅពេលយប់ ។ ទោះជាយ៉ាងណា បច្ចុប្បន្នការប្រើប្រាស់ចន្លុះបានថយចុះ ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា និងសម្ភារៈប្រើប្រាស់ទំនើបៗដូចជា ចង្ក្រានហ្កាស និងឆ្នាំងអគ្គិសនីជាដើម ។

បច្ចុប្បន្នមិនមែនមានន័យថា របរធ្វើចន្លុះត្រូវបាត់បង់ទេ ។ នៅក្នុងភូមិមួយនៅមិនឆ្ងាយប៉ុន្មានពីរមណីយដ្ឋានអង្គរ នាខេត្តសៀមរាប ក៏នៅតែបន្តផលិតចន្លុះដែរ ដើម្បីរក្សារបរដូនតានេះឱ្យនៅគង់វង្ស ។ របរនេះ គឺជាមរតកមួយដែលបានបន្តពីអ្នកជំនាន់មុនៗ ។ ស្របពេលដែលមនុស្សស្ទើរតែភ្លេច ពីរបស់របរប្រើប្រាស់ពីអតីតកាល របរធ្វើចន្លុះបានក្លាយជារឿងរ៉ាវរំឭកដល់មនុស្សជំនាន់ក្រោយ អំពីអតីតកាល និងរបៀបរស់នៅសាមញ្ញរបស់អ្នកជនបទកាលពីមុន ។ ការបន្តផលិតចន្លុះនេះ នឹងជួយឱ្យមនុស្សជំនាន់ក្រោយយល់ពីតម្លៃនៃរបរបុរាណ ដែលផលិតដោយដៃ និងមរតកខ្មែរយើងដែលមិនគួរឱ្យបាត់បង់ ៕



ចែករំលែកព័តមាននេះ