ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន កម្ពុជា-វៀតណាម លើកទី២ ប្រព្រឹត្តទៅនៅខេត្តតៃនិញ
ខេត្តតៃនិញ,វៀតណាម ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ហ្វាន…
ខេត្តតៃនិញ,វៀតណាម ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ហ្វាន…
ខេត្តតៃនិញ,វៀតណាម ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួមជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន កម្ពុជា-វៀតណាម លើកទី២ សំដៅបង្កើនទំនាក់ទំនងជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងកសាងព្រំដែនកម្ពុជា-វៀតណាមប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជនប្រទេសទាំងពីរនៅតំបន់ព្រំដែន ឱ្យកាន់តែប្រសើរឡើងថែមទៀត ដែលប្រព្រឹត្តទៅនៅខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា-វៀតណាម បានដាំដើមឈើមិត្តភាព និងទស្សនាលំហាត់សុខាភិបាលរួមគ្នា រវាងកងទ័ពទាំងពីរកម្ពុជា និងកងទ័ពវៀតណាម។ គណៈប្រតិភូបន្តដំណើរទៅសាលាបឋមសិក្សាបេនកូវ (វៀតណាម) និងទៅភូមិប្រជាជនចងសម្ព័ន្ធមេត្រីភាព នៅតាមតំបន់ព្រំដែនរវាងភូមិអូតាម៉ូ (ស្រុកស្វាយទាប ខេត្តស្វាយរៀង និងភូមិឡុងគ្រឿង (ខេត្តតៃនិញ វៀតណាម)។ បន្ទាប់មកទៀត គណៈប្រតិភូបន្តដំណើរចូលរួម ជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែន ថ្នាក់រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-វៀតណាម លើកទី២ នៅកងពលធំលេខ៥ យោធភូមិភាគទី៧ ស្ថិតនៅខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម ហើយលោកបានគូសបញ្ជាក់ជាថ្មី ម្តងទៀតនូវចំណងមិត្តភាព សាមគ្គីភាពដ៏យូរអង្វែង និងការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជា នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាម សំដៅបង្កើននូវទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការ ការពារជាតិ ជាមួយគ្នាទៅវិញទៅមក ឱ្យកាន់តែស៊ីជម្រៅរឹងមាំបន្ថែមទៀត។ ស្របគ្នានេះដែរ ក៏ចូលរួមការពារ ថែរក្សានូវសន្តិសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ ប្រកបដោយចីរភាព និងសាមគ្គីភាព មិត្តភាព សម្រាប់តំបន់ និងសកលលោកទាំងមូល។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈប្រតិភូបានជួបជុំនៅច្រកព្រំដែនកម្ពុជា វៀតណាម បាវិត -ម៉ុកបាយ បង្គោលព្រំដែនលេខ១៧១។ រដ្ឋមន្ត្រីការពារជាតិកម្ពុជា វៀតណាមអញ្ជើញ លាបបង្គោលព្រំដែនលេខ ១៧១ និងទស្សនាការល្បាតរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា វៀតណាម នៅបង្គោលព្រំដែនលេខ១៧១ ។
ក្រោយពីបញ្ចប់ធ្វើទស្សនកិច្ចផ្លូវការ និងចូលរួមជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែន ថ្នាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា-វៀតណាម លើកទី២ និងលំហាត់សុខាភិបាល រួមគ្នារវាងកងទ័ពទាំង២ រួចមក លោករដ្ឋមន្ត្រីការពារជាតិកម្ពុជា វៀតណាម បានអញ្ជើញបន្តដំណើរទៅចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅសាលារៀនបឋមសិក្សា សាំង សុវណ្ណ ស្ថិតនៅស្រុកស្វាយទាប ខេត្តស្វាយរៀងផងដែរ ៕


































































ចែករំលែកព័តមាននេះ