រាជធានីភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់លើក្រុមក្មេងទំនើងមានរហស្សនាមថា «ក្រុមឈូកវ៉ា១(CV1) និងក្រុមភ្នំបាសិត» ពាក់ព័ន្ធសំណុំរឿងលើកគ្នាទៅតាមកាប់ភាគីជនរងគ្រោះ ដើម្បីដោះគំនុំចាស់ ទីបំផុត អ្នកខ្លាំងត្រូវបានទៅដេកក្នុងពន្ធនាគារ ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០២ និង៤០នាទីរំលងអធ្រាត្រ មានក្រុមក្មេងទំនើងចំនួន០២ក្រុម មានរហស្សនាម ក្រុមឈូកវ៉ា១ (CV1) និងក្រុមភ្នំបាសិត មានគ្នាសរុបចំនួន១៤នាក់ បានបបួលគ្នាជិះម៉ូតូចំនួន០៧ គ្រឿង ដើម្បីទៅរកក្រុមក្មេងទំនើងមួយក្រុមទៀត ដែលធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមក ដើម្បីវាយសងសឹកគំនុំចាស់ ។
លុះនៅពេលដែលក្រុមក្មេងទំនើងខាងលើ បានជិះម៉ូតូមកដល់ចំណុចមុខខ្លោងទ្វារវត្តជុំ ផ្លូវ២០១១ ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក៏បានឃើញជនរងគ្រោះចំនួន៣នាក់ កំពុជិះម៉ូតូឌុបគ្នា ស្រាប់តែពេលនោះ ក្រុមឈូកវ៉ា១ (CV1) និងក្រុមភ្នំបាសិត បានយកដែកបំពង់ទីបចំនួន០១ដើម ដែកដងឆត្រចំនួន០២ដើម និងកាំបិតបុ័ងតោចំនួន០២ ដេញវាយទៅលើជនរងគ្រោះ ឃើញដូច្នោះជនរងគ្រោះបានជិះម៉ូតូរត់គេចខ្លួន តែក៏បានដួលម៉ូតូ ភ្លាមនោះ ក្រុមក្មេងទំនើងបានឈប់ម៉ូតូ រូចនាំគ្នាព្រួតវាយ និងកាប់លើជនរងគ្រោះត្រូវចំនួន០៤ដងឆ័ត្រ និងត្រូវចំនួន០៣ មួកសុវត្តិភាព ចំណែកជនរងគ្រោះម្នាក់ទៀត ត្រូវបានក្រុមជនសង្ស័យ យកកាំបិតបុ័ងតោកាប់ចំមុខរងរបួសមុតរយះចេញឈាម ហើយជនរងគ្រោះក៏បានរត់គេចខ្លួនចេញពីម៉ូតូបាត់ ។
ក្រុមក្មេងទំនើងខាងលើបានបន្តព្រួតគ្នាវាយ និងកាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យរងការខូចខាត ថែមទាំងបានវាយបំបាក់ និងយកស្លាកលេខម៉ូតូជនរងគ្រោះ ជិះគេចខ្លួនបាត់អស់ ។
រហូតមកដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនគរបាលបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ម្នាក់ឈ្មោះ ហ៊ន ឈិនឡុង ភេទប្រុស អាយុ២១ឆ្នាំ និងម្នាក់ឈ្មោះឆេង ភីវៈយុទ្ធ ហៅហ្វី ភេទប្រុស អាយុ១៩ឆ្នាំ ដកហូតបានកាំបិតបុ័ងតោចំនួន០២ដើម និងស្លាកលេខម៉ូតូរបស់ជនរងគ្រោះដែលក្រមក្មេងទំនើងបានយកទៅ ។ ចំណែកឯបក្សពួកដែលពាក់ពន្ធនិងករណីខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង០២នាក់ខាងលើ និងបក្ខពួកពីបទ.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស លួចមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខខ្លោងទ្វារវត្តជុំ ផ្លូវ២០១១ ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដែលមានបញ្ញតិឲ្យផ្តន្ទាទោសតាមមាត្រា ២១៩ មាត្រា៣៥៣ មាត្រា៣៥៧ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ ។
ជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំទទួលទោសតាមផ្លូវច្បាប់ ។ ចំណែកបក្ខពួកក្រុមក្មេងទំនើងខាងលើ ចំនួន០៦ នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ពន្ធចំនួន៣ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ និងកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត (ព្រួតគ្នាយកដាវដេញកាប់លើជនរងគ្រោះកំពុងជិះម៉ូតូឌុ បគ្នាចំនួន០២នាក់ ត្រូវអ្នកជិះខាងក្រោយរងរបួស និងយកជើងធាក់ជនរងគ្រោះបណ្ដាលឲ្យម៉ូតូរេចង្កូតទៅបុកបង្គោលភ្លើងស្លាប់អ្នកបើកបរម៉ូតូ) ប្រព្រឹត្តនៅចំណុចមុខវិទ្យាស្ថាន បច្ចេកទេសកម្ពុជា ផ្លូវសហព័ន្ធរុស្ស៊ី ក្រុម៥៥ ភូមិ១៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ក៏ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការឃុំខ្លួនដែរ ដែលមានឈ្មោះដូចខាងក្រោមនេះ ៖
១.ឈ្មោះ ប៊ុន គឹមឡេង ហៅ អាប៉ាវ ភេទប្រុស អាយុ១៨ ឆ្នាំ
២.ឈ្មោះ ចំរើន រតនៈ ហៅ និន ភេទប្រុស អាយុ១៨ ឆ្នាំ
៣.ឈ្មោះ បូរ ស័ក្តករុណា ហៅ ម៉ាប់ ភេទប្រុស (ធ្លាប់ជាប់ពន្ធនាគារ១៧ ថ្ងៃ)
៤.ឈ្មោះ ឌុប រូត ភេទប្រុស អាយុ ២៥ ឆ្នាំ
៥.ឈ្មោះ ថា ដារិទ្ធ ហៅ ចិន ភេទប្រុស ១៨ ឆ្នាំ
៦.ឈ្មោះ ម៉ុន សុបញ្ញា ភេទប្រុស អាយុ១៨ ឆ្នាំ ៕
ចែករំលែកព័តមាននេះ