រាជធានីភ្នំពេញ ៖ ដោយមើលឃើញពីការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាស្លូតត្រង់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំ និងបានដាក់ញត្តិជាបន្ទាន់ទៅ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យ ក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា ផងដែរ ។
ឯកឧត្តម កែវ រ៉េ មី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងតាមបណ្តាញសង្គមនៅយប់ថ្ងៃទី១២ វិច្ឆិកាថា នៅក្នុងញត្តិបន្ទាន់នោះ គ.ស.ម.ក. បានអំពាវនាវ និងលើកសំណើមួយចំនួន ដូចខាងក្រោម ៖
- បញ្ឈប់រាល់សកម្មភាពអរិភាពយោធា និងធានាសុវត្ថិភាពរបស់ជនស៊ីវិលកម្ពុជា។
- ធ្វើការស៊ើបអង្កេតដោយឯករាជ្យ មិនលម្អៀង និងដាក់ទោសចំពោះឧក្រិដ្ឋកម្មនេះ។
- ផ្តល់ការថែទាំព្យាបាលជាបន្ទាន់ និងសំណងដល់ជនរងគ្រោះ និងគ្រួសារ។
- ពង្រឹងវិធានការបង្ការ និងអនុវត្តឱ្យបានពេញលេញនូវខ្លឹមសារកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួ។
- លើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬនីតិវិធីពិសេសពាក់ព័ន្ធនានា។
- ចាត់តាំងឱ្យមានបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិដើម្បីវាយតម្លៃស្ថានភាព និងទប់ស្កាត់ការកើតឡើងវិញ។
- ប្រទេសថៃ ត្រូវដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង១៨នាក់ ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ ៕

ចែករំលែកព័តមាននេះ