ខេត្តមណ្ឌលគិរី ៖ ស្ថានភាពអាកាសធាតុប្រែប្រួល ដោយសារឥទ្ធិពលភ្លៀងធ្លាក់បន្តបន្ទាប់នៅសប្តាហ៍ទី១ នៃខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្កឱ្យមានការខូចខាតមួយចំនួនលើហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ និងស្ពាន នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ។

ជាក់ស្ដែងនារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យដោយផ្ទាល់ នូវការខូចខាតដែលបង្កឡើងដោយទឹកភ្លៀងនៅចំណុចស្ពានដើមបេង ដោយសារទឹកហូរច្រោះក្បាលស្ពាន អាចរាំងស្ួះការធ្វើដំណើរឆ្លងកាត់ ។ស្ពានដើមបេង គឺជាខ្សែផ្លូវដ៏សំខាន់សម្រាប់តភ្ជាប់ពីក្រុងសែនមនោរម្យ ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ដ៏ល្បីល្បាញទឹកជ្រោះប៊ូស្រា ។

ក្រោយការចុះពិនិត្យ ក្រុមការងារបានវាយតម្លៃថា ការខូចខាតដោយទឹកហូរច្រោះនេះ មិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការចរាចរណ៍ទូទៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឡើយ ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា មន្ត្រីជំនាញនឹងធ្វើការជួសជុល និងស្តារឡើងវិញឲ្យបានឆាប់រហ័សបំផុត ដើម្បីធានាបាននូវគុណភាពផ្លូវ និងសុវត្ថិភាពខ្ពស់បំផុតជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការធ្វើដំណើរឆ្លងកាត់តំបន់នេះ ។

ឥទ្ធិពលព្យុះទី២៦ ឈ្មោះហ្វុងវង់ មិនបានប៉ះពាល់កម្ពុជាទេ តែមានភ្លៀងធ្លាក់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ព្យុះទី២៦ ឈ្មោះ ហ្វុងវង់ មិនបានប៉ះកម្ពុជាទេ តែធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងរង្វង់១០ទៅ១៥% ។

យោងតាមព្រឹត្តិបត្រព័ត៌មាន អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទី២៦ ឈ្មោះ ហ្វូងវង់ (Fung-wong) T2526 មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា ។ ព្រះរាជាណាចក្រកម្ពុជា មិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ហ្វូងវង់ នេះទេ ។

ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C ។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍ មានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០% ៕
ចែករំលែកព័តមាននេះ