បេក្ខភាពបវរកញ្ញាកម្ពុជា នាងហ្វីយ៉ាតា បានផ្ញើសារប្រាប់អ្នកគាំទ្រទាំងអស់ កុំឱ្យបាម្ភពីរូបនាង បន្ទាប់ពីនាងបានបញ្ចេញរឿងមានមហាជនដែលជាជនជាតិថៃមួយចំនួនបាននិយាយឡកឡឺយរិះគន់ និងរើសអើងជាតិសាសន៍មកលើរូបនាងអំឡុងពេលដំណើរការប្រកួត Miss Universe នៅក្នុងប្រទេសថៃ ។

អ្នកគាំទ្រជាច្រើនបានសម្តែងការបារម្ភអំពីសុវត្ថិភាពរបស់ហ្វីយ៉ាតា បន្ទាប់ពីនាងបានទទួលរងការប្រមាថពីសំណាក់ជនជាតិថៃមួយចំនួនមកលើរូបនាង ដែលបញ្ហានេះ បានធ្វើប៉ះពាល់ដល់ផ្លូវចិត្តយ៉ាងខ្លាំងសម្រាប់រូបនាង ។ នៅក្នុងវីដែអូដែលបាន Live តាមបណ្តាញសង្គម ហ្វីយ៉ាតា បានបង្ហូរទឹកភ្នែកនៅចំពោះមុខបវរកញ្ញានានាដោយនាងបានបញ្ជាក់ថា មានជនជាតិថៃម្នាក់បាននិយាយភាសាថៃ សើចឡកឡឺយដាក់នាង ដោយគិតថា នាងមិនចេះស្តាប់ ។
នាងបញ្ជាក់ថា បុរសរូបនោះ គឺជាអ្នកសារព័ត៌មាន ហើយអំឡុងពេលដែលនាង និងបវរកញ្ញាផ្សេងទៀតបានដើរចុះមកក្រោម គឺអ្នកសារព័ត៌មានរូបនោះ បានកាន់កាមេរ៉ាបើក flash និងនិយាយពាក្យថា «ត្រូវហើយអ្នកមកផ្ទះរបស់យើង អ្នកត្រូវតែគោរពបែបនេះ បើមិនដូច្នេះទេអ្នកនឹងដួល ឬធ្លាក់» បន្ទាប់មកសើច ដោយកាន់កាមេរ៉ាបើក flash ដាក់ចំមុខនាង ។

យ៉ាងណា ក្នុងពេលដែលបានឮពាក្យទាំងអស់នេះ ហ្វីយ៉ាតា មិនបានឆ្លើយតបណាមួយទៅកាន់អ្នកសារព័ត៌មាននោះវិញឡើយ ពោលគឺនាងស្តាប់ហើយ ក៏ដើរចេញតែម្តងទៅ។ ដោយឡែកដូចគ្នានេះដែរ អំឡុងការប្រកួតនេះ ហ្វីយ៉ាតាក៏ទទួលបានការនិយាយឡកឡឺយពីសំណាក់ជនជាតិថៃ២រូប ដែលគេស្គាល់ថា ជាក្រុមហ្វេសប៊ុកផេកផ្សព្វផ្សាយព័ត៌មានបវរកញ្ញាដោយបាននិយាយជាភាសាថៃឡកឡឺយក្នុងន័យមើលងាយលើនាងម្ដងហើយម្ដងទៀតផងដែរ ។
ករណីនេះ បានធ្វើអោយអ្នកគាំទ្រ ហ្វីយ៉ាតា នៅកម្ពុជាជាច្រើននាក់ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ខណៈពេលដែលពួកគេក៏បានសម្តែងក្តីព្រួយបារម្ភចំពោះសុវត្ថិភាពរបស់បេក្ខភាពតំណាងកម្ពុជារូបនេះផងដែរ ដ្បិតការប្រកួតមិនទាន់ត្រូវបានបញ្ចប់នៅឡើយ ។

យ៉ាងណា ក្រោយឃើញមានហេតុការណ៍នេះកើតឡើង ហ្វីយ៉ាតាក៏បានបង្ហោះសារប្រាប់អ្នកគាំទ្រកុំឱ្យមានការព្រួយបារម្ភចំពោះនាង ដ្បិតនាងតែងក្លាហានក្រោកឈរយ៉ាងរឹងមាំក្នុងនាមជាកូនខ្មែរមួយរូប ។
ហ្វីយ៉ាតាបានបង្ហោះសំណេរលើបណ្តាញសង្គមថា ខ្ញុំទទួលបានសារអ្នកទាំងអស់គ្នា បានឃើញ បានអានហើយណា.. ខ្ញុំអរគុណ ហើយសុំទោសដែលធ្វើអោយបារម្ភ តាមពិតខ្ញុំពិតមិនចង់បង្ហាញ តែពិភពលោកនេះពេលខ្លះតម្រូវអោយយើងបែបនេះ។
នាងបញ្ជាក់ថា កុំបារម្ភ សល់ពេលមិនយូរទេ យើងបានជួបគ្នាវិញហើយ ទោះមានរឿងប៉ះផ្លូវចិត្តខ្ញុំ តែជឿខ្ញុំទៅ គេកាន់តែធ្វើ ពិភពលោកកាន់តែឃើញ ខ្ញុំកូនខ្មែរណា រឿងអីខ្ញុំងើបឈរវិញមិនកើត ។
ការកត់សម្គាល់ ក្រោយមានហេតុការណ៍នេះកើតឡើង ស្ថាប័ន Miss Universe ក៏បានចេញសារប្រកាសជុំវិញរឿងរ៉ាវខាងលើ ដោយស្ថាប័នបានអរគុណទៅកាន់បវរកញ្ញាប្រទេសដទៃទៀត សម្រាប់ការយកចិត្តទុកដាក់ចំពោះបវរកញ្ញាកម្ពុជា ខណៈពេលស្ថាប័នក៏បានបញ្ជាក់ពីការធានាលើសុវត្ថិភាព និងជួយដោះស្រាយបញ្ហានេះឱ្យបវរកញ្ញាកម្ពុជាផងដែរ ៕


ចែករំលែកព័តមាននេះ