ទីក្រុងតៃប៉ិ៖ ខ្យល់ព្យុះហ្វុងវ៉ុងបង្កជាភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់នៅកោះតៃវ៉ាន់។ មនុស្សរាប់ពាន់នាក់ជម្លៀសខ្លួនជាបន្ទាន់។ អាជ្ញាធរជម្លៀសមនុស្ស៨៣០០នាក់មុនពេលខ្យល់ព្យុះបក់ទៅដល់នៅថ្ងៃពុធនេះ។ តំបន់ភ្នំនៅភាគខាងកើតនឹងទទួលបានរបបទឹកភ្លៀងយ៉ាងច្រើនអនេក និងទឹកជំនន់យ៉ាងសម្បូរហូរហៀរ។ នៅតំបន់ខ្លះទឹកលិចរហូតដល់ត្រឹមកក៏មាន។
គេឃើញថាហាងលក់ទំនិញ និងសាលារៀនត្រូវបិទទ្វារភាគច្រើននៅតំបន់ខាងត្បូង។ មនុស្ស៥១នាក់រងរបួសដោយសារប្រការផ្សេងៗដែលបណ្ដាលមកពីខ្យល់ព្យុះ។ តាមរយៈរូបវីឌីអូដែលផ្សព្វផ្សាយតាមទូរទស្សន៍ គេឃើញថាទឹកលិចខ្លាំងនៅតំបន់ជនបទភាគខាងកើត។ ទាហានកំពុងចុះប្រតិបត្តិការជួយសង្គ្រោះអ្នករស់នៅតំបន់ដែលត្រូវហ៊ុមព័ទ្ធដោយវាលទឹក។
អ្នកនេសាទត្រីម្នាក់ឈ្មោះហុងឈុនយីប្រាប់ថាទឹកជំនន់លើកនេះហក់ឡើងខ្ពស់យ៉ាងឆាប់រហ័ស។ គាត់ត្រូវចំណាយពេលពេញមួយយប់ដើម្បីលាងសម្អាតដីភក់ល្បាប់ដែលហូរចូលក្នុងផ្ទះរបស់គាត់នៅទីក្រុងកំពង់ផែស៊ូអាវ (Suao)។ ផ្ទះរបស់គាត់ជាន់ទីមួយត្រូវទឹកលិចកម្ពស់៦០សង់ទីម៉ែត្រ។ គាត់ថ្លែងបន្តទៀតថាភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទឹកលិចយ៉ាងឆាប់រហ័សជាហេតុធ្វើឱ្យប្រព័ន្ធលូមិនអាចរំដោះទឹកទាន់ពេលវេលា។
ផ្នែកពន្លត់អគ្គិភ័យឱ្យដឹងថាគេបានជម្លៀសប្រជាជន៨៣០០នាក់ចេញពីផ្ទះរបស់ពួកគេទៅកាន់ទីកន្លែងសុវត្ថិភាព។ ភាគច្រើននៃអ្នកទាំងនោះរស់នៅតំបន់យីឡាន និងហួលៀន។ មន្ត្រីឧតុនិយមថ្លែងថាទីក្រុងតុងសានទទួលបានរបបទឹកភ្លៀង៧៩៣មិល្លីម៉ែត្រកាលពីថ្ងៃអង្គារ។ ខ្យល់ព្យុះហ្វុងវ៉ុងនឹងបក់ទៅតំបន់ចុងប៉ូចគេនៃភាគខាងត្បូងនៅល្ងាចថ្ងៃពុធ។ បន្ទាប់មកនឹងបង្ហួសដំណើរទៅមហាសមុទ្រប៉ាស៊ីហ្វិច។ នេះបើតាមការផ្សាយរបស់រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ