ខេត្តកំពង់ចាម ៖ ស្របពេលដែលចូលឆ្នាំសកលកាន់តែខិតជិតមកដល់ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត រួមនិងសហការី បានអញ្ជើញចុះពិនិត្យទីតាំងអាងទឹកបីកន្លែង ក្នុងនោះមាន ១-មុខធនាគារកាន់ណាឌីយ៉ា ២-មុខធនាគារជាតិខេត្ត ៣-កំពង់រង់ចាំមាត់ទន្លេក្នុងក្រុងកំពង់ចាម។ ដោយធ្វើការកែលម្អទំនើបកម្ម និងពង្រីកទំហំបន្ថែម ព្រមទាំងបំពាក់ប្រព័ន្ធបាញ់ទឹករេរាំ ឱ្យកាន់តែស្រស់ស្អាត ដើម្បីប្រយោជន៍ទាក់ទាញភ្ញៀវជាតិទាំងនៅក្នុងខេត្តនិងក្រៅខេត្តមកកំសាន្តលេង។

លោកប្រាក់ ទិត្យ នាយកទីចាត់ការផែនការនិងវិនិយោគខេត្តមានប្រសាសន៍ឱ្យដឹង នៅរសៀលថ្ងៃទី១១ វិច្ឆិកាឆ្នាំ ២០២៥ថា ចំពោះអាងទឹកទាំងបីដែលមានទីតាំង ស្ថិតនៅក្នុងក្រុងកំពង់ចាមក្នុងនោះ មានពីររាងចតុកោណកែង និងមួយទៀតនៅមាត់ទន្លេរាងរង្វង់មូល ដែលបានអភិវឌ្ឍន៍ក្រោមស្នាដៃអតីតជំនាន់អភិបាលខេត្តចាស់ ។ ហើយនៅក្នុងអាណត្តិទី២នេះ ឯកឧត្តមអភិបាលខេត្តបានយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីឲ្យកាន់តែមានភាពស្រស់ស្អាតគួរឱ្យទាក់ទាញ ។

លោកប្រាក់ ទិត្យ មានប្រសាសន៍បន្តឲ្យដឹងទៀតថា ដោយបានការឯកភាពពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ក្នុងការរៀបចំកែលម្អសួនច្បារនានា ក្នុងក្រុងកំពង់ចាម អោយកាន់តែមានភាពស្រស់បំព្រង នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំបានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យ សិក្សាលទ្ធភាព ក្នុងការរជួសជុលកែលម្អសួនច្បារ និងបំពាក់ប្រព័ន្ធបាញ់ទឹកទំនើប និងការតម្លើងអំពូលបំភ្លឺនៅលើសួនច្បារផ្លូវភ្លោះព្រះមុន្នីវង្ស និងសួនច្បារ តាមបណ្តោយមាត់ទន្លេ ស្ថិតក្នុងសង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម ធ្វើយ៉ាងណាគួរឱ្យចាប់អារម្មណ៍ពីភ្នែកមហាជនគ្រប់ស្រទាប់វណ្ណៈ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថា ការរៀបចំតុបតែងកែលម្អសួនច្បារខាងលើ គឺជាជ្រុងមួយដែលធ្វើឲ្យក្រុងកំពង់ចាម កាន់តែមានសោភ័ណភាពស្រស់បំព្រង ទ្វេឡើង និងមានសុវត្ថិភាពខ្ពស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលំហែកំសាន្តប្រកបដោយផាសុកភាព និងសាកសមជាក្រុង ដែលទទួលបានជ័យលាភី ២អាណត្តិជាប់គ្នា «ទីក្រុងស្អាត រំដួល ៣ទង»។

រហូតមកដល់ព្រឹកថ្ងៃទី១១ វិច្ឆិកា ក្រុមវិស្វករនៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្តបានចុះសិក្សាស្វែងយល់នៅតាមខេត្តដទៃ ដើម្បីមានគំនិតច្នៃប្រឌិតបង្កើតថ្មីធ្វើយ៉ាងណាឱ្យទីតាំងអាងទឹកទាំងបីកន្លែងត្រូវបានពង្រីក និងស្រស់ស្អាតជាងមុន ធ្វើយ៉ាងណា ការស្ថាបនានេះនឹងឲ្យរួចរាល់មុនឱកាសបុណ្យឆ្លងឆ្នាំសកលចូលឆ្នាំ២០២៥ ចូលមកដល់ ។



ចែករំលែកព័តមាននេះ