ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​ព្យុះ​ទី​២៦ ឈ្មោះ​ «ហ្វុ​ង វង់» មិន​បាន​ប៉ះពាល់​កម្ពុជា​ទេ ​តែ​មាន​ភ្លៀង​ធ្លាក់​ក្នុង​រង្វង់​​ពី​១០%​ទៅ​១៥%​ចាប់​ថ្ងៃ​ទី​១២​ ដល់​១៤ ​វិច្ឆិកា

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ព្យុះ​ទី​២៦ ឈ្មោះ​ហ្វុ​ង វង់ មិន​បាន​ប៉ះ​កម្ពុជា​ តែ​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​រង្វង់​១០%​ ទៅ​១៥%​។…

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ព្យុះ​ទី​២៦ ឈ្មោះ​ហ្វុ​ង វង់ មិន​បាន​ប៉ះ​កម្ពុជា​ តែ​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​រង្វង់​១០%​ ទៅ​១៥%​។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ព្យុះ​ទី​២៦ ឈ្មោះ ហ្វូង វង់ (Fung-wong) T2526 មាន​ឥទ្ធិពល​លើ​របប​ខ្យល់​មូសុង​ឦសាន ដែល​បក់​លើ​សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា សមុទ្រ​អាន​ដាម​ម៉ែ​ន និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ ព្រះរាជាណាចក្រ​កម្ពុជា​មិន​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ ហ្វូង វង់ នេះ​ទេ​។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​ នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥​នៅ​តំបន់​វាលទំនាបសីតុណ្ហភាព​មធ្យម​អប្បបរមា​២១°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣០°C​ ។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសបូព៌​មាន​ល្បឿន​មធ្យម​៤​ម៉ែត្រ​វិនាទី​។ ខេត្តបន្ទាយ​មានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ​រៀង និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១០%​ ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២១°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​២៩°C ​។ ខ្យល់​បក់ មក​ពី​ទិសបូព៌ និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម​៤​ម៉ែត្រវិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១០%​។

ដោយឡែក ​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២១°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​២៩°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិសអាគ្នេយ៍ មាន​ល្បឿន​មធ្យម​​៥​ម៉ែត្រ​វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១៥%​ ។  រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ នឹង​កម្ពស់​មធ្យម​អតិបរមា ១,៥០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ