ថ្វីត្បិតតែសន្ទុះវិនិយោគទុនជប៉ុនមិនស្ទុះខ្លាំងដូចជាចិនក៏ដោយ ប៉ុន្តែវិនិយោគិនជប៉ុនទំនងជានៅតែបន្តមកវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់បន្ថែមទៀត នៅពេលខាងមុខ ។

ក្តីរំពឹងនេះ ត្រូវបង្ហាញសុទិដ្ឋិនិយម ខណៈពេលដែលវិនិយោគិនជប៉ុនមួយក្រុមដែលមានប្រមាណ ៣៦ក្រុមហ៊ុន បានកំពុងតែស្ថិតនៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីទីផ្សារ និងសក្តានុពលនៅកម្ពុជា ។
វិនិយោគិនជប៉ុនមួយក្រុមនេះ គឺបានដឹកនាំដោយលោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki ) ប្រធានសមាគមជប៉ុន-កម្ពុជា ។

លោក ជា ធីរិទ្ធិ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹង គណប្រតិភូជប៉ុនមួយក្រុមនេះ ចូលជួបនឹងសម្តែងការគួរសមជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
លោកបានឲ្យដឹងថា គណប្រតិភូវិនិយោគិនជប៉ុនទាំងនេះ គឺបានកំពុងតែស្វែងរកឱកាសវិនិយោគលើផ្នែកបច្ចេកវិទ្យា បណ្តុះបណ្តាលវិជ្ជាជីវៈ និងកសិ-ឧស្សាហកម្មជាដើម ។

នៅក្នុងឱកាសនោះ សម្តេចតេជោ បានលើកឡើងថា ផ្នែកកសិ-ឧស្សាហកម្មនេះ គឺជាចំណុចស្នូលមួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីដើមរៀងមក រហូតដល់រាជរដ្ឋាភិបាលថ្មីចាត់ទុកការកែច្នៃផលិតផលកសិកម្ម គឺជារឿងចាំបាច់និងអាទិភាព ។
សម្តេចតេជោ បានបន្តថា ពាក់ព័ន្ធទៅនឹងវិស័យបច្ចេកវិទ្យា ក៏ដូចគ្នាដែរ ដោយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងតែផ្តោតការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ហើយកម្ពុជា កំពុងត្រូវការខ្លាំងក្នុងផ្នែកនេះ ។
សម្តេចតេជោ បានជំរុញឱ្យអ្នកវិនិយោគជប៉ុន ចាប់អារម្មណ៍ និងពង្រីកសក្តានុពល លើវិស័យទាំងអស់នេះ ឱ្យមានការកើនឡើងកាន់តែច្រើនថែមទៀត៕


ចែករំលែកព័តមាននេះ