ខេត្តកំពត ៖ បើកការដ្ឋានសាងសង់ស្ពានថ្មថ្មីមួយទៀត ឆ្លងកាត់ព្រែកកំពង់ពីកោះស្មៅទៅកាន់ត្រើយកោះ មានប្រវែង367ម៉ែត្រ កំពស់8ម៉ែត្រ និងទទឹង18ម៉ែត្រ ។ នេះបើយោងតាមការអោយដឹងពីលោកអឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ កាលពីព្រឹកថ្ងៃទី១១ វិច្ឆិកា ដែលមានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាននៅចំណុចកោះស្មៅ ក្នុងភូមិសាស្ត្រឃុំជំគ្រៀល ស្រុកទឹកឈូ និងឆ្លងកាត់ព្រែកកំពង់បាយ ទៅកាន់សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ។

ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត មានប្រសាសន៍ថា ពិធីបើកការដ្ឋានសាងសង់ស្ពានថ្មថ្មីពីកោះស្មៅទៅកាន់ត្រើយកោះនេះ មានប្រវែង367ម៉ែត្រ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់បំផុតក្នុងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។

ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពតមានប្រសាសន៍ថា ស្ពានឆ្លងកាត់ព្រែកកំពតយើងមានចំនួន2ហើយ ប៉ុន្តែអ្វីដែលយើងមើលឃើញនោះ គឺមានបុណ្យទានម្ដងៗស្ទះចរាចរណ៍ហើយលំបាកជាងគេ គឺនគរបាលដែលចេញធ្វើចរាចរណ៍មិនបានសម្រាក ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា នៅកោះស្មៅនេះ តាមបណ្ដោយព្រែកមានចម្ងាយ2គីឡូ និងមានពលរដ្ឋ17គ្រួសារ តែឥឡូវយើងបានយកមកវិញហើយ ទុកធ្វើជាកន្លែងលំហែកាយភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តនៅកោះស្មៅនេះ។

ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពតមានប្រសាសន៍ថា អ្នកមានដីដែលជាដីស្រែអំបិលរបស់រដ្ឋនោះ ត្រូវសហការអោយបានល្អជាមួយអាជ្ញាធរស្រុកខេត្តដែលប៉ះពាល់សាងសង់ស្ពាន និងផ្លូវក្រវ៉ាន់វាងក្រុង ធ្វើយ៉ាងណាកុំអោយមានការរាំងស្ទះអ្វីមួយក្នុងដំណើរការសាងសង់ស្ពានមរតកតេជោនេះ និងមានគម្រោងសាងសង់ដងទង់ជាតិមួយដែលមានកំពស់120ម៉ែត្រ ។

ចែករំលែកព័តមាននេះ