ខេត្តព្រះសីហនុ ៖ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានសម្តែងការហួសចិត្តជាសាធារណៈចំពោះអាជីវករមួយរូប ដែលបានរំលោភលើការសន្យា និងគោលការណ៍ណែនាំរបស់អាជ្ញាធរ បើទោះជាបានទទួលនូវការអនុគ្រោះយ៉ាងពិសេសពីក្រុងក៏ដោយ ។

យោងតាមការប្រកាសរបស់លោក សរ កក្កដា អភិបាលក្រុង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ៖ គ្មានការជួលទីតាំង គ្មានថ្លៃភាស៊ី ទឹកប្រើស្រាប់ សំរាមប្រមូលជូនមិនគិតថ្លៃ ! គ្រាន់តែសុំឲ្យមានភាពទៀងត្រង់ ហេតុអ្វីក៏ពិបាកម្លេះ? ណែនាំរួចហើយ សន្យានឹងគ្នាក៏រួចហើយ ប៉ុន្តែនៅតែឆ្លៀត។ ដើម្បីកុំឲ្យខូចឈ្មោះដល់អ្នកល្អ សូមបងស្រីរកទីតាំងថ្មីចុះ! ។

ដោយសារតែការឆ្លៀតឱកាស និងបំពានគោលការណ៍នេះ លោកអភិបាលក្រុងបានសម្រេចចាត់វិធានការដកហូត ដោយហេតុផលថា «ដើម្បីកុំឲ្យខូចឈ្មោះដល់អ្នកល្អ» និងតម្រូវឱ្យអាជីវកររូបនោះ «សូមបងស្រីរកទីតាំងថ្មីចុះ!» ។
សូមបញ្ជាក់ថា ៖ ករណីបងប្អូនពលរដ្ឋ ឬភ្លៀវមកលេងរកកន្លែងម្លប់សម្រាក បើមានឃើញគេចងអង្រឹង ឬដាក់តុកៅអីអាចឱ្យគេយកចេញ បើម្ចាស់មិនរើចេញ ឬប្រើសម្តីមិនសមរម្យណាមួយសូមទំនាក់ទំនងលេខ ០៩៦ ៧២៣ ៦៦០០ ឬថតរូបរាយការណ៍មកតេលេក្រាម «ប្រជាជនខេត្តព្រះសីហនុ»
សូមរំលឹកថា ពលរដ្ឋ និងភ្ញៀវទេសចរ អាចក្រាលកន្ទេល ចងអង្រឹង ប្រើតុកៅអីបាន ដោយឥតបង់ថ្លៃ និងចូលរួមថែរក្សាអនាម័យ ហាមដាច់ខាតវាងទី សម្រាប់អាជីវកម្ម ឬបម្រើផលប្រយោជន៍បុគ្គល ។

សេចក្តីប្រកាសនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលក្រុងព្រះសីហនុ ក្នុងការរក្សាវិន័យ សណ្ដាប់ធ្នាប់ និងការទាមទារនូវទំនួលខុសត្រូវខ្ពស់ពីសំណាក់អ្នកប្រើប្រាស់ទីតាំងសាធារណៈ ស្របពេលដែលអាជ្ញាធរខិតខំផ្តល់ការអនុគ្រោះសម្រាប់ជីវភាពរស់នៅ ។
ចែករំលែកព័តមាននេះ