ខេត្តកោះកុង ៖ សេចក្តីរាយការណ៍នានាបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីកុមារីម្នាក់អាយុ៤ឆ្នាំ បានធ្វើដំណើរមកពីសាលារៀន (អាចជាសាលា មត្តេយ្យ) ដើរកាត់ដីចម្ការដែលមានគេចិញ្ចឹមឆ្កែ ពូជយាយស្គី ក៏ត្រូវសត្វឆ្កែ៥ក្បាលស្ទុះមកខាំ បណ្តាលឲ្យរងរបួសដឹកចូលសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

គេគិតថាបើសិនជាជួយនាងតូចមិនទាន់នោះច្បាស់ជាឆ្កែមាឌធំៗទាំងនោះហែកស៊ីមិនខាន ។ កុមារីរងគ្រោះមានឈ្មោះ ឌី ដានីន មានឪពុកឈ្មោះ ជួង ឌីណា អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះ ឃាង សុខលាប អាយុ៣៤ឆ្នាំ ជាកម្មករចៀរជ័រភៅស៊ូ ។ ទាំង២នាក់ ស្នាក់នៅក្នុងដីចម្ការរបស់ម្ចាស់ឆ្កែ ។
តាមសេចក្តីរាយការណ៍ឲ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណ១០ព្រឹក កុមារីឈ្មោះ ឌី ដានីន បានធ្វើដំណើរចេញពីសាលារៀន គោលបំណងទៅកន្លែងឪពុកម្តាយស្នាក់នៅក្នុងដីចម្ការរបស់ឈ្មោះ លិ អ៊ូលៀង (ម្ចាស់សត្វឆ្កែ) ស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ស្រាប់តែសត្វឆ្កែ៥ក្បាលព័ទ្ធខាំ ។
បន្ទាប់ពីមានហេតុនេះកើតឡើង ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ស្នងការ នៃស្នងការដ្ឋានគរបាលខេត្តកោះកុង គេបានឃើញសមត្ថកិច្ចនគរបាលមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលកោះកាពិ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះកុងចុះទៅដល់ និងបានធ្វើការសាកសួរសាក្សីនៅជុំវិញកន្លែងកើតហេតុ ។ ខណៈនោះស្ត្រីឈ្មោះ ហាក់ ចន្ថា ជាភរិយាម្ចាស់ចម្ការ បានរៀបរាប់ថា ជារៀងរាល់ថ្ងៃកុមារីរងគ្រោះពេលទៅសាលារៀន តែងតែឪពុកម្តាយជូនទៅជូនមក ។
នៅថ្ងៃកើតហេតុ កុមារីរងគ្រោះបានដើរមកពីសាលាវិញតែម្នាក់ឯងទេ ។ ភរិយាម្ចាស់ចម្ការបន្តថា នៅវេលាម៉ោងខាងលើអ្នកស្រីបានឮសំឡេងឆ្កែព្រុស និងឮសំឡេងក្មេងស្រែក គាត់ក៏ចេញទៅមើលស្រាប់តែឃើញសត្វឆ្កែ៥ក្បាលរបស់គាត់កំពុងដេញខាំ ។ ឃើញដូច្នោះគាត់បានស្ទុះចូលទៅចាប់ឆ្កែទាំងនោះ និងបានទាញកុមារីចេញពីចង្កូមសត្វឆ្កែធ្វើឲ្យគាត់ក៏រងរបួសដៃផងដែរ ។
ដោយឃើញកុមារី ឌី ដានីន រងរបួសនិងមានឈាមហូរលើផ្ទៃមុខ និងដៃជើង គាត់ភ័យតក់ស្លុតស្រែកផងយំផងហៅរកឲ្យគេជួយ ខណៈពេលឪពុកម្តាយកុមារីរងគ្រោះ កំពុងជាប់ដៃជៀរជ័រកៅស៊ូក្នុងចម្ការ បានរត់មកដល់ភ្លាមដែរ នឹងអោបបីកូនយកទៅភូមិ ដើម្បីរកមធ្យោបាយដឹកកុមារីយកទៅសង្គ្រោះបន្ទាន់ ។
ពេលនោះក៏មានការជួយជ្រោមជ្រែងយកចិត្តទុកដាក់ពីលោក ខាំ លិ ត្រូវជាស្វាមីលោកស្រីមេឃុំកោះកាពិ សហការជាមួយសមត្ថកិច្ចក៏បានដឹកកុមារីរងគ្រោះតាមអូប័រ ឆ្លងកាត់លំហសមុទ្រទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុងដើម្បីសង្គ្រោះ ។
ហេតុការណ៍ខាងលើ ដោយមានការទទួលខុសត្រូវចំពោះករណីនេះ លោក លិ អ៊ូលៀង ម្ចាស់សត្វឆ្កែនិងជាម្ចាស់ចម្ការកៅស៊ូ ដែលឪពុកម្តាយកុមារី ឌី ដានីន នៅបម្រើការងារជាកម្មករទីនោះ បានសន្យា និងធានាទាំងស្រុងលើការព្យាបាលនិងមើលថែកុមារីរងគ្រោះ ដោយទំនាកទំនងតាមរយៈទូរស័ព្ទទៅម្តាយកុមារីនិងសួរសុខទុក្ខ តាមដានស្ថានភាពមុខរបួសនិងបានជូនថវិកាជំហានដំបូងចំនួន៨០ម៉ឺនរៀល សម្រាប់ដោះស្រាយបឋមក្នុងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕
ចែករំលែកព័តមាននេះ