រាជធានីភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិប្រព្រឹត្តល្មើស កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ នេះបើយោងតាមផេកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសនាយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីគាស់ទម្លុះទម្លាយផ្ទះលួចទ្រព្យសម្បត្តិ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩:២១នាទី នៅផ្លូវ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ Zhang Dian Wei (ចាង ទៀនវៃ) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។
ចំពោះដកហូតសម្ភារ ៖ ប្រាក់ដុល្លារ ចំនួន១៧៨៧០ដុល្លារ (មួយម៉ឺនប្រាំពីរពាន់ប្រាំបីរយចិតសិប ដុល្លារ), ប្រាក់រៀលចំនួន ១០,៨០០០,០០០រៀល (ដប់លាន និងប៉ែតសិបម៉ឺន រៀល), ប្រាក់បាតចំនួន ៨៧,៨៤០បាត (ប្រាំបីម៉ឺនប្រាំពីរពាន់ប្រាំបីរយសែសិប បាត), លោហៈធាតុលឿងស្លេក (ចិញ្ចៀន) ១២វង់, លោហៈធាតុលឿងស្លេក (កងដៃ) ០៣កង, លោហៈធាតុលឿងស្លេក (ខ្សែ-ក) ១០ខ្សែ, លោហៈធាតុលឿងស្លេក (ក្រវិល) ០៣គូរ, លោហៈធាតុលឿងស្លេក (ខ្សែដៃ) ០៧ខ្សែ, បន្តោងខ្សែ-ក-រូបព្រះលោហៈធាតុលឿងស្លេក ០១។ វត្ថុតាងចាប់យករួមមាន៖ ខោជើងវែងពណ៌ខ្មៅ ០១ និងអាវដៃវែងពណ៌ខ្មៅ ០១, ស្បែកជើង ០៣គូរ, ដែកទួណវីស ០១ដើម, ម៉ូទ័រស្វានដែក ០១ដើម, ថង់ផ្លាស្ទិចសម្រាប់ច្រកសម្ភារដែលលួចបាន ០៥, កង់អាគុយ ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ