ទីក្រុងបាងកក ៖ មន្ត្រីថៃរំពឹងថានឹងឃើញការត្រឡប់មកវិញរបស់បណ្តាអ្នកទេសចរចិន ខណៈដែលរដ្ឋាភិបាលថៃបានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តតាមការសន្យារបស់ពួកគេចំពោះរដ្ឋាភិបាលចិន ដើម្បីបញ្ឈប់កិច្ចខិតខំប្រឹងប្រែងធ្វើឱ្យកាស៊ីណូក្លាយជាអាជីវកម្មស្របច្បាប់។ នេះបើយោងតាមប្រភពពីសារព័ត៌មាន VnExpress ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែវិច្ឆិកា កន្លងទៅ ថា រដ្ឋាភិបាលថៃរំពឹងថា នឹងមានលទ្ធផលវិជ្ជមាន ដែលអាចមើលឃើញក្នុងរយៈពេល១ ឬពីរខែ។ លោកបន្ថែមថា ថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំចិន នៅខែកុម្ភៈ ឆ្នាំក្រោយ គួរតែនាំមកនូវការកើនឡើងវត្តមានភ្ញៀវទេសចរចិន។
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានយល់ព្រមចាប់ផ្តើមការពិភាក្សាផ្ទៃក្នុងអំពីរបៀបផ្សព្វផ្សាយទេសចរណ៍ចិនទៅកាន់ប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាលថៃបានសន្យាថានឹងប្រឆាំងចលនាណាមួយ ដើម្បីធ្វើឱ្យកាស៊ីណូក្លាយជាអាជីវកម្មស្របច្បាប់។ ប្រធានាធិបតីចិន កាលពីខែកក្កដាកន្លងទៅ បានជំរុញឱ្យរដ្ឋាភិបាលថៃបោះបង់ចោលផែនការសាងសង់រមណីយដ្ឋានកាស៊ីណូស្របច្បាប់ (Casino Resorts) ដោយថែមទាំងព្រមានពីផលប៉ះពាល់ជាអវិជ្ជមាន ដែលអាចកើតមានលើវិស័យទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគី។
ពាក់ព័ន្ធជាមួយនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានធានាដល់ប្រធានាធិបតីចិន នៅឯកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅប្រទេសកូរ៉េខាងត្បូង កាលពីសប្តាហ៍មុនថា ប្រទេសថៃនៅតែប្រឆាំងនឹងការធ្វើឱ្យកាស៊ីណូស្របច្បាប់។
យោងតាមទិន្នន័យផ្លូវការរបស់ប្រទេសថៃ បានបង្ហាញថា នៅក្នុងឆមាសទី១ នៃឆ្នាំនេះ វត្តមានភ្ញៀវទេសចរចិនមកកាន់ប្រទេសថៃមានត្រឹមតែ ២,៣លាននាក់ប៉ុណ្ណោះ ដែលជាការថយចុះប្រហែលមួយភាគបី បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ឧស្សាហកម្មទេសចរណ៍ថៃបាននិងកំពុងធ្វើសកម្មភាព ដើម្បីទាក់ទាញភ្ញៀវទេសចរចិនត្រឡប់មកវិញ ខណៈដែលពួកគេមានភាពស្ទាក់ស្ទើរលើផែនការធ្វើដំណើរមកប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព បន្ទាប់ពីការចាប់ពង្រត់តារាសម្តែងចិន លោក Wang Xing ក្នុងខែមករាកន្លងទៅ ដែលក្រោយមកត្រូវបានជួយសង្គ្រោះវិញ។
អាជ្ញាធរទេសចរណ៍ថៃ (TAT) បានចាប់ផ្តើមផែនការឈ្មោះ «Nihao Month» ដើម្បីទាក់ទាញអ្នកទេសចរចិន ដែលជាផ្នែកទេសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ខ្លួន។ ប្រទេសថៃរំពឹងថានឹងទទួលស្វាគមន៍វត្តមានភ្ញៀវទេសចរបរទេសសរុបចំនួន ៣៣,៤លាននាក់ នៅឆ្នាំនេះ ដែលតិចជាងជិត ៦% បើប្រៀបធៀបទៅនឹងឆ្នាំមុន និងជាការធ្លាក់ចុះលើកដំបូងនៃការមកដល់របស់ភ្ញៀវបរទេស ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩៕

ចែករំលែកព័តមាននេះ