ខេត្តកំពង់ចាម ៖ ស្របពេលដែលសម័យបច្ចេកវិទ្យាAI មានការរីកចម្រើន សូមឱ្យកូនសិស្សត្រូវស្រាវជ្រាវមេរៀនផ្សេងៗបានគ្រប់ទាំងអស់មានទាំងភាសាខ្មែរ និងភាសាអង់គ្លេសដែលផ្ដល់អត្ថប្រយោជន៍ដល់យើងបើចេះប្រើត្រឹមត្រូវ បើនាំគ្នាលេងហ្គេមនិង Facebook គឺអត់បានប្រយោជន៍នោះទេ ។

នេះជាប្រសាសន៍លើកឡើងរបស់លើកឡើងរបស់ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាថ្លែងនៅក្នុងពិធីប្រគល់ពានរង្វាន់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ។ ជាមួយនោះ មានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្សសរុបជាង១០០០នាក់ ហើយកិច្ចការនេះ ដំណើរការបានក្រោមការសម្របសម្រួលពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តផងដែរ ។

ឯកឧត្តម កើត រិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានប្រសាសន៍ឲ្យដឹងថា សិស្សដែលបានមកចូលរួមជ្រើសរើសសិស្សពូកែពានរង្វាន់សម្ដេចបវរធិបតី គឺមកពីវិទ្យាល័យចំនួន៥ ក្នុងស្រុកព្រៃឈរ ដែលមានចំនួនជិត២០០នាក់ ក្នុងនោះសិស្ស ដែលបានប្រឡងជាប់មានចំនួន២៥រូប ហើយសិស្សដែលជាប់ច្រើនជាងគេគឺនៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹងតែម្ដង ។ ទាំងនេះ គឺដោយមានការយកចិត្តទុកដាក់ពីបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានដាក់វិញ្ញាសាអោយសិស្សថ្នាក់ទី១០ ដើម្បីប្រលងជ្រើសរើសសិស្សពូកែ ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានប្រសាសន៍បន្តថា ផ្ដើមចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗ នេះគឺជាផ្នែកមួយនៃជីវិតឆ្ពោះទៅរកភាពជោគជ័យ តាមបំណងប្រាថ្នារបស់រដ្ឋមន្ត្រីក្រសួងអប់រំ និងសម្ដេចបវរអធិបតីជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ ហើយភាពជោគជ័យរបស់ប្អូនគឺជាភាពជោគជ័យរបស់ជាតិដែរ ។

ព្រោះថា ផ្អែកលើការខិតខំរបស់ប្អូនៗគឺជាទំពាំងស្នងប្ញស្សីរបស់ប្រទេសជាតិដែលមិនអាចខ្វះបាន ជាមួយនោះ ក៏សូមអរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានជួយបង្ហាត់បង្រៀនចំណេះដឹងដល់ប្អូនៗឲ្យមានសមត្ថភាពចូលរួមប្រកួតប្រជែង ហើយនិងមានរង្វាន់លើកទឹកចិត្តព្រោះថាជោគជ័យក្នុងជីវិត មានតែការតស៊ូខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា។ គេថាប្រទេសជាតិមួយដែលខ្លាំងគឺប្រជាជនត្រូវតែខ្លាំង ។ ដូច្នេះ គ្មានដានជើងខ្ជិលច្រអូសនោះទេ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានរំលឹកថា គ្រាហ៍ដែលរូបលោកនៅយុវជន ធ្លាប់រៀននៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ពេលដែលប្រឡងជាប់ជាសិស្សពូកែឈរនៅដងទង់ជាតិគ្រូចែកសៀវភៅឲ្យ៤ទៅ៥ ក្បាលគឺសប្បាយចិត្តណាស់។ ដោយនឹកឃើញពីអនុស្សាវរីយ៍ក៏បានគៀងគរថវិកាពីមិត្តភក្តិជិតឆ្ងាយបានសាងសង់បណ្ណាល័យគុណគ្រូ ដើម្បីរំលឹកគុណដល់គ្រូ ដែលបានផ្ដល់ចំណេះដឹងនៅវិទ្យាល័យនេះ។

ដូច្នេះ សូមប្អូនៗកុំភ្លេចសាលាដែលយើងធ្លាប់បានរៀនផ្ដល់ចំណេះដឹងដល់យើង ពេលដែលមានការងារធ្វើល្អៗ នៅក្នុងសង្គមត្រូវតែត្រឡប់មកស្រុកកំណើត ដើម្បីជួយអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យអប់រំឲ្យកាន់តែមានការរីកចម្រើន ហើយត្រូវចងចាំថា «ពេលផឹកទឹកត្រូវនឹកដល់ប្រភពពេលជ្រកក្រោមម្លប់ត្រូវនឹកដល់អ្នកដាំ» ។

ចំណែកឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំវិញ មានប្រសាសន៍ឱ្យដឹងដែរថា ជាមួយនោះ សូមថ្លែងអំណរគុណដល់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សហការជាមួយអាជ្ញាធរមូលដ្ឋានព្រមទាំងរដ្ឋបាលខេត្តបានរៀបចំការប្រឡងសិស្សពូកែថ្នាក់ទី១០ ដើម្បីដណ្ដើមពានរង្វាន់សម្ដេចបវរធិបតី ហើយវិទ្យាល័យហ៊ុន សែន ព្រៃទទឹងនេះ គឺជាសាលារៀនមួយ ដែលឯកឧត្តមធ្លាប់បានសិក្សានិងជាស្រុកកំណើត ។

ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើន ប្រកបដោយគុណភាពទាល់តែប្រជាជនខ្លាំងហើយអភិវឌ្ឍន៍ឆាប់រហ័សបាន គឺត្រូវការធនធានមនុស្ស ក្រោមការដឹកនាំរបស់សម្ដេចតេជោ និងសម្ដេចបវរអធិបតី គឺបានយកចិត្តទុកដាក់ និងលើកកម្ពស់លើវិស័យអប់រំឲ្យកាន់តែមានការរីកចម្រើននិងប្រកបដោយគុណភាព ។
ជាមួយនោះក្មួយៗដែលបានប្រឡងជាប់សិស្សពូកែថ្នាក់ទី១០ហើយនៅសល់រយៈពេលបីឆ្នាំទៀតនឹងត្រូវប្រឡងសញ្ញាបត្រទុតិយភូមិ ដែលទាមទារឲ្យយកចិត្តទុកដាក់លើការសិក្សាបន្ថែមទៀតដើម្បីឱ្យលទ្ធផលទទួលបាននិទ្ទេសA។

សូមបញ្ជាក់ថា សិស្សពូកែប្រឡងជាប់ទទួលបានចំណាត់ថ្នាក់លេខមួយគឺមានប័ណ្ណសរសើរមួយសន្លឹក ចេញដោយរដ្ឋមន្ត្រីក្រសួងអប់រំ ម៉ូតូម៉ាកC125 មួយគ្រឿង ថវិកាមួយលានរៀល សៀវភៅពីរឈុត ចំណាត់ថ្នាក់លេខ២ ទទួលបានប័ណ្ណសរសើរមួយសន្លឹក ម៉ូតូវ៉េវមួយគ្រឿងថវិកាមួយលានរៀល សៀវភៅពីរឈុត ចំណាត់ថ្នាក់លេខ៣ ទទួលបានប័ណ្ណសរសើរមួយសន្លឹក ម៉ូតូវ៉េវមួយគ្រឿង ថវិកាមួយលានរៀល សៀវភៅពីរឈុត។




ចែករំលែកព័តមាននេះ