ទីក្រុងវ៉ាស៊ីនតោន៖ ចំពោះប្រទេសនានានៅលើសាកលលោកដែលទិញប្រេង ឬឧស្ម័នពីរុស្ស៊ី លោកត្រាំព្រមានដាក់ទណ្ឌកម្មពួកគេដោយដំឡើងពន្ធគយនាំចូល។ ប៉ុន្តែលោកបានអនុគ្រោះឱ្យប្រទេសហុងគ្រីនាំចូលប្រេង និងឧស្ម័នរយៈពេល១ឆ្នាំ។ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមាន។ ការសម្រេចចិត្តបែបនេះបន្ទាប់ពីនាយករដ្ឋមន្ត្រីហុងគ្រី លោកវីកទ័រ អ័របេន (Viktor Orban) បានយករឿងនេះទៅជជែកគ្នាជាមួយលោកត្រាំនៅពេលលោកទាំង២ជួបគ្នាជាលក្ខណៈឯកជន។
កាលពីខែតុលា លោកត្រាំដាក់ទណ្ឌកម្មក្រុមហ៊ុនប្រេងរបស់រុស្ស៊ីចំនួនពីរ។ ប្រទេសណាដែលរកស៊ីជាមួយក្រុមហ៊ុនទាំងនេះនឹងទទួលរងទណ្ឌកម្មដូចគ្នា។ លោកអ័របេនជាសម្ព័ន្ធមិត្តរបស់លោកត្រាំជាយូរមកហើយ។ លោកទាំង២ជួបគ្នានៅសេតវិមានកាលពីយប់មិញ។ លោកបានពន្យល់ថាប្រទេសរបស់លោកត្រូវតែប្រើប្រាស់ប្រេងរបស់រុស្ស៊ីជាចាំបាច់ព្រោះគ្មានជម្រើសផ្សេងទេ។
លោកអ័របេនបានរៀបរាប់អំពីផលវិបាកជាច្រើនដែលនឹងកើតមានឡើងចំពោះហុងគ្រីបើហុងគ្រីឈប់ទិញប្រេងរុស្ស៊ី។ លោកត្រាំទោះបីកំពុងព្យាយាមដាក់សម្ពាធទៅលើរុស្ស៊ីដើម្បីចូលតុចរចាគ្នាយ៉ាងណាក្ដី ប៉ុន្តែនៅពេលស្ដាប់ការបកស្រាយរបស់ប្រធានាធិបតីហុងគ្រី លោកហាក់ដូចជាទទួលយកបាន និងផ្ដល់ការអនុគ្រោះចំពោះហុងគ្រី។ លោកត្រាំថាហុងគ្រីមិនអាចទិញប្រេង និងឧស្ម័នពីប្រទេសណាផ្សេងក្រៅពីរុស្ស៊ីទេ។
សេតវិមានថ្លែងថាបន្ទាប់ពីទទួលបានការអនុគ្រោះពីអាមេរិកដើម្បីទិញប្រេង និងឧស្ម័នពីរុស្ស៊ី ហុងគ្រីក៏សន្យាទិញឧស្ម័នពីអាមេរិកផងដែរនៅក្នុងតម្លៃ៦រយលានដុល្លារ។ កាលពីឆ្នាំ២០២៤ ហុងគ្រីពឹងផ្អែកលើការនាំចូលឧស្ម័ន៧៤% និងប្រេង៨៦%ពីរុស្ស៊ី។ សហភាពអឺរ៉ុប និងអង្គការណាតូរិះគន់ហុងគ្រី។ ពួកគេថ្លែងថាដោយសារតែទិញប្រេង និងឧស្ម័ននេះហើយដែលធ្វើឱ្យរុស្ស៊ីមានលុយសម្រាប់ធ្វើសង្គ្រាម។
នៅក្នុងឱកាសជួបគ្នានោះ លោកត្រាំ និងលោកអ័របេនក៏បានពិភាក្សាគ្នាអំពីបញ្ហាអ៊ុយក្រែនផងដែរ។ មុនដំបូង លោកត្រាំត្រៀមជួបគ្នាកម្រិតកំពូលជាមួយលោកពូទីននៅហុងគ្រី។ ប៉ុន្តែក្រោយមក លោកប្រកាសលុបចោលគម្រោងនោះវិញព្រោះរុស្ស៊ីប្រកែកដាច់ខាតមិនព្រមបញ្ឈប់សង្គ្រាមត្រឹមនេះទេ។ រុស្ស៊ីចង់ឱ្យគេធ្វើទៅតាមលក្ខខណ្ឌរបស់ខ្លួន។ នេះបើយោងតាមប្រភពពីរ៉យទ័រ (Reuters) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ