ការហើមជើង ឬហើមចុងអវយវៈ គឺជាបាតុភូតដែលមនុស្សជាច្រើនជួបប្រទះ ហើយជារឿយៗត្រូវបានមើលរំលងថាជារឿងតូចតាច។ ទោះជាយ៉ាងណាក៏ដោយ ការហើមនេះតាមពិតអាចជាសញ្ញាព្រមានដ៏សំខាន់នៃបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា ជំងឺបេះដូង ជំងឺតម្រងនោម ឬបញ្ហាចរន្តឈាម។
តើអ្នកគួរធ្វើអ្វីខ្លះដើម្បីកាត់បន្ថយការហើមជើង និងពេលណាទើបត្រូវស្វែងរកជំនួយពីគ្រូពេទ្យ?
៥ វិធីសាស្ត្រសាមញ្ញដើម្បីកាត់បន្ថយការហើមជើងប្រចាំថ្ងៃ
គ្រប់គ្រងទម្ងន់ និងបង្កើនសកម្មភាពរាងកាយ:
ប្រសិនបើអ្នកធាត់ ឬលើសទម្ងន់ ត្រូវព្យាយាមសម្រកទម្ងន់ និងហាត់ប្រាណឲ្យបានទៀងទាត់។ ការមានទម្ងន់ធ្ងន់ដាក់សម្ពាធបន្ថែមទៅលើសរសៃឈាមវ៉ែន ដែលធ្វើឲ្យឈាមពិបាកហូរត្រឡប់ទៅបេះដូង។
ត្រូវគ្រប់គ្រងរបបអាហាររបស់អ្នកឲ្យបានត្រឹមត្រូវ។
ប្រុងប្រយ័ត្នលើរសជាតិអាហារ:
ចៀសវាងការញ៉ាំអាហារដែលមានរសជាតិហឹរខ្លាំង ផ្អែមខ្លាំង ប្រៃខ្លាំង ជូរខ្លាំង ឬហឹរខ្លាំងពេក។ ជាពិសេស ជាតិប្រៃ (អំបិល) ដែលជាមូលហេតុចម្បងធ្វើឲ្យរាងកាយស្តុកទឹកដែលបណ្ដាលឲ្យជើងហើម។
ជៀសវាងការឈរស្ងៀមយូរ:
អ្នកមិនគួរឈរ ឬអង្គុយស្ងៀមក្នុងទីតាំងដដែលយូរអង្វែងឡើយ។ ត្រូវព្យាយាមធ្វើចលនាជើង និងដៃ ជារឿយៗ ដើម្បីជំរុញឲ្យឈាមរត់បានល្អ និងការពារការដក់ទឹកនៅចុងជើង។
លើកជើងពេលគេង ឬសម្រាក:
មុនពេលចូលគេង ឬពេលសម្រាក ត្រូវលើកជើងរបស់អ្នកឲ្យខ្ពស់បន្តិច (ឧទាហរណ៍៖ ដាក់ខ្នើយទ្រាប់ក្រោមជើង) ដើម្បីជួយដល់ទំនាញផែនដីឲ្យឈាម និងសារធាតុរាវហូរត្រឡប់ទៅបេះដូងវិញ ដែលជួយកាត់បន្ថយការហើម។
ពេលណាដែលត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់?
ការហើមជើងដែលមើលទៅតូចតាច តាមពិតអាចជាសញ្ញាព្រមាននៃជំងឺធ្ងន់ធ្ងរជាច្រើនដែលអ្នកប្រហែលជាកំពុងប្រឈមមុខដោយមិនដឹងខ្លួន។
ប្រសិនបើការហើមមានសភាពធ្ងន់ធ្ងរខុសពីធម្មតា ហាក់ដូចជាមិនបាត់ ឬកាន់តែអាក្រក់ ឬមានរោគសញ្ញាមិនប្រក្រតីផ្សេងទៀតអមជាមួយ (ដូចជា ពិបាកដកដង្ហើម ឈឺទ្រូង ឬឡើងកម្តៅ) សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីពិនិត្យរកមូលហេតុពិតប្រាកដ និងទទួលបានការព្យាបាលត្រឹមត្រូវ៕
(ប្រភព៖ បរទេស)
ចែករំលែកព័តមាននេះ