ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ មេសា ២០២៦: ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ត្រៀមបើកបម្រើការតភ្ជាប់សេដ្ឋកិច្ចជាតិ

11 ម៉ោង មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​បណ្តាញ​ផ្សព្វផ្សាយ​នានា​មេត្តា​ជ្រាប​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ នឹង​បើក​ជូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ចាប់ពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦​តទៅ ដោយ​មិន​មានការ​បិទ​ចរាចរណ៍​ទៀត​ទេ…

ខេត្តក្រចេះ ៖ ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​បណ្តាញ​ផ្សព្វផ្សាយ​នានា​មេត្តា​ជ្រាប​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ នឹង​បើក​ជូន​ប្រជាពលរដ្ឋ​ឆ្លងកាត់​ចាប់ពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦​តទៅ ដោយ​មិន​មានការ​បិទ​ចរាចរណ៍​ទៀត​ទេ ។ នេះ​បើ​យោង​តាម​លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ដឹក​ជញ្ជូន បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា​នេះ​។

បច្ចុប្បន្ន​ស្ពាន​នេះ នៅ​បន្ត​សាងសង់​បញ្ចប់​(​ការងារ​គំនូស​ចរាចរណ៍​លើ​ស្ពាន និង​ការងារ​បំពាក់​បង្គោល​បំភ្លឺ​ស្ពាន​) ឱ្យ​បាន​មុន​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ឆ្នាំ​២០២៦​ខាង​មុខ​។ ដោយឡែក ក្រុមហ៊ុន​សាងសង់​នឹង​បន្តការងារ​សាងសង់​ផ្លូវ​មេ​ត​ភ្ជាប់ និង​ផ្លូវ​ខ្នែង​បន្ត​ទៀតឱ្យ​បាន​រួចរាល់​មុន​កិច្ចសន្យា​។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ​សម្រេច​វឌ្ឍនភាព​សាងសង់​៩៨,៣៦% ខណៈ​ដែល​គម្រោង​ទាំងមូល​រួម​មាន ៖ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ​, ផ្លូវ​ត​ភ្ជាប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​រណប​មួយ​ចំនួន​ទៀត​សម្រេច​វឌ្ឍនភាព​៨៧,៣៩%​។

គួរ​បញ្ជាក់​ថា ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន មេគង្គ​ក្រចេះ មាន​ទីតាំង​ត្រើយ​ខាងកើត​ស្ថិត​នៅ​ត្រង់​ភូមិ​តាលុ​ស ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី និង​ត្រើយ​ខាងលិច ស្ថិត​នៅ​ត្រង់​ភូមិ​ថ្ម​រាប ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ មានមុខ​កាត់​ទទឹង​ជាង ១៣​ម៉ែត្រ មាន​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​ចរាចរណ៍​ចំនួន​២​គន្លង​ទៅ​-​មក ,​គន្លង​ផ្លូវ​សម្រាប់ទោ​ចក្រយាន​ចំនួន​២​គន្លង​ទៅ​-​មក និង​ផ្លូវ​ថ្មើរជើង​ចំនួន ២​គន្លង​ទៅ​-​មក ប្រវែង ១​ម៉ែត្រ និង​បង្កាន់ដៃស្ពាន​សងខាង​។

ដំ​ណែ​ក​ផ្លូវ​ត​ភ្ជាប់​ប្រវែង​ជាង ៣២​គីឡូម៉ែត្រ រួម​មាន​៖ ផ្លូវ​ត​ភ្ជាប់​ពី​ក្បាល ស្ពាន​មាន​ប្រវែង​ជាង ១៥​គីឡូម៉ែត្រ និង​ផ្លូវ​ខ្នែង​ចំនួន ៤​ខ្សែ នៅ​ក្នុង​ក្រុង​ក្រចេះ មាន​ប្រវែង​ជាង ១៦​គីឡូម៉ែត្រ​។ ខ្សែ​ផ្លូវ​ទាំងនេះ​សាងសង់​ពង្រីក និង​លើក​កម្រិត​គុណភាព​ដោយ​ក្រាល​បេតុង​កៅស៊ូ​(AC)​កម្រាស់ ៧​សង់ទីម៉ែត្រ​ដូច​គ្នា​។

ក្នុង​នោះ​កំណាត់​ផ្លូវ​៤​ខ្សែ ប្រវែង​ជិត ២៧​គីឡូម៉ែត្រ ស្ថាបនា​ពង្រីក​ទទឹង​ចាប់ពី ៩​ម៉ែត្រ រហូត​ដល់ ១៣​ម៉ែត្រ លើ​តួ​ផ្លូវ​ចាប់ពី ១១​ម៉ែត្រ រហូត​ដល់​ជិត ២០​ម៉ែត្រ និង​កំណាត់​ផ្លូវ​១​ខ្សែ ប្រវែង​ជាង ៥​គីឡូម៉ែត្រ ពង្រីក​ទទឹង ១៩​ម៉ែត្រ លើ​តួ​ផ្លូវ ៣០​ម៉ែត្រ ដោយ​ពុះ​ទ្រូងផ្លូវ​នៅ​ចំ​កណ្តាល​ធ្វើ​សួន​រុក្ខជាតិ​បៃតង​ប្រវែង ៤​ម៉ែត្រ​ផង​ដែរ​។

ផ្លូវ​ស្ពាន គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ និង​ជា​អាទិភាព​គន្លឹះ​ទី​២ ក្នុង​ចំណោម​អាទិភាព​គន្លឹះ​ទាំង​៥ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា» នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដោយ​ក្នុង​កិច្ចការ​អាទិភាព​ទី​២ នៃ​បញ្ច​កោណ​ទី​២ គឺ​ការ​លើកកម្ពស់​កា​រត​ភ្ជាប់ និង​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​វិស័យ​ដឹក​ជញ្ជូន និង​ក៏​ជា​គម្រោង​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​សម្រាប់​កា​រត​ភ្ជាប់​ទំនាក់ទំនង និង​ជា​ក្តី​សង្ឃឹម​រវាង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ត្រើយ​ខាងកើត និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ត្រើយ​ខាងលិច ទាំង​កា​រត​ភ្ជាប់​តំបន់​ដាច់​ស្រយាល​នៅ​ភូមិភាគ​ឦសាន មក​កាន់​ទីប្រជុំជន​ត​ភ្ជាប់​ពី​ខេត្តក្រចេះ ទៅ​ខេត្តកំពង់ធំ ដែល​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ជាមួយ​ផ្លូវជាតិ​សំខាន់​ៗ នៃ​បណ្តា​ខេត្ត​ដទៃ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ