រាជធានីភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានប្រកាសព័ត៌មាន ស្តីពី ការចោទប្រកាន់លើក្រុមក្មេងទំនើង មានរហសហ្សនាមថា ក្រុមតែទឹកកក (ICE.T) និងក្រុមកាហ្វេកែងចិន (CKJ) មានចំនួន៨នាក់ និងសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជំរាបជូនសាធារណជនមេត្តាជ្រាបថា ៖ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ មានក្រុមក្មេងទំនើងចំនួន២ក្រុម មានរហស្សនាមថា ក្រុមទឹកកក(ICE.T) និងក្រុមកាហ្វេកែងចិន (CKJ) មានគ្នាសរុបចំនួន១៤ នាក់ ជិះម៉ូតូចំនួន៧គ្រឿង មានកាន់ដាវកែច្នៃ ចំនួន២ដើម និងកាំបិតផ្គាក់ចំនួន១ ដើម បានបបួលគ្នាជិះម៉ូតូចេញរកកាប់សងសិកលើក្រុមក្មេងទំនើងឈ្មោះ ភូមិ១ ដែលធ្លាប់ឈ្លោះគ្នាកន្លងមក ។ លុះមកដល់វេលាម៉ោង២៣ និង០០នាទី ក្រុមក្មេងទំនើងខាងលើ ក៏បាននាំគ្នាជិះម៉ូតូមកដល់ចំណុចស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏បានឃើញជនរងគ្រោះជាបក្ខពួក ក្រុមក្មេងទំនើងឈ្មោះ ភូមិ១ មានគ្នាប្រហែល២០ នាក់ ជិះម៉ូតូប្រហែល១០គ្រឿង កំពុងឈប់នៅទីនោះ ឃើញដូច្នោះក្រុមជនសង្ស័យជាក្រុមក្មេងទំនើង បានជិះម៉ូតូចូលទៅរកក្រុមជនរងគ្រោះ តែក្រុមជនរងគ្រោះបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបានខ្លះ ហើយបក្ខពួកក្រុមក្មេងទំនើងបានកាន់កាំបិតផ្គាក់ចំនួន១ ដើម រត់ចុះពីលើម៉ូតូដេញកាប់លើក្រុមជនរងគ្រោះ តែជនរងគ្រោះបានរត់គេចខ្លួនទាន់ នៅសល់តែម៉ូតូចំនួន ២ គ្រឿង ទើបត្រូវបានបក្ខពួក នៃក្រុមក្មេងទំនើងនោះ កាប់បណ្តាលឲ្យរងការខូចខាត ។ ចំណែកបល្ខពួក នៃក្រុមទំនើងផ្សេងទៀត បានកាន់ដាវកែច្នៃចំនួន២ ដើម បាននាំគ្នាជិះម៉ូតូដេញតាមកាប់លើក្រុមជនរងគ្រោះ ដែលរត់គេចខ្លួន មកដល់គាល់ស្ពានព្រះមុន្នីវង្ស សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រុមក្មេងទំនើងខាងលើ បានយកដាវកែច្នៃ កាប់ចំកែងដៃខាងឆ្វេងរបស់ជនរងគ្រោះម្នាក់បណ្តាលឲ្យរយះចេញឈាមរងរបួសដេរចំនួន២០ថ្នេរ ។
ក្រោយពីធ្វើសកម្មភាពរួចក្រុមក្មេងទំនើងទាំង២ ក្រុមខាងលើ បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់ ។ រហូតមកដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ សមត្តកិច្ច ក៏បានស្រាវជ្រាវ និងឃាតខ្លួនបានជនសង្ស័យចំនួន៨ នាក់ ជាបន្តបន្ទាប់មាន ៖
១.ឈ្មោះ ឆាយ លីឈ័រ ភេទប្រុស កើតឆ្នាំ២០០៩
២.ឈ្មោះ សេង វីរៈ ហៅ ឡូហ្គេន ភេទប្រុស កើតឆ្នាំ២០០៨
៣.ឈ្មោះ ឌី អាប់ឌុលអាស៊ីក ហៅ អាហ្ស៊ី ភេទប្រុស កើតឆ្នាំ២០០៧
៤.ឈ្មោះ ប៊ុន ហួរ ហៅ ថូមមី ភេទប្រុស កើតឆ្នាំ២០០៨
៥.ឈ្មោះ ហេង ប៊ុនលាភ ភេទប្រុស កើតឆ្នាំ២០០៩
៦.ឈ្មោះ រស្មី ឧត្តម ភេទប្រុស កើតឆ្នាំ២០០៧
៧.ឈ្មោះ នូ សុវណ្ណដេវិស ភេទប្រុស កើតឆ្នាំ២០០៧
៨.ឈ្មោះ នូវ កញ្ញារ័ត្ន ហៅ ម៉ៅ ភេទប្រុស ឆ្នាំកំណើត២០០៧ ។
ចំណែកបក្ខពួក ដែលពាក់ពន្ធករណីខាងលើនេះ សមត្តកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត ។
ក្រោយពីទទួលនឹងពិនិត្យសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង៨នាក់ និងបក្ខពួកពីបទ.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទ.ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ស ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២១៨ មាត្រា ៤១០ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ ។ ជនសង្ស័យទាំង៨ នាក់ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕
ចែករំលែកព័តមាននេះ