អាមេរិក-ចិន ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ និងសមភាគីចិនលោកស៊ីជីនពីង កាលពីថ្ងៃទី៣០ តុលា ចាប់ផ្ដើមការចាប់ដៃគ្នានៅកូរ៉េខាងត្បូង ជាការជួបគ្នាក្នុងក្ដីសង្ឃឹមសម្រាលសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចធំទាំង២ ដែលធ្វើឲ្យរង្គើរដល់ពាណិជ្ជកម្មពិភពលោក។ ប្រមុខរដ្ឋទាំង២ជួបពិភាក្សាគ្នានៅក្រុងប៊ូសាន ខាងក្រៅកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថាAPEC។
លោកត្រាំដែលទើបលើកឡើង ពីការជម្រុញភ្លាមៗការសាកល្បងនុយក្លេអ៊ែរឡើងវិញ របស់អាមេ
រិកនោះ បានចាត់ទុកសមភាគីចិនថា ជាអ្នកចរចាដ៏អស្ចារ្សដោយនិយាយថា រង់ចាំការជួបពិភាក្សាគ្នាដោយជោគជ័យបំផុត។ ចំណែកលោកស៊ីជីនពីងវិញលើកឡើងថា ជាក្ដីរីករាយមួយដែលបានជួបជាមួយលោកដូណាល់ត្រាំ។ លោកស៊ីជីនពីងមានប្រសាសន៍ថា ចិននិងសហរដ្ឋអាមេរិក អាចធានារួមគ្នានូវការទទួលខុសត្រូវរបស់មហាអំណាចនិងធ្វើការរួមគ្នា ដើម្បីឲ្យសម្រេចបណ្ដាគម្រោងធំៗនិងជាក់ស្ដែងសម្រាប់សុខមាលភាពរបស់ប្រទេសទាំង២និងរបស់ពិភពលោកទាំងមូល។
មេដឹកនាំទាំង២បន្ទាប់មកបានជួបប្រជុំគ្នាទ្វេភាគី ជាមួយគណៈប្រតិភូរៀងៗខ្លួន។ បន្ទាប់ពីការជួបចរចាគ្នាអស់ពេល១ម៉ោងនិង៤០នាទី លោកដូណាល់ត្រាំក៏បានចាកចេញពីកូរ៉េខាងត្បូង។ មេដឹកនាំមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង២ បានចាប់ដៃគ្នាក្រោយការចរចា តែមិនបានធ្វើសេចក្ដីថ្លែងការណ៍ដល់សារព័ត៌មានឡើយ។
មុនជួបគ្នាលោកត្រាំបានលើកពីការពិនិត្យបន្ថយពន្ធគយអាមេរិក ហើយជាថ្នូរវិញចិនអាចទទួលយកការពន្យារពេលអនុវត្តការរិតត្បិតការនាំចេញដីកម្រដែលអាមេរិកត្រូវការចាំបាច់បំផុតសម្រាប់ឧស្សាហកម្មរថយន្ត ស្មាតហ្វូននិងគ្រឿងសព្វាវុធ។ ចិនក៏គ្រោងផងដែរទិញសណ្ដែកសៀងឡើងវិញពីអាមេរិក ជារឿងរសើបខាងនយោបាយមួយ ពេលកសិករអាមេរិកកំពុងរងគ្រោះ៕
ចែករំលែកព័តមាននេះ