សភាបារាំងអបអរសាទរកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រធានរដ្ឋសភាបារាំង លោកជំទាវ យ៉ាឯល ប្រូន-ពីវេ (Yaël Braun-Pivet) បានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ…
រាជធានីភ្នំពេញ ៖ ប្រធានរដ្ឋសភាបារាំង លោកជំទាវ យ៉ាឯល ប្រូន-ពីវេ (Yaël Braun-Pivet) បានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ…
រាជធានីភ្នំពេញ ៖ ប្រធានរដ្ឋសភាបារាំង លោកជំទាវ យ៉ាឯល ប្រូន-ពីវេ (Yaël Braun-Pivet) បានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៦ តុលា ថ្មីៗនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមាន និងធ្វើជាសាក្សីដោយប្រធានអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក។

ការអបអរសាទររបស់ប្រធានរដ្ឋសភាបារាំង បានធ្វើឡើងនៅក្នុងឱកាសលោកជំទាវ បានជួបពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្នុងពេលសម្តេចប្រធានរដ្ឋសភាអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅទីក្រុងប៉ារីសនៃសាធារណរដ្ឋបារាំង។

សម្តេចប្រធានរដ្ឋសភា មានក្តីសោមន្សរីករាយ ដែលបានជួបលោកជំទាវជាថ្មីម្តងទៀតបន្ទាប់ពីបានជួបពិភាក្សាការងារជាមួយគ្នា អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្ត្រីពិភពលោក កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ។ សម្តេចបានថ្លែងកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់លោកជំទាវដែលជាជនឆ្នើមផ្នែកសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ។ កាលពីឆ្នាំមុន ប្រធានសភាស្ត្រីមកពីជុំវិញពិភពលោកបានមកជួបជុំគ្នា ដើម្បីបង្ហាញពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តរួមគ្នាជាមួយនឹងសកម្មភាពជាក់ស្តែងក្នុងការពង្រឹងសមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិអំណាចដល់ស្ត្រី ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណរដ្ឋសភាបារាំងដែលជានិច្ចកាលតែងតែគាំទ្ររដ្ឋសភាកម្ពុជា ពិសេស ការផ្តល់ជំនួយបច្ចេកទេសដូចជាការគាំទ្រដំណើរការរអភិវឌ្ឍន៍ស្ថាប័នរដ្ឋសភាទៅជាសភាឌីជីថល ។ គម្រោងគាំទ្រ ផ្នែកកសាងសមត្ថភាពនេះ កំពុងត្រូវបានដំណើរការយ៉ាងសកម្ម ហើយទទួលបានលទ្ធផលផ្លែផ្កាជាបណ្តើរៗ។ ការកែទម្រង់សភាឌីជីថល ពិតជាមានសារៈសំខាន់ក្នុងការជំរុញ និងលើកកម្ពស់ការផ្តល់សេវាសំខាន់នានាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដែលនេះជាផ្នែកមួយនៃការពង្រឹងអភិបាលកិច្ចល្អ ដោយធានាបាននូវគណនេយ្យភាព និងតម្លាភាព។

លោកជំទាវ យ៉ាឯល ប្រូន-ពីវេ បានថ្លែងការកោតសរសើរយ៉ាងក្រៃលែងចំពោះតួនាទីរបស់កម្ពុជា ក្នុងអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង ជាពិសេសការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។ លោកជំទាវ ប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រដ្ឋសភាបារាំងបានបង្កើតក្រុមការងារដើម្បីចួលរួមរៀបចំកិច្ចប្រជុំកំពូលនេះឱ្យទទួលបានជោគជ័យ ។ លោកជំទាវ យ៉ាឯល ប្រូន-ពីវេ បានបញ្ជាក់ថា ហ្វ្រង់កូហ្វូនី មិនមែនជារបស់ប្រទេសណាមួយនោះទេគឺជារបស់រួមទាំងអស់គ្នា។

ប្រធានរដ្ឋសភាកម្ពុជា និងបារាំងបានពិភាក្សាគ្នាជាច្រើនអំពីសន្តិភាព ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ក្នុងបរិបទពិភពលោកបច្ចុប្បន្ន យន្តការការទូតសភា កាន់តែមានតួនាទីសំខាន់ខ្លាំងឡើង ។ ការផ្លាស់ប្តូរទស្សនកិច្ច ការជួបពិភាក្សាគ្នា ការចូលរួម និងការគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ពិតជាមានសារៈសំខាន់ក្នុងការពង្រឹងនូវការជឿទុកចិត្តគ្នា ការគាំទ្រគ្នា និងការយោគយល់គ្នា ឈានទៅកសាងពិភពលោកមួយដែលមានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។

សម្តេចរដ្ឋសភាធិបតី ឃូន សុដារី បានគូសបញ្ជាក់ថា កម្ពុជាស្រឡាញ់សន្តិភាព។ ដូច្នេះកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានតម្លៃណាស់ ។ កម្ពុជាមិនចង់ឃើញសង្គ្រាមសារជាថ្មី ដូចដែលបានជួបប្រទះក្នុងអតីតកាលនោះទេ ។ ដូច្នេះ កម្ពុជាតែងតែសំណូមពរដល់អន្តរជាតិជួយលើកទឹកចិត្តឱ្យការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋប្រទេសទាំងពីរជាយូរអង្វែងតទៅ។

សម្តេចប្រធានរដ្ឋសភា បានអញ្ជើញលោកជំទាវ យ៉ាអែល ប្រូន-ភីវេ ដឹកនាំគណៈប្រតិភូរដ្ឋសភាបារាំងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសស្ថាប័ននីតិប្បញ្ញត្តិឱ្យកាន់តែល្អប្រសើរ និងរឹងមាំឡើងថែមទៀត៕




ចែករំលែកព័តមាននេះ