ប្រទេសស៊ូដង់ ៖ អង្គការសុខភាពពិភពលោកWHO ប្រកាសអាសន្នពីការវាយប្រហារសម្លាប់មនុស្សដល់ជាង៤៦០នាក់ ក្នុងមតេ្តយ្យសាលាមួយកន្លែង នៅក្រុងEL- FACHERជាទីក្រុងគន្លឹះមួយនៅតំបន់ដាហ្វួរស៊ូដង់ ដែលត្រូវកងកម្លាំងប៉ារ៉ាវាយដណ្ដើមយកបានកាលពីថ្ងៃទី២៦តុលា។
យោងតាមWHOថា នោះពិតជាការសម្លាប់រង្គាលមួយ ក្នុងមតេ្តយ្យសាលានោះ។ អង្គការនេះទាមទារឲ្យមានបទឈប់បាញ់គ្នាមួយនៃសង្គ្រាមស៊ីវិលនៅស៊ូដង់។ ក្រោយកងកម្លាំងប៉ារ៉ាវាយកាន់កាប់ក្រុងសំខាន់នោះ អ.ស.បបានស្នើឲ្យបើកច្រកមួយ សម្រាប់ប្រជាជនស៊ីវិលដែលជាប់ក្នុងការឡោមព័ទ្ធ។

កងកម្លាំងប៉ារ៉ាជាកងកម្លាំងជួយទ្រទ្រង់រហ័សFSR ប្រកាសដោយមោទនភាពភាពថា ដណ្ដើមត្រួតត្រាទីក្រុងEL- FACHERទីប្រជុំជននៃខេត្តដាហ្វួរខាងជើង។ រយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុងEL- FACHER ក្លាយជារណសិរ្សនៃការប្រយុទ្ធគ្នាដ៏សាហាវក្នុងជម្លោះដែលកើតមានចាប់តាំងពីខែមេសាឆ្នាំ២០២៣មក រវាងកងទ័ពដឹកនាំដោយឧត្ដមសេនីយអាប់ដែលហ្វាតាហ៍អាល់ប៊ួហាន និងកងយោធាប្រតិព័ទ្ធFSRដឹកនាំដោយឧត្ដមសេនីយម៉ូហាម៉េដដាក្លូជាអតីតសម្ព័ន្ធមិត្តនឹងគ្នា។
រដ្ឋអំណាចស៊ូដង់បានចោទប្រកាន់កងកម្លាំងFSRថា វាយប្រហារលើបណ្ដាព្រះវិហារនិងអឌ្ឍចន្ទក្រហម នៅក្រុងEL- FACHER ពេលដណ្ដើមកាន់កាប់ទីក្រុងនោះ កន្លែងដែលការសម្លាប់រង្គាលកំពុងបន្ត។ ក្នុងសេចក្ដីប្រកាសមួយកាលពីថ្ងៃទី២៨តុលា ពួកសកមជនស្និទ្ធលទ្ធិប្រជាធិបតេយ្យស៊ូដង់ បានចោទប្រកាន់កងកម្លាំងFSRថា សម្លាប់បណ្ដាអ្នករបួសដែលកំពុងទទួលការព្យាបាល ក្នុងមន្ទីរពេទ្យដែលមានសាលាមតេ្តយ្យនោះ។
ចំណែកលោកម៉ូណានួរអាល់ដាអេមជាអ្នកទទួលបន្ទុកជំនួយមនុស្សធម៌របស់រដ្ឋាភិបាលស្និទ្ធកងទ័ពអះអាងថា ជនស៊ីវិលដល់ជាង២០០០នាក់ ត្រូវសម្លាប់ក្នុងពេលមានការលុកលុយរបស់FSRនៅក្រុងEL- FACHER។ សង្គ្រាមស៊ីវិលនៅស៊ូដង់ដើម្បីដណ្ដើម អំណាចគ្នា បណ្ដាលឲ្យមនុស្សស្លាប់ច្រើនសិបពាន់នាក់និងការរត់ភៀសខ្លួនរបស់មនុស្សច្រើនលាននាក់ ដែលអ.ស.បចាត់ទុកថា ជាវិបត្តិមនុស្សធម៌អាក្រក់ជាងគេបំផុតនៃពិភពលោក៕
ចែករំលែកព័តមាននេះ