ខេត្តស្វាយរៀង ៖ ក្រោយមានភ្លៀងធ្លាក់ជាប់គ្នាអស់រយៈពេល១សប្តាហ៍មក បង្កឱ្យស្ថានភាពគ្រោះទឹកជំនន់ជន់លិចផ្លូវខេត្តមួយខ្សែ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងជម្រាបជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ មេត្តាជ្រាបថា ដោយស្ថានភាពគ្រោះជំនន់ទឹកភ្លៀង បាននិងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឲ្យទឹកលិចកំណាត់ផ្លូវខេត្តលេខ៣១៤សេ ប្រវែង១៥០ម៉ែត្រ ត្រង់ចន្លោះគីឡូម៉ែត្រ០៣+៤៥០ ដល់គីឡូម៉ែត្រ០៣+៦០០ ស្ថិតក្នុងភូមិក្រួស ឃុំបាសាក់ ស្រុកស្វាយជ្រំ ក្នុងខេត្តស្វាយរៀង ។

ស្ថានភាពបែបនេះ ធ្វើឱ្យផ្លូវមិនអាចទ្រាំទ្រនិងទម្ងន់រថយន្តដឹកទំនិញធុនធំបានទេ ទើបមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តស្វាយរៀង សូមធ្វើការផ្អាកជាបណ្ដោះអាសន្ន ការធ្វើចរាចរណ៍រថយន្តដឹកទំនិញគ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ៣១៤សេ ចន្លោះគ.ម០៣+៤៥០ ដល់គ.ម០៣.+៦០០ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មី ដើម្បីថែរក្សាផ្លូវកុំឲ្យរងការខូចខាត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព ។

សេចក្តីជូនដំណឹងស្តីពីការផ្អាកជាបណ្ដោះអាសន្នការធ្វើចរាចរណ៍រថយន្តដឹកទំនិញគ្រប់ប្រភេទលើកំណាត់ផ្លូវខេត្តលេខ៣១៤សេ ចាប់ពី គីឡូម៉ែត្រ ០៣+៤៥០ ដល់ ០៣+៦០០ ស្ថិតក្នុងភូមិគ្រួស ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង គឺចាប់ពីថ្ងៃទី២៩តុលា២០២៥ នេះតទៅ ៕

ចែករំលែកព័តមាននេះ