ទោះបីជាសន្ទុះនៃលំហូរទុនវិនិយោគនៅឆ្នាំនេះស្ទុះខ្លាំងក៏ដោយ ក៏កម្ពុជានៅតែមានបំណងជំរុញកម្លាំងសន្ទុះនេះបន្ថែម ដោយកំពុងតែរៀបចំពង្រាងទស្សនាទាន ស្ដីពីយុទ្ធសាស្ត្រជំរុញវិនិយោគមួយឡើង ។
រូបតំណាងដោយ AI ប្រភពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែតុលានេះ អ្នកជំនាញកម្ពុជា និងដៃគូអភិវឌ្ឈន៍បានជួបប្រជុំគ្នាពិភាក្សាលើសេចក្ដីព្រាងក្របខ័ណ្ឌទស្សនាទាន ស្ដីពីយុទ្ធសាស្ត្រជំរុញវិនិយោគនេះហើយ ។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអះអាងថា សេចក្តីព្រាងក្របខ័ណ្ឌទស្សនាទាននេះនឹងក្លាយឯកសារមគ្គុទ្ទេសក៍សម្រាប់បង្កើនការទាក់ទាញវិនិយោគដោយផ្ដោតសំខាន់លើវិស័យអេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម ដែលជាវិស័យអាទិភាព ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ពិពិធកម្មមូលដ្ឋានឧស្សាហកម្មនៅកម្ពុជា ហើយក៏ជាមគ្គុទ្ទេសក៍សម្រាប់ការរៀបចំឯកសារយុទ្ធសាស្ត្រផ្ទៃក្នុង ។
រូបតំណាងដោយ AI លោកបានបន្តថា ឯកសារនេះ គឺជាសម្រាប់បន្តពង្រឹងប្រសិទ្ធភាពស្ថាប័ន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការជំរុញទាក់ទាញវិនិយោគឯកជនផងដែរ ។
ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន៥៤៦គម្រោង មានទឹកប្រាក់ប្រមាណ៧,៨ ពាន់លានដុល្លារ កើនឡើងចំនួន២៣១គម្រោង ស្មើនឹងប្រមាណ៧៣ភាគរយ ៕
ចែករំលែកព័តមាននេះ