ខេត្តក្រចេះ ៖ រថយន្តធុនធំប្រភេទក្បាលសណ្តោងដឹកដំឡូងមីស្រស់មួយគ្រឿង បានបើកបរឆ្លងកាត់ស្ពានដែកបេឡេត៍ បណ្ដាលឲ្យស្ពានទាំងមូលបាក់ធ្លាក់ទាំងស្រុងប្រវែង៤៣ ម៉ែត្រ ដែលធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាត់ផ្ដាច់ទាំងស្រុង ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅចំណុចស្ពានឆ្លូង ក្នុងភូមិសែន អភិវឌ្ឍន៍ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

អ្នកបើកបរបង្កបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុកនូវរថយន្ត V1 ម៉ាក HYUNDAI ក្បាលសណ្តោងពណ៌.ស និងរ៉ឺម៉កពណ៌ក្រហម (មិនមានស្លាកលេខ)។ ស្ពាននេះ ស្ថិតនៅជិតផ្សារ១១៥ ក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយឆ្លងកាត់ព្រែកឆ្លូង (ឬព្រែកឆ្លង) ដែលជាខ្សែផ្លូវដ៏សំខាន់សម្រាប់សម្រួលចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងតំបន់ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ទៅមក ។

យោងតាមប្រភពព័ត៌មាន និងការសន្និដ្ឋានបឋម ហេតុការណ៍បាក់ស្ពាននេះ គឺបណ្ដាលមកពីការបើកបរឆ្លងកាត់របស់រថយន្តខ្នាតយក្សដឹកដំឡូងដែលផ្ទុកលើសទម្ងន់ ។

បច្ចុប្បន្ន ក្រុមការងារមន្ទីរសាធារណការខេត្តបានសហការជាមួយ រដ្ឋបាលស្រុកស្នួល កម្លាំងអធិការស្រុកស្នួល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងចុះសម្រួលស្ថានការណ៍នៅទីតាំងកើតហេតុ និងចាត់ចែងតាមនីតិវិធីច្បាប់ ដើម្បីរៀបចំដោះស្រាយបញ្ហាការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ ៕

ចែករំលែកព័តមាននេះ