ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញាវិជ្ជមាន ! ធនាគារពិភពលោកប្រកាសត្រៀមខ្លួនជានិច្ចបន្តសហការជាមួយកម្ពុជាជំរុញសម្រេចទិសដៅអនាគត

2 ម៉ោង មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ​លោក​បណ្ឌិត Carlos Felipe Jaramillo អនុប្រធាន​ធនាគារពិភពលោក ទទួល​បន្ទុក​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក ក្នុង​ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ កំពូល​អាស៊ាន លើក​ទី​៤៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី ពី​ថ្ងៃ​ទី​២៦-២៨ ខែតុលា ឆ្នាំ​២០២៥ ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន​ម៉ា​ណែ​ត​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា​នេះ ។

ក្នុង​ឱកាស​នៃ​ជំនួប លោក​បណ្ឌិត​អនុប្រធាន​ធនាគារពិភពលោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារពិភពលោក និង​បាន​សម្តែង​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​បន្ត​រីក​ចម្រើន​បន្ថែម​ទៀត ។ លោក​បណ្ឌិត ក៏​បាន​សម្តែង​នូវ​បំណង​ចង់​ស្វែង​យល់​បន្ថែម​អំពី​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលដៅ​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ។

លោក​បណ្ឌិត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​មាគ៌ា​ច្បាស់លាស់​ប្រកបដោយ​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០ ខណ​:​ដែល​ពិភពលោក​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ច្បាស់លាស់ និង​បញ្ហា​ប្រឈម ។ លោក​បណ្ឌិត បាន​គូសបញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា ធនាគារពិភពលោក​ត្រៀមខ្លួន​ជា​និច្ច ដើម្បី​បន្ត​សហការ និង​ចូលរួម​ជាមួយ​កម្ពុជា​សំដៅ​ជំរុញ​ការ​សម្រេច​ទិស​ដៅ​របស់​កម្ពុ​ជានា​ពេល​អនាគត ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ថា កម្ពុជា​បាន​ដាក់​ចេញ និង​កំពុង​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ ដែល​ផ្ដោត​សំខាន់ ជា​អាទិ៍​លើ​៖ ១. វិស័យ​អប់រំ សម្រាប់​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព និង​គុណវុឌ្ឍិ​គ្រប់គ្រាន់ សំដៅ​ជំរុញ​ផលិតភាព​ការងារ​។ ២. វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​បម្រើ​សកម្មភាព​សេដ្ឋកិច្ច ជា​ពិសេស​ការ​លើក​ស្ទួយ​វិស័យ​ដឹក​ជញ្ជូន និង​ភស្តុ​ភារ​។ ៣. ការ​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​ថាមពល​កកើត​ឡើង​វិញ ដែល​បច្ចុប្បន្ន កម្ពុជា​ប្រើប្រាស់​ប្រភព​ថាមពល​កកើត​ឡើង​វិញ​ចំនួន ៦២% និង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើន​ឱ្យ​បាន ៧០% នៅ​ឆ្នាំ​២០៣០​។ ៤. បច្ចេកវិទ្យា និង​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​អាច​គ្រប់គ្រង​បាន​នូវ​ហានិភ័យ ក៏​ដូច​ជា​ការ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ជាមួយនឹង​ប្រសិទ្ធភាព​ខ្ពស់ ផលិតភាព​ខ្ពស់ និង​គុណភាព​ខ្ពស់ ៥. ការ​ធានា​បាន​នូវ​កំណើន និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

ព្រម​ជាមួយ​គ្នា​នេះ សម្ដេច​បវរ​ធិ​បតី​ក៏​បាន​សម្ដែង​ក្ដី​រីក​រាយរង​ចាំ​ទទួល​ស្វាគមន៍​លោក​បណ្ឌិត​អនុប្រធាន​ធនាគារ​ពិភព នៅ​កម្ពុជា នា​ពេល​ខាង​មុខ​ដ៏​ខ្លី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ