រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអះអាងថា កិច្ចព្រមព្រៀងទីក្រុងបារីស មិនអាចយកមកដោះស្រាយជម្លោះខ្មែរ-ថៃ បានទេព្រោះកម្ពុជា-ថៃ ដែលជាម្ចាស់ហត្ថលេខីកំពុងមានទំនាស់ជាមួយគ្នា នឹងលើកយកហេតុផលពីការគោរពអធិបតេយ្យភាពគ្នាយកត្រូវតែរៀងៗខ្លួន ។ នេះបើយោងតាមផេក អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានប្រកាសនារសៀលថ្ងៃទី២៤ ខែតុលានេះ ។

ឆ្លើយតបទៅនឹងអ្នកចង់ឱ្យយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ទៅដោះស្រាយជាមួយថៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា«ឥឡូវមានអ្នកអំពាវនាវឱ្យប្ដឹងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងបារីស កោះប្រជុំជាបន្ទាន់ ទាក់ទិនជាមួយនឹងការឈ្លានពានរបស់ប្រទេសជិតខាង ត្រូវហើយ ប៉ុន្តែសួរថា សហប្រធានគាត់ព្រមទេ?

សាកល្បងសួរទៅឥណ្ឌូនេស៊ី និងទៅបារាំងមើល៍៎ តើគេព្រមកោះទេ? ហើយហត្ថលេខី ទាំងឡាយគេព្រមចូលរួមទេ? ហើយដោះរបៀបម៉េច?បើខាងថៃគេថា យើងរំលោ.ភដីគេ យើងថា គេរំលោ.ភដីយើង អ៊ីចឹងគេៗ គោរពអធិបតេយ្យរបស់ខ្មែរតើ ប៉ុន្តែខ្មែរទៅឈ្លានពានគេ អើ យើងៗថា គោរពអធិបតេយ្យរបស់ថៃតើ ប៉ុន្តែថៃឈ្លានពានយើង ចោទគ្នាតែរបៀបហ្នឹង ដោះស្រាយបានទេ? វាដោះស្រាយមិនបានទេ?

ឥឡូវដំណើរការឈានទៅរកការស្រុះស្រួលគ្នា ដែលប្រជុំប៉ុន្មានថ្ងៃនេះ វាមានការស្រុះស្រួលច្រើនហើយ ហើយអាចនឹងថ្ងៃទី២៦នេះនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព» ។
ប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាខាងលើ ធ្វើឡើងក្នុងកិច្ចប្រជុំព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំលើកទី៤ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ៕
ចែករំលែកព័តមាននេះ