អាល្លឺម៉ង់-រុស្ស៊ី ៖ បណ្ដាអ្នកទទួលខុសត្រូវនយោបាយរបស់គណបក្សបក្សស្ដាំនិយមជ្រុលអាល្លម៉ង់ AFD ក្នុងរដ្ឋតំបន់THURINGE ត្រូវបានចោទប្រកាន់ថា បានលើកសំនួរនានាក្នុងសភាស្ដីពីបណ្ដារឿងរសើបទាំងឡាយក្នុងគោលបំណងធ្វើចារកម្មឲ្យរុស្ស៊ី។
ការចោទប្រកាន់ទាំងនេះ ធ្វើឡើងពេលអនុប្រធានក្រុមសភានៃគណបក្សស្ដាំនិយមជ្រុល នេះ លោកMARKUS FROHNMAUER គ្រោងទៅបំពេញទស្សនកិច្ចមួយនៅរុស្ស៊ី ដែលនាំឲ្យមានការចោទសួរ ក្នុងចំណោមសមាជិកសភានៃគណបក្សដទៃៗទៀតក្នុងសភាអាល្លឺម៉ង់ ។ រដ្ឋមន្ត្រីមហាផ្ទៃនៃរដ្ឋតំបន់នោះលោកGEORG MAIER ថ្លែងទៅកាន់កាសែតHANDELSBLATTថា បណ្ដាសមាជិកសភាតំបន់នៃគណបក្សស្ដាំនិយមជ្រុលអាល្លឺម៉ង់ AFDធ្វើចារកម្មឲ្យរុស្ស៊ី ព្រោះរយៈពេល១២ខែចុងក្រោយនេះបានលើក់សំនួរដល់ទៅ៤៧ស្ដីពីរឿងរសើបទាំងឡាយ ដូចជាពីបណ្ដាហេដ្ឋារចនាសម្ព័ន្ធរសើបនានាជាដើម ។
លោកបន្តថា បែបនេះនាំឲ្យគេគិតថា AFD បានធ្វើតាមការណែនាំរបស់រុស្ស៊ី ។ AFD ផ្ដោតជាពិសេសពីព័ត៌មាន និងសមត្ថភាពរបស់ប៉ូលិស ហើយពិសេសបំផុតព័ត៌មានពីវិស័យតាមដាន និងការពារប្រឆាំងដ្រូន។ ការចោទប្រកាន់បែបនេះរបស់រដ្ឋមន្ត្រីមហាផ្ទៃតំបន់នាំឲ្យផ្ទុះសង្គ្រាមប៉ាកានៅអាល្លឺម៉ង់។ រដ្ឋមន្ត្រីរូបនោះរហូតដល់និយាយជាពិសេសថា គណបក្សនេះ និងអ្នកទទួលខុសត្រូវមួយចំនួនរបស់ខ្លួនត្រូវគេដឹងថា មានទំនាក់ទំនងជិតដិតជាមួយរុស្ស៊ី ៕
ចែករំលែកព័តមាននេះ