ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ក្បែរ​ខ្លួន​! របួស​គ្រាំ​ទ្រូង​-​សួត​៖ សញ្ញា​សំខាន់​ៗ​ដែល​អ្នក​ត្រូវ​ប្រញាប់​ទៅ​ពេទ្យ

1 ថ្ងៃ មុន

របួស​គ្រាំ​ទ្រូង​-​សួត (Chest Trauma) គឺជា​ប្រភេទ​របួស​ដែល​កើតឡើង​ញឹកញាប់​បំផុត ជា​ពិសេស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ការ​ប៉ះទង្គិច​នានា​។ របួស​នេះ​មិនមែន​ត្រឹមតែ​ឈឺ​សាច់ដុំ​ទ្រូង​នោះ​ទេ ប៉ុន្តែ​វា​ជា ជំងឺ​ដែល​អាច​គំរាមកំហែង​ដល់​អាយុជីវិត​អ្នកជំងឺ ភ្លាម​ៗ…

របួស​គ្រាំ​ទ្រូង​-​សួត (Chest Trauma) គឺជា​ប្រភេទ​របួស​ដែល​កើតឡើង​ញឹកញាប់​បំផុត ជា​ពិសេស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ការ​ប៉ះទង្គិច​នានា​។ របួស​នេះ​មិនមែន​ត្រឹមតែ​ឈឺ​សាច់ដុំ​ទ្រូង​នោះ​ទេ ប៉ុន្តែ​វា​ជា ជំងឺ​ដែល​អាច​គំរាមកំហែង​ដល់​អាយុជីវិត​អ្នកជំងឺ ភ្លាម​ៗ ហើយ​ទាមទារ​ការ​ព្យាបាល​សង្គ្រោះ​បន្ទាន់​!

សូម​ឈ្វេងយល់​ពី​រោគ​សញ្ញា ក្រុម​ប្រឈម​មុខ និង​ផលវិបាក​ធ្ងន់ធ្ងរ​នៃ​របួស​ដ៏​គ្រោះថ្នាក់​នេះ​៖

១. តើ​អ្វី​ទៅ​ជា​របួស​គ្រាំ​ទ្រូង​-​សួត?
របួស​គ្រាំ​ទ្រូង​-​សួត គឺជា​ការ​ប៉ះទង្គិច​លើ​តំបន់​ទ្រូង​ទាំង​កម្រិត​ស្រាល និង​ធ្ងន់ ដែល​រាប់​តាំងពី​របួស​លើ​ស្បែក និង​សាច់ដុំ​ទ្រូង រហូត​ដល់​ការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់ សរីរាង្គ​ក្នុង​ទ្រូង ដូច​ជា​៖

សួត (​អាច​បណ្តាល​ឲ្យ​រហែក ឬ​មាន​ខ្យល់​/​ឈាម​ក្នុង​សួត​)
បេះដូង
សរសៃឈាម​ធំ​ៗ (Aorta, Vena Cava)
ការ​ពិត​ដែល​ត្រូវ​ដឹង​: របួស​ប្រភេទ​នេះ​តម្រូវ​ឲ្យ​មាន ការ​សម្រាក​ព្យាបាល​សង្គ្រោះ​បន្ទាន់ និង​តាមដាន​យ៉ាង​ដិត​ដល់​នៅ​ក្នុង​មន្ទីរពេទ្យ ដើម្បី​កាត់​បន្ថយ​អត្រា​មរណភាព​។

២. ក្រុម​មនុស្ស​ដែល​ប្រឈម​មុខ​ខ្លាំង
របួស​គ្រាំ​ទ្រូង​-​សួត ហាក់ដូចជា​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ទៅ​នឹង​សកម្មភាព​ខាងក្រៅ​៖

ភេទ​: បុរស​មាន​អត្រា​ប្រឈម​រហូត​ដល់ ៧៨% ខណៈ​ដែល​ស្ត្រី​មាន​ត្រឹមតែ ២២% ប៉ុណ្ណោះ​។
អាយុ​: ភាគច្រើន​កើត​លើ​មនុស្ស ក្រោម​អាយុ ៥០ ឆ្នាំ​។
ការ​គំរាមកំហែង​រួម​ផ្សំ​: ក្នុង​ចំណោម​អ្នក​របួស​គ្រាំ​ទ្រូង មាន ៦៨% ដែល​មាន​របួស​ធ្ងន់ធ្ងរ​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ខ្លួន ដែល​បន្ថែម​ទម្ងន់​ដល់​ការ​គំរាមកំហែង​ដល់​អាយុជីវិត​៖

របួស​ប៉ះទង្គិច​ក្បាល​: ៤០% នៃ​ករណី
របួស​ប៉ះទង្គិច​បាក់បែក​ឆ្អឹង​/​ដាច់​សាច់​: ៣១%
របួស​គ្រាំគ្រា​សរីរាង្គ​ក្នុង​ពោះ​: ២១%
៣. សញ្ញា​អាសន្ន​៖ រោគ​សញ្ញា​ដែល​ត្រូវ​ប្រញាប់​ទៅ​ពេទ្យ
បើ​អ្នក ឬ​មនុស្ស​នៅ​ជុំវិញ​អ្នកមាន​ប្រវត្តិ​ប៉ះទង្គិច​ទ្រូង ហើយ​មាន​រោគ​សញ្ញា​ទាំងនេះ សូមកុំ​បង្អង់​យូរ​៖

ការ​ឈឺចាប់​: ឈឺចាប់​ខ្លាំង​ក្នុង​ទ្រូង​ត្រង់​កន្លែង​ប៉ះទង្គិច​។
ផ្លូវដង្ហើម​: ដកដង្ហើម​ញាប់ និង​តិច​ៗ (​ដោយសារ​ការ​ឈឺចាប់​) ឬ ថប់ដង្ហើម​/​ហត់ ខ្លាំង​។
ប្រតិកម្ម​រាង​កាយ​: ទឹកមុខ​ស្លេកស្លាំង និង បែកញើស​ជោក​ខ្លួន​។
រោគ​សញ្ញា​រួម​ផ្សំ​: ហើម​មុខ និង​ទ្រូង (​មាន​ខ្យល់​នៅ​ក្រោម​ស្បែក​) និង​អ្នកជំងឺ ឡេះឡះ (​វង្វេងវង្វាន់​)​។
៤. ផលវិបាក​ដែល​អាច​នាំ​ឲ្យ​បាត់បង់​ជីវិត
ផលវិបាក​នៃ​របួស​នេះ​អាច​កើតឡើង​យ៉ាង​លឿន និង​ធ្ងន់ធ្ងរ​៖

សម្ពាធ​ឈាម​ចុះ​ទាប (Hypotension): បណ្តាល​មក​ពី​ការ​ហូរ​ឈាម​ក្នុង​ទ្រូង​។
កម្រិត​អុក​ស៊ី​សែន​ចុះ​ទាប (Hypoxemia): ដោយសារ​សួត​មិន​អាច​ដំណើរការ​បាន​ពេញលេញ​។
ការ​សន្លប់​ធ្ងន់ធ្ងរ​: អ្នកជំងឺ សន្លប់​ស្តូកស្តឹង ឬ ដង្ហក់​ខ្លាំង​។

ដំបូន្មាន​សំខាន់​: រាល់​របួស​ប៉ះទង្គិច​ទ្រូង ត្រូវ​តែ​យកចិត្តទុកដាក់​ជា​អតិបរមា​។ ការ​ដឹក​ជញ្ជូន និង​ការ​ព្យាបាល​ទាន់​ពេល គឺជា​គន្លឹះ​ដើម្បី​សង្គ្រោះ​អាយុជីវិត​!

(​ប្រភព​៖ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ