ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំភ្លេច ! ស្ទឹងសៀមរាបត្រៀមរៀបចំផ្សារទឹក ដ៏អ៊ូអររួមទាំងប្រណាំងទូកមិត្តភាព និងការប្រគំតន្ត្រីស្គរដៃដ៏ប្លែកភ្នែក(៤-៦ វិច្ឆិកា)

3 អាទិត្យ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៥ នេះ លោក ប្រាក់ សោភ័ណ ដែល​ជា​អភិបាលខេត្ត​សៀមរាប…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៥ នេះ លោក ប្រាក់ សោភ័ណ ដែល​ជា​អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​តាម​ដងស្ទឹង​សៀមរាប ដើម្បី​រៀបចំ​កម្មវិធី​ពិសេស​គឺ «​ផ្សារ​ទឹក និង​ជិះទូក​កម្សាន្ត​» ។

ជាក់ស្តែង រដ្ឋបាល​ខេត្តសៀមរាប បាន​ប្រកាស​នៅ​លើ​ផេ​ក​ផ្លូវការ នា​ថ្ងៃ​ទី​១៥ ខែតុលា​នេះ​ថា ៖ នា​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៥ លោក ប្រាក់ សោភ័ណ​អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន ស​.​ស​.​យ​.​ក​.​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​គ្រោង​រៀបចំ​កម្មវិធី​ផ្សារ​ទឹក និង​ជិះទូក​កំសាន្ត នៅ​តាម​ដងស្ទឹង​សៀមរាប នា​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​អង្គារ​-​ទី​៤-៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប ។

សូម​បញ្ជាក់​បន្ថែម​ថា ក្នុង​ឆ្នាំ​២០២៥​នេះ រដ្ឋបាល​ខេត្ត​ពុំ​បាន​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ទេ ដោយ​រដ្ឋបាល​ខេត្ត បានឱ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប​រៀបចំ​កម្មវិធី​កំសាន្ត​មួយ​ចំនួន​ដូច​ជា ៖ កម្មវិធី​ជិះទូក​កំសាន្ត កម្មវិធី​ប្រណាំងទូក​មិត្តភាព​សៀមរាប​ផ្ទះ​ខ្ញុំ​, កម្មវិធី​ប្រគុំ​តន្ត្រី​ស្គរ​ដៃ​, កម្មវិធី​ស្តង់​ពិព័រណ៍​, កម្មវិធី​ប្រដាល់​គុន​ខ្មែរ​, ល្ខោនបាសាក់ និង​កម្មវិធី​កំសាន្ត​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។

ការ​រៀបចំ​កម្មវិធី​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន ក៏​ដូច​ជា ចូលរួម​ក្នុង​ការ​ស្តារ និង​លើក​ស្ទួយ​សេដ្ឋកិច្ច​ខេត្តសៀមរាប តាម​រយៈ​ការ​គាំទ្រ​អំពី​ផលិតផល​ខ្មែរ ដែល​ធ្វើ​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ អនុវត្ត​តាម​ពាក្យស្លោក «​ភូមិ​មួយ​ផលិតផល​មួយ​» រួម​ទាំង​បង្កើត​ឱ្យ​មាននូវ​ផ្ទាំងទស្សនីយភាព​ប្លែក​ៗ​ទៅ​កាន់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​កំសាន្ត​ក្នុង​ខេត្តសៀមរាប​យ៉ាងច្រើន​កុះករ​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ