យោងតាមពួកអ្នកសិក្សាពីភ្នំភ្លើង និងបណ្តាអ្នកទទួលខុសត្រូវនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយថា ភ្នំភ្លើងមួយក្នុងខេត្តស៊ូឡាវេស៊ី នាភាគកណ្តាលឥណ្ឌូណេស៊ីបានផ្ទុះជាថ្មីទៀត កាលពីថ្ងៃទី១៧ កក្កដា ។ នេះជាការផ្ទុះយ៉ាងខ្លាំងបំផុតមួយចាប់តាំងពីចេញការប្រកាសអាសន្នពេញបន្ទុកចំពោះគ្រោះថ្នាក់នៃការផ្ទុះភ្នំភ្លើងនេះមក ហើយមនុស្សជាង៥.០០០នាក់ ត្រូវបានជម្លៀសចេញ ។
លោកគ្រីស្ទី អានតូ ប្រមុខនៃផ្នែកតាមដាន និងស្រាវជ្រាវនៅឯទីភ្នាក់ងារជាតិសិក្សាពីភ្នំភ្លើងថ្លែងតាមទូរស័ព្ទប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ភ្នំភ្លើង LOKON បានផ្ទុះខ្លាំងជាថ្មីនាវេលាម៉ោង១១និង៣៥នាទីម៉ោងក្នុងស្រុក ដោយបញ្ចេញផេះក្នុងកម្ពស់រវាងពី៣.០០០ម៉ែត្រ ទៅ៣.៥០០ម៉ែត្រ ហើយពពកផេះបានរសាត់ទៅទិសខាងជើង ។ ភ្នំភ្លើងនេះបានបញ្ចេញកំអែក្តៅ ខ្សាច់ និងដុំថ្មធ្លាក់ក្នុងរង្វង់៥០០ម៉ែត្រ។
លោក FURGON SAPID SETIANTO អ្នកទទួលខុសត្រូវផ្នែកគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ប្រាប់ស៊ីនហួតាមទូរស័ព្ទថា សម្រាប់ពេលនេះ ចំនួនមនុស្សដែលត្រូវជម្លៀសចេញបានឡើងពី៤.៥៥៤នាក់ ដល់៥.២០៥នាក់ហើយ។ ភ្នំភ្លើង LOKON កម្ពស់១.៧៥០ម៉ែត្រ ជាភ្នំភ្លើងដ៏សកម្មមួយក្នុងចំណោមភ្នំភ្លើងសកម្មចំនួន១២៤របស់ឥណ្ឌូណេស៊ី ។ ការផ្ទុះលើកមុនរបស់ភ្នំភ្លើងនេះកើតមានកាលពីឆ្នា១៩៩១ ដោយសម្លាប់អ្នកប្រដៅសាសនាជនជាតិស្វីសម្នាក់ ហើយញ៉ាំងឱ្យមានការជម្លៀសមនុស្សចេញជាច្រើនពាន់នាក់៕
ចែករំលែកព័តមាននេះ