ពោធិ៍សាត់៖ មណ្ឌលសុខភាពប្រម៉ោយ នៅខេត្តពោធិ៍សាត់ ទទួលបានគ្លីនិកចល័តជាប្រយោជន៍ផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជា-ថៃ។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នំា២០២៥ លោក ហេង សុភាណា អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលគ្លីនិកចល័ត រួមមានកុងតឺន័រគ្លីនិក កុងតឺន័រការិយាល័យ កុងតឺន័របន្ទប់ទឹក និងសម្ភារបរិក្ខាពេទ្យមួយចំនួន ជូនមណ្ឌលសុខភាពប្រម៉ោយ ដែលជាអំណោយរបស់ក្រសួងរ៉ែ និងថាមពល ក្រោមអធិបតីភាពឯកឧត្ដម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តំណាង ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល។
ក្នុងឱកាសនោះ ឯកឧត្ដម សុខ ខាវ៉ាន់ បានជម្រាបជូនថា ការរៀបចំនេះ គឺក្នុងគោលដៅជួយ សម្រួលសេចក្តីត្រូវការក្នុងការផ្តល់សេវាសុខាភិបាលនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីជាអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកវាលវែង ដែលមានភូមិសាស្រ្តកៀកនឹងព្រំដែនកម្ពុជា-ថៃ ជាតំបន់ដាច់ស្រយាល ហើយក៏ជាកន្លែងមួយដែលអាចរៀបចំទទួលជនភៀសឹកផងដែរ។
ឯកឧត្ដម បានលើកឡើងថានេះជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាក្នុងការផ្សារភ្ជាប់ចំណងសាមគ្គីភាពរវាងក្រសួងរ៉ែនិងថាមពល និងថ្នាក់មូលដ្ឋានលើការចូលរួមពង្រឹងសេវាសុខាភិបាលសាធារណៈ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងអាណត្តិទី៧នេះ៕
ចែករំលែកព័តមាននេះ