ខេត្តតាកែវ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់អាជ្ញាធរខេត្តតាកែវ បន្តបង្ក្រាបបញ្ហាក្មេងទំនើងឱ្យបានតឹងរ៉ឹង និងទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តតាកែវ បានឱ្យដឹងថាឯកឧត្តម ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរខេត្តតាកែវ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពឱ្យបានល្អប្រសើរ ពិសេសបញ្ហាក្មេងទំនើង ត្រូវដាក់ចេញវិធានការឱ្យបានតឹងរ៉ឹង និងបង្ក្រាបឱ្យបានទាន់ពេលវេលា។
ថ្លែងក្នុងឱកាសអញ្ជើញក្នុងកិច្ចប្រជុំមួយ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ក់ ជីតូ បានលើកឡើងថាបញ្ហាក្មេងទំនើងនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបានដាក់វិធានការដ៏តឹងរ៉ឹងចំពោះជនបង្កដែលជាក្រុមក្មេងទំនើង ដូច្នេះលោកស្នងការ អធិការនគរបាល រួមនឹងប៉ុសិ៍្តរដ្ឋទាំងអស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំ ចុះតាមដានជាប្រចាំ និងកំណត់មុខសញ្ញាក្រុមក្មេងទំនើង បងតូបងធំ ដែលតែងតែបង្កភាពអនាធិបតេយ្យតាមដងផ្លូវ និងទីប្រជុំជននានា ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សង្គម និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ត្រូវតែបង្ក្រាបឱ្យបានទាន់ពេលវេលា គ្មានការយោគយល់អ្វីទាំងអស់។
ឯកឧត្តមបានសង្កាត់ធ្ងន់ថាចំពោះក្រុមក្មេងទំនើងដែលមានវត្ថុតាង ត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងចាត់បញ្ជូនទៅកាន់តុលាការ ឱ្យបានលឿនបំផុត ដើម្បីរួមចំណែកកាត់បន្ថយអត្រាក្មេងទំនើងក្នុងខេត្ត នឹងលើកកម្ពស់គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ដិភាពបានកាន់ល្អប្រសើរថែមទៀត។
បើតាម ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថាក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តតាកែវ បានអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាពទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។ លទ្ធផលទាំងអស់នេះជោគជ័យទៅបានដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់អាជ្ញាធរមូលដ្ឋាន រួមនឹងភាគ្គីពាក់ព័ន្ធទាំងអស់ផងដែរ៕
ចែករំលែកព័តមាននេះ